ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី និង​៤​នាក់​ទៀត ត្រូវ​ផ្តន្ទាទោស​លើស​១​ឆ្នាំ ក្នុង​បទល្មើស​ជេរ​និង​ញុះញង់
18, Oct 2019 , 9:39 pm        
រូបភាព
លោក ហូរ វ៉ាន់ មន្រ្តីជាន់ខ្ពស់ម្នាក់នៃអតីតគណបក្សប្រឆាំង
លោក ហូរ វ៉ាន់ មន្រ្តីជាន់ខ្ពស់ម្នាក់នៃអតីតគណបក្សប្រឆាំង
ដោយ: ថ្មីៗ
​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩  ដោយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង លោក កាក់ កុ​ម្ភា​រ ជាប់ពន្ធនាគារ​រយៈពេល​២០​ខែ ក្រោម​បទ​ផ្តើមគំនិត​ឲ្យ​មានការ​ជេរប្រមាថ​ជា​សាធារណ​: និង បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​បទ​ប​ជ្ឈិ​ម​ជាអាទិ៍​។



​ចំណែក​សកម្មជន​អតីត​គណបក្សប្រឆាំង​២​នាក់​ទៀត គឺ​លោក គង់ ម៉ាស់ និង លោក វឿន គឹម​លន់ ត្រូវ​ជាប់ពន្ធនាគារ​១៨​ខែ ក្រោម​បទ​ជេរប្រមាថ​ជា​សាធារណ​: និង បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​បទ​ប​ជ្ឈិ​ម​ជាអាទិ៍​។

​ការរង​បទ​ចោទ​នេះ គឺ​ដោយសារតែ​សកម្មជន​ទាំង​២ បង្ហោះ​រូប​និង​វីដេអូ លើ​បណ្តាញ​សង្គម  ដោយ​អម​ជាមួយនឹង​សារ ដែល​លក្ខណៈ​ប្រមាថ​រដ្ឋាភិបាល​និង​ញុះញង់​ឲ្យ​មហាជន​ស្អប់​រដ្ឋាភិបាល ហើយ លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង លោក កាក់ កុ​ម្ភា​រ ដែល​កំពុងស្ថិត​នៅឯ​ក្រៅប្រទេស ត្រូវ​ចោទថា ជា​អ្នកផ្តើមគំនិត​ឲ្យ​សកម្មជន​ទាំង​២ ប្រព្រឹត្ត​បទល្មើស​នេះ​។
​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​អ្នក​ទាំង​៥ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ក្នុងចំណោម​អ្នក​ទាំង​៥ មានតែ​លោក គង់ ម៉ាស់ ទេ ដែល​ត្រូវ​ចាប់ខ្លួន​តាំងពី​ខែមករា ឆ្នាំ​២០១៩​មក និង​កំពុង​ជាប់ឃុំ​ដល់​បច្ចុប្បន្ន​។ លោក មានប្រសាសន៍ថា​៖«​វា មិនមែនជា​បទល្មើស​ទេ​។ ពួកគេ គ្រាន់តែ​ប្រើ​សិទ្ធិ​បញ្ចេញមតិ​ប៉ុណ្ណោះ​»​។

​លោក​មេធាវី ប​នុ្ត​ថា លោក មិនអាច​ទទួលយកបាន​ឡើយ​ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក អះអាងថា លោក នឹង​ពិភាក្សា​ជាមួយ​កូនក្តី អំពី​ការប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​៕


Tag:
 សម រង្ស៊ី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com