ជាតិ
៩​ខែ កម្ពុជា ដេញ​ចិន​ជាង​៧០០​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​
18, Oct 2019 , 8:39 pm        
រូបភាព
រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍
​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៩ ជនជាតិ​ចិន​៧៤៤​នាក់ (​ស្រី​១០៩​នាក់​) ត្រូវបាន​បណ្ដេញ​ចេញពី​កម្ពុជា ទៅ​ប្រទេស​ចិន​វិញ​។ 



​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណ​ថង ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម Telegram នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា ជនជាតិ​ចិន​ទាំង​៧៤៤​នាក់​នោះ គឺពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ ដូចជា បទល្មើស​សេដ្ឋកិច្ច ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ VOIP និង ល្បែងស៊ីសង​តាម​អន​ឡាញ ជាដើម​។

​ទន្ទឹមនឹងនេះ នៅ​ថ្ងៃទី​១៧ ខែតុលា ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ជនជាតិ​លើសពី​១០០០​នាក់​ត្រូវ បាន​បញ្ជូន​ចេញពី​កម្ពុជា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា​។ ការចាប់ខ្លួន​ជនជាតិ​ចិន​លើសពី​១០០០​នាក់​នេះ គឺពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ពេស្យាចារ ល្បែងភ្នាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គ្រឿងញៀន សង្គមងងឹត និង​បទល្មើស​ផ្សេងទៀត​។

​អគ្គនាយករង​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​បណ្ដេញ​ជនជាតិ​បរទេស​ចេញ​សរុប​១៣៤៨​នាក់ មាន​៥២​សញ្ជាតិ ដោយ​ក្នុងនោះ​ជនជាតិ​ចិន​មាន​៩៥០​នាក់ ដែល​ភាគច្រើន​ប្រព្រឹត្ត​បទល្មើស​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​។​

​លោក បទល្មើស​ល្បែង​អន​ឡាញ​ខុសច្បាប់​នេះ មានការ​ថយចុះ បន្ទាប់ពី​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​និង​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​ល្បែង​អន​ឡាញ​មក រួមទាំង​ទីតាំង​ដែលមាន​អាជ្ញាប័ណ្ណ​អាច​បន្តសកម្មភាព​អាជីវកម្ម​របស់ខ្លួនរ​ហូត​ដល់​ដំណាច់ឆ្នាំ​២០១៩​។ រីឯ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹងមិន​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​ឲ្យ​បើក​អាជីវកម្ម​ល្បែង​អន​ឡាញ​ទៀតឡើយ​៕

Tag:
 ជនជាតិ​ចិន​
  កម្ពុជា​
  ឆបោក​
  ល្បែង​ខុសច្បាប់​
  បទល្មើស​សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com