ជាតិ
បទសម្ភាសន៍
ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប រៀបចំ​ដំណើរ​ជា​ក្បួន​រថយន្ត​ទៅ​ថៃ ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​
19, Oct 2019 , 10:29 am        
រូបភាព
​សៀមរាប​៖ នៅ​ចុងខែ​តុលា​នេះ ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប នឹង​រៀបចំ​ដំណើរ​ទេសចរណ៍​តាម​ក្បួន​រថយន្ត​មួយ​ទៅកាន់​បណ្ដា​ខេត្ត​នៅជាប់​ព្រំដែន​ប្រទេស​កម្ពុជា ពិសេស​ជាប់​ខេត្តសៀមរាប ក្នុង​បំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក ក៏ដូចជា​បង្ហាញ​ពី​ភាពងាយស្រួល​នៃ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ដោយ​រថយន្ត​ផ្ទាល់ខ្លួន​។ ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប លោក កៅ ហ្វី​លី​ព រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ទាក់ទាញ​អ្នកចូលរួម​ច្រើន ពិសេស​គឺ​បាន​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក​។



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក កៅ ហ្វី​លី​ព ប្រធាន​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​ដូចតទៅ​




​តាម​គម្រោង​នៃ​ដំណើរ​ទេសចរណ៍​តាម​ក្បួន​រថយន្ត​រយៈពេល​៣​យប់​៤​ថ្ងៃនេះ គឺ​នឹងមាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​ថៃ ដោយ​ផ្តើម​ឆ្លងកាត់​ពី​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត ទៅ​ខេត្ត​ប្រា​ឈិន​បុរី បន្តទៅ​ខេត្ត​ខៅ​យ៉ៃ ខេត្ត​នគររាជ​សីមា និង​ខេត្ត​បុរី​រាម បន្ទាប់មក​ត្រឡប់​ចូល​កម្ពុជា​វិញ​តាម​ច្រក​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ​។ លោក ហ្វី​លី​ព រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​១៥០​នាក់ តាម​ក្បួន​រថយន្ត​ពី​៣០​ទៅ​៥០​រថយន្ត​។

​នាពេល​កន្លងមក មាន​ប្រជាជន​កម្ពុជា​មួយចំនួន​បាន​ឆ្លងកាត់​ទៅ​ស្វែងរក​សេវា​ព្យាបាល​ឬ​ការកម្សាន្ត​នៅ​បណ្ដា​ខេត្ត​ថៃ​ជាប់​ព្រំប្រទល់​កម្ពុជា រួមមាន​ខេត្ត​អូរ​ប៊ុន ខេត្ត​បុរី​រាម និង​ខេត្ត​សុរិន្ទ​ជាដើម តែ​ប្រជាជន​ថៃ​តិច​ណាស់​ដែល​បានដឹង​ពី​ភាពងាយស្រួល​ក្នុងការ​បើករថយន្ត​ផ្ទាល់ខ្លួន​ចូលមក​កម្ពុជា​ឬ​ខេត្តសៀមរាប​។ ដូច្នេះ​តាមរយៈ​ព្រឹត្តិការណ៍​ខាងលើនេះ ក្រុម​ប្រតិបត្តិ​ករ​រំពឹងថា នឹង​អាច​ផ្សព្វផ្សាយ​ពី​ភាពងាយស្រួល​ទាំងនេះ ដើម្បី​ទាក់ទាញ​ទេសចរ​ថៃ​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅ​ចុង​សប្ដាហ៍​ឬ​ពេល​មានបុណ្យ​ទាន​ម្ដងៗ​៕





Tag:
 ប្រតិបត្តិ​ករ​ទេសចរណ៍​
  សៀមរាប​
  កៅ ហ្វី​លី​ព​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com