អន្តរជាតិ
សិង្ហ​បុរី​៖ អតីត​គ្រូ​ម្នាក់​នៅ​សាលា​ល្បី NUS ត្រូវ​ជាប់ពន្ធនាគារ​១៤​សប្តាហ៍​ពីបទ​បៀតបៀន​និស្សិត​
19, Oct 2019 , 8:29 am        
រូបភាព
រូបភាព Glassdoor
រូបភាព Glassdoor
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​តុលាការ​សិង្ហ​បុរី នៅ​ថ្ងៃទី​១៧​ខែតុលា បាន​កាត់ទោស​អតីត​សាស្ត្រាចារ្យ​ម្នា​ក់នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) ពីបទ​បៀតបៀន​រាងកាយ​និស្សិត​ស្រី​មួយរូប​នៅលើ​រថយន្តក្រុង​។ តុលាការ​សិង្ហ​បុរី​សម្រេច​កាត់ទោស​សាស្ត្រាចារ្យ​នេះ​អោយ​ចាប់​ពន្ធនាគារ​១៤​សប្តាហ៍​។​



​លោក Long Yun ដែលជា​សាស្ត្រាចារ្យ​មួយរូប​នៃ​មហាវិទ្យាល័យ​វិស្វកម្ម​គីមី និង​ជីវ​ម៉ូលេគុល​នៃ​សាកលវិទ្យាល័យ​NUS បាន​ស្ទាបអង្អែល​ភ្លៅ​ខាងឆ្វេង​របស់​និស្សិត​ស្រី​អាយុ ២០ ឆ្នាំ​ប្រហែល ៤ នាទី​នៅលើ​រថយន្តក្រុង​មួយ​។ បើតាម​តុលាការ លោក Long បានធ្វើ​អន្តោប្រវេសន៍​មក​រស់នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៣ និង​បាន​ក្លាយជា​ពលរដ្ឋ​អចិន្ត្រៃយ៍​ក្នុង​ឆ្នាំ ២០១៥​។
​បើតាម​សារព័ត៌មាន Strait Times ស្ត្រី​រងគ្រោះ​និយាយថា រូបនាង និង​លោក Long បានធ្វើ​ដំណើរ​រួមគ្នា​លើ​រថយន្តក្រុង​មួយ​តាម​បណ្តោយ​ផ្លូវ Lower Kent Ridge កាលពី​ខែមករា​នេះ​។

នៅពេលនេះ​ដោយសារតែ​លើ​ឡាន​ក្រុងមាន​មនុស្ស​ច្រើន សិស្ស​ដែល​មិនអាច​បញ្ចេញ​ឈ្មោះ​រូបនេះ បាន​ឡើង​តាម​ទ្វារក្រោយ​ហើយ​ឈរ​ក្បែរ​បង្គោល​ក្នុង​ឡាន​។ ចំណែក​រដ្ឋអាជ្ញារង​លោក Benedict Chan បញ្ជាក់ថា លោក ឡុង ក៏​ឡើង​ជិះ​តាម​ទ្វារ​តែមួយ​ហើយ​ឈរ​ក្បែរ​ជនរងគ្រោះ​ផងដែរ​។ នៅពេល​ឡានក្រុង​មកដល់​ចំណត​ឡានក្រុង​បន្ទាប់​លោក​ឡុង​បានសម្រេច​ចិត្ត​ជិះ​បន្តទៀត​ដោយ​ឈរ​ក្បែរ​នារី​រងគ្រោះ​យ៉ាង​ជិត​។ ខណៈនោះ​លោក​ឡុង​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​បំពាន​ដល់​និស្សិត​នោះ​តែម្តង​។​

​បន្ទាប់ពី​ត្រូវបាន​លោក​ឡុង​បំពាន​អស់​៤​នាទី​មក នារី​រងគ្រោះ​បានសម្រេច​ចិត្ត​ចុះ​នៅ​ចំណត​ឡានក្រុង​មួយទៀត​។ នាង និង​មិត្តភក្តិ​បានសម្រេច​ចិត្ត​ប្តឹង​ប៉ូលីស​ពី​រឿងនេះ​។ រដ្ឋអាជ្ញារង​សាធារណៈ​ដដែល​បន្តថា អង្គហេតុ​បានកើត​ឡើងជា​រឿង​ធ្ងន់ធ្ងរ ហើយ​បាន​អំពាវនាវ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនសង្ស័យ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មិនតិចជាង ១៤ សប្តាហ៍​។​

​ទោះជា​យ៉ាងនេះ​ក្តី​មេធាវី​របស់លោក ឡុង បាន​សុំ​តុលាការ​បន្ធូរ​ទោស​មក​ត្រឹម​ការជាប់​ពន្ធនាគារ​៨​សប្តាហ៍​វិញ​ដោយហេតុថា នេះ​ជា​កំហុស​លើកទីមួយ​របស់លោក​ឡុង ។ មេធាវី​ដដែល​នេះ​បន្ថែមថា លោក ឡុង ដែល​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​វិស្វកម្ម​គីមី​មកពី​សាកលវិទ្យាល័យរ​ដ្ឋ North Carolina ត្រូវបាន​ទទួលស្គាល់​ដោយ NUS ក្នុង​ឆ្នាំ ២០១៦ សម្រាប់​ការលះបង់​និង​ការប្តេជ្ញាចិត្ត​ក្នុងនាម​ជា​អ្នក​អប់រំ​ហើយ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​កិត្តិយស​សម្រាប់​មហាវិទ្យាល័យ​វិស្វកម្ម​ទៀតផង​៕
​ទោះជា​យ៉ាងនេះ​ក្តី តុលាការ​បានសម្រេច​កា​ត់​ទោស​លោក Long Yun អោយ​ជាប់ពន្ធនាគារ​រយៈពេល​១៤​សប្តាហ៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com