ជាតិ
បញ្ហា​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​!
18, Oct 2019 , 10:19 pm        
រូបភាព
​ព្រះសីហនុ​៖ ខណៈ​បញ្ហា​ផ្លូវ បរិស្ថាន អនាម័យ កំពុង​បង្ក​ការរំខាន​ដល់​ពលរដ្ឋ​នោះ បញ្ហា​ទឹក​កខ្វក់ ក៏​ជា​ក្តី​ព្រួយបារម្ភ​មួយ​ដែរ ។​អាជ្ញាធរខេត្ត​ព្រះសីហនុ អះអាងថា បញ្ហា​ទាំងនេះ កំពុងស្ថិត​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត ដែល​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់ នៅក្នុង​រយៈពេល​ដ៏​ខ្លី​មុខ​។​



​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​គេ​ហៅ «​តារា​រះ​នា​ទិសនិរតី​»​នេះ កំពុង​រងគ្រោះ​ដោយសារ​ការបង្ហូរ​ទឹក​កខ្វក់​ចូលក្នុង​សមុទ្រ​។ ទីតាំង​ឆ្នេរ​អូ​ឈើទាល ដែល​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក និយម​ទៅលេង​នោះ កំពុង​ជួបប្រទះ​នូវ​បញ្ហា​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ជាងគេ​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖



​ជា​អាជីវករ​លក់ដូរ​នៅលើ​ឆ្នេរ​អូ​ឈើទាល​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ​នេះ គឺ​ចេញពី​ប្រព័ន្ធ​លូ​មួយ ដែល​គេ​បង្ហូរ​រំដោះ​ទឹក ក្រោយ​ភ្លៀង​ធ្លាក់ រួមទាំង​ការបង្ហូរ​ទឹកស្អុយ​ផ្សេងទៀត​។ បើតាម​អា​ជីករ​ដដែល ទឹក​កខ្វក់​នេះ ហូរ​ចូល​សមុទ្រ​ជា​រៀងរាល់ថ្ងៃ តាម​ប្រព័ន្ធ​លូបង្ហូរទឹក​នេះ ខណៈដែល​អាជ្ញាធរ​ក៏បាន​ដឹង​ពី​បញ្ហា​ទឹក​កខ្វក់​នេះដែរ​។

​ក្រៅពី​ការបង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​, ការរៀបចំ​ប្រព័ន្ធ​បង្ហូរទឹក ដែល​ចេញពី​អាង​ចម្រោះ​ទឹកស្អាត ក៏​មិនទាន់​ល្អ​នៅឡើយ​ដែរ ពោលគឺ​បណ្ដាញ​បង្ហូរទឹក​ចូល​សមុទ្រ​នោះ ហាក់ដូចជា​គ្មាន​ការរៀបចំ​បិទបាំង​ឱ្យបាន​ត្រឹមត្រូវ ដែល​បង្ហាញ​រូបភាព​ស្ដែងៗ​ដល់​ភ្ញៀវទេសចរ​។​

​តែ​យ៉ាងណា​បញ្ហា​ទឹក​កខ្វក់​នេះ កំពុងស្ថិត​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ និង​ដោះស្រាយ​របស់​រដ្ឋបាលខេត្ត​។ លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​និយាយថា អាជ្ញាធរ​និង​មន្ត្រី​អន្តរក្រសួង​ពាក់ព័ន្ធ បានរៀបចំ​ស្ថានីយ៍​បូមទឹក​កខ្វក់​ចំនួន​៤​ទីតាំង​មកហើយ ដើម្បី​ទប់ស្កាត់​បញ្ហា​ទឹក​កខ្វក់ ដែល​ហូរ​ចូលទៅក្នុង​សមុទ្រ​។ «​ទោះបីជា​យ៉ាងណាក៏ដោយ យើង​ឃើញថា​ស្ថានីយ៍​បូម​ទាំង​៤​ទីតាំង​ហ្នឹង មិនទាន់​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​របស់​ក្រុងព្រះសីហនុ​យើង​ដែរ ទើប​មាន​ករណី​សិក្សា​ជាច្រើន មាន​អន្តរក្រសួង​ផង មាន​ស្ថាប័ន​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង​ស្ថាប័ន​ផ្សេងៗ​កំពុង​សិក្សា​ដើម្បី​កែលម្អ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឃាង ភារ​ម្យ​។​

​បើតាម​អ្នកនាំពាក្យ​រូបនេះ បញ្ហា​ផ្លូវថ្នល់ ប្រព័ន្ធ​លូ បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​បង្ក​ការរំខាន​អារម្មណ៍​ពលរដ្ឋ រួមទាំង​ភ្ញៀវទេសចរ​នេះ នឹងត្រូវ​ដោះស្រាយ​ជា​កញ្ចប់​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។ «​យើង​មាន​ភាព​ជឿជាក់ថា បញ្ហា​ទាំងនេះ នឹង​អាច​ដោះស្រាយបាន​នៅក្នុងពេល​ឆាប់​ខាងមុខ​»​។ នេះ​ជាការ​អះអាង​របស់លោក ឃាង ភារ​ម្យ​៕


Tag:
 ​ឃាង ភារ​ម្យ​
 ​ទឹក​កខ្វក់​
 ​បរិស្ថាន​
  សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com