អន្តរជាតិ
លោក ត្រាំ ប្រដូច​ការប្រយុទ្ធ​គ្នា​រវាង​តួ​ក​គី​និង​ឃើ​ដ​ទៅនឹង «​កូនក្មេង​២​នាក់​»
18, Oct 2019 , 4:43 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា លោក​បណ្តោយ​ឲ្យ​កងទ័ព​តួ​ក​គី​និង​កងកម្លាំង​ឃើ​ដ វាយ​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ​នៅ​តំបន់​ភាគ​ខាងជើង​ស៊ី​រី ព្រោះតែ​ភាគី​ទាំងពីរ​នេះ​គឺ​ដូចជា​កូនក្មេង ដែល​ត្រូវការ​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក​។



​ប្រាប់​ក្រុម​អ្នកគាំទ្រ​ក្នុង​រដ្ឋ Texas នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៧ តុលា លោក ត្រាំ និយាយថា​៖«​វា​មិនមែនជា​រឿង​ធម្មតា​ឡើយ​អ្វីដែល​ខ្ញុំ​បានធ្វើ​។ ខ្ញុំ​និយាយថា ពួកគេ​នឹង​ត្រូវតែ​ប្រយុទ្ធ​គ្នា​ក្នុង​រយៈពេល​ខ្លី​។ គឺ​ដូចជា​កូនក្មេង​២​នាក់ អ្នក​ត្រូវ​បណ្តោយ​ឲ្យ​ពួកគេ​វាយ​គ្នា ហើយ​បន្ទាប់មក​អ្នក​ចាប់​បំបែក​ពួកគេ​ចេញពី​គ្នា​»​។  លោក បន្តថា តួ​ក​គី​និង​ឃើ​ដ បាន​ប្រយុទ្ធ​គ្នា​ពីរ​បី​ថ្ងៃ ហើយ​វា​គឺ​សាហាវ​ណាស់​។​

អត្ថបទទាក់ទង

​ក្រោយ​ការចរចា​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក មៃ ផេ​ន តួ​ក​គី​យល់ព្រម​ផ្អាក​ប្រតិបត្តិការ​យោធា​រយៈពេល​១២០​ម៉ោង (៥​ថ្ងៃ​) ដើម្បី​ទុកពេល​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ ដក​ចេញពី​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​ទំហំ​៣២​គីឡូម៉ែត្រ ដែល​ក្រុង​អង់កា​រ៉ា​ត្រៀម​យក​ធ្វើជា​តំបន់​សុវត្ថិភាព​។ ជុំវិញ​ដំណឹង​នេះ លោក ដូ​ណា​ល់ ត្រាំ លើកឡើង​បែបនេះ​៖«​យើង​បាន​ទៅកាន់​ទីនោះ [​តួ​ក​គី​] ហើយ​យើង​បាន​ប្រាប់ថា យើង​ចង់បាន​ការផ្អាក​មួយ​។ ពួក​ឃើ​ដ គឺមាន​ល្អ​ណាស់​។ ពួកគេ​នឹង​ដកថយ​ចេញពី​ទីនោះ​»​។

​លោក Brett McGurk អតីត​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​សម្រាប់​សម្ព័ន្ធភាព​ប្រឆាំង​រដ្ឋ​ឥស្លាម ចាត់ទុក​ការលើកឡើង​របស់លោក ត្រាំ អំពី​រឿង «​កូនក្មេង​ប្រយុទ្ធ​គ្នា​» នេះ​ថា «​អាសគ្រាម និង​ល្ងង់ខ្លៅ​»​។ តាមរយៈ​បណ្តាញ​សង្គម Twitter លោក សរសេរថា​៖«​ជនស្លូតត្រង់​២០​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សំបែង​។ រាប់​រាយ​នាក់​ស្លាប់​។ របាយការណ៍​បញ្ជាក់​ច្បាស់​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ អ្នកទោស ISIS រត់គេចខ្លួន​។ សហរដ្ឋអាមេរិក​កំពុង​តម្រង់ និង​ទម្លាក់​គ្រាប់​បែង​លើ​ទីតាំង​ខ្លួនឯង ឬ​ប្រគល់​តួនាទី​នេះ​ឲ្យ​រុស្ស៊ី​។ តើ​នេះ​ដូចជា​កូនក្មេង​២​នាក់​ប្រយុទ្ធ​គ្នា​ឬ​?»​។

​សូម​បញ្ជាក់ដែរថា អង្គការ​ឃ្លាំមើល​ស៊ី​រី​ទទួលបន្ទុក​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ប្រជាជន​ស្លូតត្រង់​ជាង​៣០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពីផ្ទះ​សំបែង គិត​ចាប់ពី​តួ​ក​គី​បានចាប់ផ្តើម​វាយប្រហារ​ទៅក្នុង​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​មក​។ អង្គការ​នេះ បាន​ហៅ​ប្រតិបត្តិការ​យោធា​នេះ​ជាការ​បង្កចលាចល​ធំ​បំផុត​មួយ ចាប់តាំងពី​សង្គ្រាមស៊ីវិល​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១​មក​។ ម្យ៉ាងវិញទៀត ខ្លួន ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា មនុស្ស​៥០០​នាក់ បាន​បាត់​បង់ជីវិត ដែល​ក្នុងនោះ​ក៏មាន​ជន​ស៊ីវិល​ផងដែរ ហើយ​ភាគច្រើន គឺ​សុទ្ធសឹង​ជា​ពួក​ឃើ​ដ​៕

Tag:
 ​សហរដ្ឋអាមេរិក​
  តួ​ក​គី​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com