ជាតិ
សាលាក្រុងភ្នំពេញគ្រោងបង្កើតផ្លូវក្រោមដីចំនួន២ខ្សែទៀត រូបពីសាលារាជធានីភ្នំពេញ
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ កំពុងតែសិក្សាលើគម្រោងបង្កើតផ្លូវក្រោមដីចំនូន២ខ្សែ ដែលខ្សែទី១ ត្រង់ចំណុចផ្លូវសហព័ន្ធរុស្សី ម្តុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងខ្សែទី២ ត្រង់ចំណុចក្តាន់២ ដែលជាគោលដៅប្រឈមនឹងការកកស្ទះខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។ គម្រោងសាងសង់ផ្លូវក្រោមដីចំនួន២ខ្សែនេះ ត្រូវបានសាលារាជធានីភ្នំពេញលើកឡើងនៅក្នុងកិច្ចប្រជុំរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅថ្ងៃទី១៧ ខែតុលា។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងសាងសង់ផ្លូវក្រោមដីនេះកំពុងតែស្ថិតនៅក្រោមការសិក្សាពីអ្នកជំនាញលើតំបន់ណាដែលប្រឈមនឹងការកកស្ទះខ្លាំង និងផលប៉ះពាល់នៃគម្រោង ជាពិសេសតំបន់ដែលមានគ្រឹះស្ថានសិក្សា មានសិស្ស និស្សិត។ លោក សាំ ពិសិដ្ឋ បញ្ជាក់ដូច្នេះថា៖«យើងបានសិក្សាមើលលទ្ធភាពលើតំបន់និស្សិតនារយៈពេលខ្លី និងរយៈពេលវែង។ យើងបានសិក្សាលើចំណុចណាដែលកកស្ទះដើម្បីរកមធ្យោបាយដោះស្រាយ»។
ក្រសួងព័ត៌មានបានដកស្រង់សំដីរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដូច្នេះថា ការសាងសង់ផ្លូវក្រោមដីនេះ គឺសម្រាប់ផ្តល់ផលប្រយោជន៍ដល់និស្សិត និងពលរដ្ឋ។
ទន្ទឹមនឹងបង្កើតគម្រោងនេះ លោកបញ្ជាក់ថា សាលារាជធានីភ្នំពេញ ក៏គ្រោងរៀបចំចិញ្ចើមផ្លូវឲ្យមានសណ្តាប់ធ្នាប់រៀបរយ ទាំងការធ្វើដំណើរ និងការចតយានយន្តនៅតាមដងផ្លូវ។
សូមបញ្ជាក់ថា ផ្លូវក្រោមដីនៅភ្នំពេញដែលកំពុងចរាចរសព្វថ្ងៃនេះ រួមមានផ្លូវក្រោមដីត្រង់ចំណុចសាលាតិចណូ ផ្លូវក្រោមដីស្ទឹងមានជ័យ។ សាលាក្រុងភ្នំពេញក៏កំពុងតែសាងសង់ផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅផងដែរ៕
Tag:
រដ្ឋបាលរាជធានីភ្នំពេញ
ផ្លូវក្រោមដី
© រក្សាសិទ្ធិដោយ thmeythmey.com