កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao នឹងដើរតួជាវីរបុរសក្នុងខ្សែភាពយន្តហូលីវូដ រឿង «Freedom Fighters»
× កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao គ្រោងនឹងចូលរួមដើរតួជាវីរបុរសក្នុងខ្សែភាពយន្តបែបសង្គ្រាមលោករបស់ហូលីវូដ (Hollywood) ខណៈដែលទំនេរពីការឡើងសង្វៀន។ នេះបើតាមការផ្សាយរបស់កាសែតហ្វីលីពីន ABS-CBN។
ស្របពេលដែល ជំនួបសងសឹកជាមួយអ្នកប្រដាល់មិនដែលចាញ់អាមេរិក Floyd Mayweather នៅមិនទាន់មានតម្រុយច្បាស់លាស់នៅឡើយនោះ Pacquiao អាចនឹងចូលរួមគម្រោងមួយក្នុងវិស័យភាពយន្ត ខណៈដែលស្តេចប្រដាល់អាស៊ីរូបនេះបានផ្តល់ភ្លើងបៃតងដើម្បីសម្តែងក្នុងរឿងសង្គ្រោមមួយរបស់ហូលីវូដដែលមានចំណងជើងថា «Freedom Fighters»។
ខ្សែភាពយន្តនេះនឹងត្រូវផលិតដោយក្រុមហ៊ុនក្នុងស្រុកឈ្មោះ Inspire Studios ដោយសហកាជាមួយដៃគូធំដែលមានមូលដ្ឋាននៅអាមេរិក។ រឿងដែល Pacquiao ចូលរួមសម្តែងជាតួវីរបុរសនេះបានប្រកាសនៅថ្ងៃទី១៦ ខែតុលា ថាគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២០ ខាងមុខតែម្តង។
លោក Francis Ho នាយកប្រតិបត្តិ Inspire Studios និយាយថាលោកកំពុងពិភាក្សាថាតើអ្នកណាដែលសមដើរតួជាមួយអ្នកប្រដាល់និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីនរូបនេះ។ យ៉ាងណាក៏ដោយលោកសន្យាថា ខ្សែភាពយន្តនឹងក្លាយជារឿងដ៏អស្ចារ្យកម្រិតពិភពលោក។
« Freedom Fighters» ជាភាពយន្តដែលលោក Louise Reid Spencer បានសរសេររៀបរាប់អនុស្សាវរីយ៍របស់បុរសម្នាក់ដែលរស់រានមានជីវិតពីសង្គ្រាមលោកលើកទី២ និងរស់នៅក្នុងប្រទេសហ្វីលីពីន អំឡុងការកាន់កាប់របស់ជប៉ុន។
Pacquiao ដែលសព្វថ្ងៃមានវ័យ៤០ឆ្នាំ បានបង្ហាញខ្លួនលើកចុងក្រោយលើសង្វៀនប្រដាល់ដោយយកឈ្នះកីឡាករមេរិក Keith Thurman ដោយពិន្ទុ នាជំនួបដណ្តើមខ្សែក្រវាត់ WBA Super Welterweight។ Pacquiao ក្លាយជាម្ចាស់ខ្សែក្រវាត់ WBA Supr Welterweight ដែល Thurman បានគ្រប់គ្រងតាំងពីឆ្នាំ២០១៥ មក និងជាខ្សែក្រវាត់ទី១៣លំដាប់ពិភពលោករបស់ស្តេចប្រដាល់ហ្វីលីពីនរូបនេះផងដែរ៕
Tag:
Manny Pacquiao
Freedom Fighters
© រក្សាសិទ្ធិដោយ thmeythmey.com