ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី និង៤នាក់ទៀត ត្រូវផ្តន្ទាទោសលើស១ឆ្នាំ ក្នុងបទល្មើសជេរនិងញុះញង់ លោក ហូរ វ៉ាន់ មន្រ្តីជាន់ខ្ពស់ម្នាក់នៃអតីតគណបក្សប្រឆាំង
× ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ដោយសម្រេចឲ្យលោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង លោក កាក់ កុម្ភារ ជាប់ពន្ធនាគាររយៈពេល២០ខែ ក្រោមបទផ្តើមគំនិតឲ្យមានការជេរប្រមាថជាសាធារណ: និង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនិងបទបជ្ឈិមជាអាទិ៍។
ចំណែកសកម្មជនអតីតគណបក្សប្រឆាំង២នាក់ទៀត គឺលោក គង់ ម៉ាស់ និង លោក វឿន គឹមលន់ ត្រូវជាប់ពន្ធនាគារ១៨ខែ ក្រោមបទជេរប្រមាថជាសាធារណ: និង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនិងបទបជ្ឈិមជាអាទិ៍។
ការរងបទចោទនេះ គឺដោយសារតែសកម្មជនទាំង២ បង្ហោះរូបនិងវីដេអូ លើបណ្តាញសង្គម ដោយអមជាមួយនឹងសារ ដែលលក្ខណៈប្រមាថរដ្ឋាភិបាលនិងញុះញង់ឲ្យមហាជនស្អប់រដ្ឋាភិបាល ហើយ លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង លោក កាក់ កុម្ភារ ដែលកំពុងស្ថិតនៅឯក្រៅប្រទេស ត្រូវចោទថា ជាអ្នកផ្តើមគំនិតឲ្យសកម្មជនទាំង២ ប្រព្រឹត្តបទល្មើសនេះ។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យអ្នកទាំង៥ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្នុងចំណោមអ្នកទាំង៥ មានតែលោក គង់ ម៉ាស់ ទេ ដែលត្រូវចាប់ខ្លួនតាំងពីខែមករា ឆ្នាំ២០១៩មក និងកំពុងជាប់ឃុំដល់បច្ចុប្បន្ន។ លោក មានប្រសាសន៍ថា៖«វា មិនមែនជាបទល្មើសទេ។ ពួកគេ គ្រាន់តែប្រើសិទ្ធិបញ្ចេញមតិប៉ុណ្ណោះ»។
លោកមេធាវី បនុ្តថា លោក មិនអាចទទួលយកបានឡើយចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក អះអាងថា លោក នឹងពិភាក្សាជាមួយកូនក្តី អំពីការប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com