កីឡាជាតិ
ជាតិ
លោក ជា ប៊ុនហេង រំពឹង​សូ​ហ្វ​តិ​ន្នី​ស​ដណ្តើមបាន​មេដាយ​ណាមួយ​ពី​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​
18, Oct 2019 , 5:22 pm        
រូបភាព
លោក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
លោក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
ដោយ:
​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា លោក ជា ប៊ុនហេង រំពឹង​កីឡាករ​កីឡាការិនី​ខ្លួន​ទាំង​៦​រូប ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ការដាក់​ក្តី​រំពឹង​បែបនេះ ធ្វើឡើង​ក្រោយ លោក មើលឃើញ​ពី​ការរីកចម្រើន​ផ្នែក​បច្ចេកទេស ក៏ដូចជា​សមត្ថភាពរ​បស់​កីឡាករ​នាពេល​បច្ចុប្បន្ន​។ លោក បាន​អះអាងថា ក្នុង​តំបន់​អាស៊ាន​មានតែ​ថៃ និង​ឥណ្ឌូណេស៊ី​ទេ ដែលមាន​សមត្ថភាព​ខ្ពស់​ខ្ពស់ជាង​កម្ពុជា​។



​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​ចម្រាញ់​កីឡាករ​ខ្លួន​រួចរាល់​ហើយ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​។ កីឡាករ កាន់ សោ​ភ័​ណ្ឌ​, អន សម្បត្តិ​, ឌឹ​ម សំ​សម្បត្តិ​, ច​ន ម៉ា​ដា​, យី គា​វីរៈ​, ប៉ិល វ​ណ្ណី​, កីឡាការិនី រិ​ន សុធា​រី​, ជិន ស្រី​ឡូយ និង ម៉េ​ត ម៉ា​រី​យ៉ាន ជា​សមាសភាព​ដែល​សហព័ន្ធ​នឹង​បញ្ជូនទៅ​ចូលរួម​ការប្រកួត​នេះ​។​



​ក្រោយ​ឆ្លងកាត់​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​មួយរយៈ​នៅ​ប្រទេស​ជប៉ុន បានធ្វើ​ឲ្យ លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​មានការ​ជឿជាក់​ខ្ពស់​ថា នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម​ឆ្នាំនេះ​។ លោក​បង្ហាញ​ការជឿជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​យើង​ក៏​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ាន​ដែរ ខ្ញុំ​ជឿជាក់ថា នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ដើមខែ​ធ្នូ ខាងមុខ ក្រុម​សូ​ហ្វ​តិ​ន្នី​ស​យើង នឹង​អាច​ដណ្តើមបាន​មេដាយ​ណាមួយ​ពី​ការប្រកួត​នេះ​។ យើង​សង្ឃឹម​ខ្លាំង​បំផុត​លើ​វិញ្ញាសា​ក្រុម​បុរស​»​។​

​សម្រាប់​លោក ជា ប៊ុនហេង ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​មួយចំនួន​សុទ្ធតែ​ចង់​ជួប និង​ញញើត​សមត្ថភាព​កម្ពុជា​។ «​សូម្បី​ហ្វីលីពីន​ដែល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ ក៏​ញញើត​កម្ពុជា​យើង​ដែរ​។ តែ​យ៉ាងណា​ខ្ញុំ​ចង់​ឲ្យ​យើង​សម្រួច​ឆន្ទៈ ស្មារតី ខំ​ហ្វឹកហាត់​ទ្វេដង ដើម្បី​ដណ្តើមយក​មេដាយ ព្រោះ​អា​ទ្រឹស្តី​ថា​ខំ អ្នកណា​ក៏​អាចនិយាយបាន​ដែរ ប៉ុន្តែ​មែនទែន​យើង​ត្រូវ​ស្មោះត្រង់​និង​ខំ​ខ្លួនឯង កុំ​ទាល់តែ​គ្រូ​មើល គ្រូ​ប្រាប់​បាន​ខំ​ឲ្យ​សោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជា ប៊ុនហេង​។

​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩៕   

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com