ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នាយក​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ខំ​ជាង​១០​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​បរិវេណ​សាលា​គ្មាន​សំរាម​
19, Oct 2019 , 2:59 pm        
រូបភាព
​សៀមរាប​៖ ជា​សាលា​ដែល​គិតគូរ​ពី​បរិស្ថាន​ខ្ពស់ វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក បាន​ជាប់​ជា​សាលា​មេត្រីភាព​បរិស្ថាន នៅក្នុង​ឆ្នាំ​២០១៧​។ បច្ចុប្បន្ន នៅក្នុង​បរិវេណ​សាលា​នេះ មាន​ភាព​បៃតង និង​គ្មាន​ធុងសំរាម​ឡើយ​។ អាន លឹម​ខេង វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក បាន​អះអាងថា លោក​បានចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​តាំងពី​ឆ្នាំ​២០០៧​មក ដើម្បី​កែប្រែ​បរិស្ថាន​ជុំវិញ​សាលា ដែលមាន​ផ្ទៃដី​១០​ហិកតា ឱ្យមាន​ភាព​បៃតង និង​លុបបំបាត់​ធុងសំរាម​នៅក្នុង​សាលា ព្រមទាំង​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ផងដែរ​។ ទាំង​ថ្នាក់ដឹកនាំ​សាលា និង​សិស្សានុសិស្ស​សុទ្ធតែ​រីករាយ​នឹង​សមិទ្ធផល​នានា​ក្នុង​សាលា​។



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖




​ជា​សាលា​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ ទៅលើ​ការគិតគូរ​ពី​បរិស្ថាន ជាហេតុ​ធ្វើឱ្យ​សាលា​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ស្ថិតនៅ​ស្រុក​ពួក ខេត្តសៀមរាប ជាប់​ពានរង្វាន់​សាលា​មេត្រីភាព​បរិស្ថាន​នៅ​ឆ្នាំ​២០១៧​។ សមិទ្ធផល​ជា​បន្តបន្ទាប់ បានកើត​ចេញពី​សប្បុរ​សជន​ជិត​ឆ្ងាយ និង​ថវិកា​របស់​ក្រសួង បូករួម​និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ ធ្វើឱ្យ​សាលា​នេះ បាន​ដើរ​ឆ្ពោះទៅ​គោលការណ៍ និង​ចក្ខុវិស័យ​មួយ​ដែល​គិតគូរ​ពី​បរិស្ថាន​។​

​នាយក​សាលា លោក អាន លឹម​ខេង បាន​រម្លឹក​ត្រួសៗ ពី​ប្រវត្តិ​សាលា​មុននឹង​ឈានដល់​បច្ចុប្បន្ន​។ លោក​ថា នៅមុន​សម័យ​ខ្មែរក្រហម​សាលា​នេះ​មាន​២​ខ្នង ក្រោយ​បើក​ឡើងវិញ​នៅ​ឆ្នាំ ១៩៨១ នៅសល់​មួយ​ខ្នង​ប៉ុណ្ណោះ ដោយ​មួយ​ខ្នង​ទៀត​ត្រូវបាន​កម្ទេចចោល​។ ពេល​បើក​ឡើងវិញ នៅ​ទ​.​ស​ឆ្នាំ​៨០ សាលា​នេះ​មានកូន​សិស្ស​៩០​នាក់ និង​គ្រូបង្រៀន​៥​នាក់​។ លោកនាយក​សាលា​រម្លឹក​បន្តថា មកដល់​បច្ចុប្បន្ន​ដោយ​សារ​មាន​ទំនាក់ទំនង​និង​សហការគ្នា​ល្អ​របស់​លោកគ្រូ​អ្នកគ្រូ ធ្វើឱ្យ​សាលា​នេះ​អភិវឌ្ឍន៍​លូតលាស់​បាន​ឆាប់រហ័ស ដោយមាន​អាគារ​១៨​ខ្នង ដែលជា​ការឧបត្ថម្ភ​ពី​សប្បុរស​ជនជាតិ​និង​អន្ដរជាតិ រួម​និង​ថវិកា​របស់​សាលា​។​




​ជាមួយគ្នា​នោះ លោក លឹម​ខេង ក៏បាន​រម្លឹក​ពី​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​របស់​នាយ​ក​សាលា​មុនៗ រហូតដល់​ជំនាន់​លោក​ក៏​នៅតែមាន​គោលការណ៍​ធ្វើឱ្យ​សាលា​រីកចម្រើន​ទៅមុខ​។ ក្នុងនោះ លោក​ក៏បាន​បង្កើត​នូវ​ចក្ខុវិស័យ ឬ​គោលការណ៍​សំខាន់ៗ ក្នុងការ​កែប្រែ​មុខមាត់​សាលា​នេះ ឱ្យ​ក្លាយជា​សាលា​ដែល​ហ៊ុមព័ទ្ធ​ដោយ​ធម្មជាតិ​ស្រស់បំព្រង​។ លោក​ពន្យល់ថា​៖« ចំណុច​ទី​១​សំខាន់បំផុត គឺ​ផ្តោត​គោលការណ៍​ទី​១ យើង​នាំគ្នា​បង្កើត​ចក្ខុវិស័យ​ដោយមាន​អម​បេសកកម្ម ដើម្បី​សម្រេច ចក្ខុវិស័យ ផ្តោត​ទី​១​លើ​បរិស្ថាន ដោយ​យើង​យល់ថា បរិស្ថាន​គឺមាន​សារសំខាន់​ណាស់ សម្រាប់​ជីវិត​រស់នៅ​ទាំង​មនុស្ស និង​សត្វ​...​ខ្ញុំ​គិតថា បើ​សាលារៀន​ស្អាត ប្រៀប​ដូច​ផ្ទះ​អ៊ីចឹង បើ​ផ្ទះ​ស្អាត​ធ្វើឱ្យ​អារម្មណ៍​យើង​ក៏​ចង់​រស់នៅ​ដែរ​...»​។​
​ការខិតខំ​ប្រឹងប្រែង​ដោយ​ផ្តោតលើ​បរិស្ថាន​ជាធំ និង​ស្រប​ពេលដែល​ក្រសួងបរិស្ថាន ដាក់​ការប្រឡងប្រជែង​សាលា​មេត្រីភាព​បរិស្ថាន ទើប​ធ្វើឱ្យ​សាលា​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ជាប់​ពានរង្វាន់​នៅ​ឆ្នាំ​២០១៧​។ សម្រាប់​លោក លឹម​ខេង ពានរង្វាន់​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង​តាំងពី​ឆ្នាំ​២០០៧​មក ដើម្បី​កែប្រែ​បរិស្ថាន​ជុំវិញ​សាលា ដែលមាន​ផ្ទៃដី​១០​ហិកតា ឱ្យមាន​ភាព​បៃតង​។​


​យុវ​សិស្ស សូ​ណេ​ត រៀន​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក បានឱ្យដឹងថា បរិវេណ​សាលា​មាន​ភាព​ត្រជាក់ មាន​ភាព​ស្រស់ស្រាយ បន្ថយ​ភាព​តានតឹង​ដល់​រូបនាង​ពេលមកដល់​សាលារៀន​។ សូ​ណេ​ត ប្រាប់ថា នៅក្នុង​សាលា​មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ទេ​រាប់​ចាប់ពី​កន្លែង​ផឹកទឹក និង​កន្លែង​អាហារ ហើយ​សូម្បីតែ​ធុងសំរាម​ក៏​គ្មាន​ដែរ​។​





​ចំណែក​យុវ​សិស្ស អ៊ុំ ម៉ុ​ច កំពុង​អង្គុយ​ជុំគ្នា​ជាមួយ​មិត្តភក្ដិ​ក៏មាន​អារម្មណ៍​រីករាយ​ជាមួយ​សមិទ្ធិផល​ក្នុង​សាលា​ដែល​នាង​កំពុង​រៀន​នេះដែរ​។  ម៉ុ​ច​ដែល​មិនសូវ​ចេះ​និយាយស្ដី​ច្រើន​ប្រាប់ថា សាលា​បាន​អប់រំ​ពី​អនាម័យ​បរិស្ថាន ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​មានការ​រស់នៅ​ស្អាត​។ ជាមួយគ្នា​នោះ នៅ​ម៉ោង​សិក្សា​គ្រូ​បាន​បង្រៀន​ពី​ការសម្អាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​ទុកដាក់​ក្នុង​ធុងសំរាម​ត្រឹមត្រូវ ពិសេស​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។​


​យុវ​សិស្ស លៀ សា​លូន ក៏​ទទួលបាន​ចំណេះ​ផ្នែក​បរិស្ថាន​នេះ​ច្រើន​ដែរ​ពី​លោកគ្រូ​អ្នកគ្រូ​។ សា​លូន ថា​ពេល​សាលារៀន​ស្អាត ធ្វើឱ្យ​នាង​មាន​អារម្មណ៍ល្អ ជុំវិញ​សាលា​មាន​ម្លប់​ត្រជាក់ និង​ភាព​បៃតង​។ ក្រោយពី​ទទួល​ការអប់រំ​ផ្នែកអនាម័យ​បរិស្ថាន​ពីសា​លា​ហើយ​នោះ សា​លូន ក៏បាន​យកចំណេះ​ដឹង​ទាំង​ប៉ុន្មាន​ទៅ​អនុវត្តន៍​នៅផ្ទះ​ផងដែរ​។​

​ដ្បិតថា ក្លាយជា​សាលា​មេត្រីភាព​បរិស្ថាន​ដែល​គិតគូរ​ពី​បរិស្ថាន និង​មានការ​អភិវឌ្ឍ​ច្រើន​ក៏ពិតមែន តែ​នាយក​សាលា​រៀនចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ប្រាប់ថា​លោក​នឹង​បន្ត​អភិវឌ្ឍន៍​បន្ថែមទៀត​។ ក្នុងនោះ​លោក​ក៏​ចង់ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ យល់​ពី​បញ្ហា​បរិស្ថាន​នេះដែរ ក្នុង​បំណង​ធ្វើឱ្យ​សង្គមជាតិ រស់នៅ​ដោយ​ភាពស្រស់ស្អាត និង​បៃតង​។ លោក លឹម​ខេង ប្រាប់ថា បរិស្ថាន​ស្អាត គឺ​ផ្តើមចេញពី​យើង​ម្នាក់ៗ ហើយ​បរិស្ថាន​ស្អាត នោះ​សុខភាព​ក៏​ល្អ​ដែរ​៕


Tag:
 សាលា​មេត្រីភាព​បរិស្ថាន​
  ស្រុក​ពួក​
  បរិស្ថាន​
  អាន លឹម​ខេង
© រក្សាសិទ្ធិដោយ thmeythmey.com