អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ក្លាយជា​សមាជិក​ថ្មី​របស់​ប្រព័ន្ធ​ទូទាត់​បាគង​
18, Oct 2019 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​ក្លាយជា​សមាជិក​ថ្មី នៃ​ប្រព័ន្ធ​បាគង ដែលជា​កម្មវិធី​ទូទាត់​នៅលើ​ទូរស័ព្ទដៃ ដែល​អនុញ្ញាតឱ្យ​អតិថិជន អាចធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ និង​ទូទាត់​វិក្កយបត្រ​បាន យ៉ាង​ងាយស្រួល​នៅ​កម្ពុជា​។​

​ផ្ដួចផ្ដើមឡើង និង​ចាត់ចែង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា គម្រោង​ប្រព័ន្ធ​បាគង​នេះ មាន​គោលបំណង​ជំរុញ​ប្រព័ន្ធ​ទូទាត់ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖«​ប្រា​សាក់​ពិតជា​មាន​កិត្តិយស និង​សប្បាយរីករាយ ដែល​បាន​ក្លាយជា​ចំណែក​ដ៏​សំខាន់​មួយ នៃ​គម្រោង​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ នេះ​ជា​កម្មវិធី​ទូទាត់​នៅលើ​ទូរស័ព្ទដៃ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ដែល​នឹង​ពាំនាំ​រាល់​គ្រឹះស្ថាន ដែល​ផ្ដល់​សេវា​ទូទាត់ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​ស្ថិតនៅ​ប្រព័ន្ធ​តែមួយ ក្នុង​គោលបំណង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់ ព្រមទាំង​សម្រួល​ដល់​ការចាត់ចែង​សាច់ប្រាក់​ប្រចាំថ្ងៃ​ផងដែរ​»​។​

​លោក សាយ សូ​នី បន្តថា​៖«​បាគង ជា​សេវា​ទូទាត់​ដែល​អនុញ្ញាតឱ្យ​អតិថិជន អាចធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ និង​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល លឿន​រហ័ស ប្រកបដោយ​សុវត្ថិភាព និង​មិន​អស់​កម្រៃ​សេវា​។ ហេតុនេះ អតិថិជន​អាច​រីករាយ​ប្រើប្រាស់​សេវា​នេះ ក្នុងការ​ផ្ទេរប្រាក់ ទូទាត់ ដាក់​ប្រាក់ និង​ទទួល​ប្រាក់​ដោយ​ងាយស្រួល​»​។ លោក ក៏បាន​លើកឡើង​ដែរ​ថា បាគង គឺជា​កម្មវិធី​ទូរស័ព្ទ​តែមួយគត់ ដែល​រួមបញ្ចូល​គ្នា​នូវ​សេវា​កាបូប​លុយ​អេឡិចត្រូនិក ការទូទាត់​តាម​ទូរស័ព្ទ​ចល័ត ការធ្វើ​សេវា​ធនាគារ​តាម​អន​ឡាញ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងទៀត ដែលមាន​មុខងារ​ងាយ​ស្រួល​ប្រើ​ជាងគេ ដំបូង​គេ និង​មាន​ធនាគារ​ជា​ដៃគូ​ច្រើនជាងគេបង្អស់​នៅ​កម្ពុជា​។​

​សម្រាប់ លោក សាយ សូ​នី កម្មវិធី​ទូទាត់​ដ៏​អស្ចារ្យ​នេះ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ជាយា​ន​ក្នុងការ​អូសទាញ​កំណើន​យ៉ាងរឹងមាំ នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​។​

​លោក​ក៏បាន​បញ្ជាក់ទៀតថា គម្រោង​បាគង​នេះ គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​នានា​ដែល​ប្រា​សាក់​បាន​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ធ្វើឱ្យ​ការទូទាត់​កាន់តែ​មាន​ប្រសិទ្ធភាព ដូចជា​សេវា​ទូទាត់​រហ័ស និង​ខេ​ម​បូ​ឌា​ន ស៊ែរ ស្វ៊ី​ច ជាដើម​។​

​សូម​ដោ​ន​ឡូដ​យក​កម្មវិធី បាគង ឥឡូវនេះ​ពី​ក្នុង

App Store (https://apps.apple.com/us/app/bakong/id1440829141) ឬ
Play Store (https://play.google.com/store/apps/details?id=jp.co.soramitsu.bakong)
​និង​រីករាយ​ជាមួយ​មធ្យោបាយ​ថ្មី​នៃ​ការទូទាត់ និង​ផ្ទេរប្រាក់ នៃ​យុគ​សម័យថ្មី ដោយ​ភាពងាយស្រួល និង​សុវត្ថិភាព​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com