តើ​អ្នកធ្លាក់​បាក់​ឌុប ត្រូវធ្វើ​ដូចម្តេច​ដើម្បី​មាន​អនាគត​ភ្លឺស្វាង​?
ជាតិ
បាក់ឌុប
តើ​អ្នកធ្លាក់​បាក់​ឌុប ត្រូវធ្វើ​ដូចម្តេច​ដើម្បី​មាន​អនាគត​ភ្លឺស្វាង​?
19, Oct 2019 , 3:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សិស្ស​មួយចំនួន បាន​ធ្លាក់​ទឹកចិត្ត និង​ខ្លះទៀត​បាន​បោះបង់​ការសិក្សា​តែម្តង​។ លោក សូ សុធីរ បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ បាន​អះអាងថា អ្នកធ្លាក់​បាក់​ឌុប អាចមាន​មធ្យោបាយ​ជាច្រើន​នៅក្នុង​ការសិក្សា ដូចជា ការសិក្សា​បរិញ្ញាបត្ររ​ង រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ជាដើម​។



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ លោក សូ សុធីរ ដូចតទៅ​៖




​ក្នុងចំណោម​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ១១៧,០៤៣ នាក់ នៅ​ឆ្នាំ​២០១៩ មានតែ​សិស្ស ៦៨.៦២ ភាគរយ​តែប៉ុណ្ណោះ ដែល​បាន​ប្រឡង​ជាប់​។ ចំណែក​សិស្ស​ជាង ៣០​ភាគរយ​ទៀត បាន​បរាជ័យ​ក្នុង​ការប្រឡង​ដ៏​តានតឹង​នេះ​។ តើ​ពួកគេ​ត្រូវធ្វើ​ដូចម្តេច​?

​លោក សូ សុធីរ សាស្ត្រាចារ្យ​ជំនាញ​វិទ្យាសាស្ត្រ​អប់រំ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​អះអាងថា បើទោះបីជា​សិស្ស​ប្រឡង​មិន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក៏ដោយ តែ​ពួកគេ​មិនត្រូវ​អស់សង្ឃឹម​នោះទេ​។ លោក​ពន្យល់ថា​៖ «​អ្នក​ដែល​មិន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ គាត់​មាន​ជម្រើស​ច្រើនណាស់​។ គាត់​អាច​រៀន​យក​មធ្យមសិក្សា​ឯកទេស ដែល​សព្វថ្ងៃ​គេ​ច្រើន​ហៅថា បរិញ្ញាបត្ររង​។ បន្ទាប់មកទៀត បើ​គាត់​ចង់​រៀន​ទៅលើ​ទៀត គាត់​អាច​រៀន​បន្ត​យក​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​»​។

​បើតាម​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ​ដដែល ក្រៅពី​រៀន​បន្ត​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា អ្នកធ្លាក់​បាក់​ឌុប ក៏​អាច​រៀន​យក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ផងដែរ​។ លោក​អះអាងថា ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​កំពុង​ពេញនិយម​នៅពេល​បច្ចុប្បន្ន និង​អាច​នឹងមាន​តម្រូវការ​ច្រើន​នៅ​ថ្ងៃ​អនាគត មានដូចជា​៖ ជាងសំណង់ ជាង​ជួសជុល​រថយន្ត និង​ទោច​ក្រ​យាន្ត ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ សំអាងការ និង​ថែ​សម្ផស្ស​ជាដើម​។

​ទន្ទឹមគ្នា​នឹង​ការបង្ហាញ​ផ្លូវ​សម្រាប់​សិស្ស​ធ្លាក់​បាក់​ឌុប លោក សូ សុធីរ បាន​លើកទឹកចិត្ត​សិស្ស​ដែល​ធ្លាប់​រៀន​ខ្សោយ កុំ​ឲ្យ​បោះបង់ចោល​ការសិក្សា ហើយ​ត្រូវតែ​ភ្ញាក់រលឹក​ប្រឹងប្រែង​រៀនសូត្រ​ឡើងវិញ​។ លោក​បាន​រម្លឹកថា វេជ្ជបណ្ឌិត​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ដែល​បាន​រៀន​ខ្សោយ​ពី​ថ្នាក់ក្រោម តែ​បន្ទាប់ពី​ឪពុក​របស់លោក​ទទួល​មរណភាព​គ្រា​លោក​កំពុង​រៀន​នៅ​មហាវិទ្យាល័យ លោក​ក៏បាន​ភ្ញាក់រលឹក​ខិតខំ​រៀន​រហូត​ជាប់​ថ្នាក់​វេជ្ជបណ្ឌិត​លេខ​១​នៅ​ទូទាំងប្រទេស​អាល្លឺម៉ង់ និង​បាន​ដឹកនាំ​និស្សិត​ថ្នាក់បណ្ឌិត​បាន​១៨៦​នាក់ ព្រមទាំង​បាន​សរសេរ​ជា​ស្នាដៃ​ស្រាវជ្រាវ​ជាន់ខ្ពស់​ចំនួន​៥​ម៉ឺន​ទំព័រ​ទៀតផង​។ 

​លោក​បាន​អត្ថាធិប្បាយ​បែបនេះ​ថា​៖ «​អ្នកខ្សោយ មិនមែន​សុទ្ធតែ​ខ្សោយ​មួយជីវិត​នោះទេ បើសិនជា​យើង​តាំងចិត្ត​។ ពេលខ្លះ​យើង​អត់​បាន​តាំងចិត្ត ឬក៏​យើង​ធ្វេស​ប្រហែល ឬ​យើង​អត់​ទាន់​រកឃើញ​ចំណុច​ណាមួយ​ដែលជា​គោលដៅ​របស់​យើង ទើប​យើង​រៀន​ទាំង​មិនដឹង​។ ដូច្នេះ កាលណា​យើង​ធ្លាក់​សញ្ញាបត្រ​បាក់​ឌុប សូមកុំ​អស់សង្ឃឹម ព្រោះ​សាលា​មាននៅ​គ្រប់​ទីកន្លែង​ទាំង​សាលា​បច្ចេកទេស​ក៏មាន និង​សាកលវិទ្យាល័យ​ក៏មាន​»៕         


Tag:
 បាក់​ឌុប​
 ​សូ សុធីរ​
© រក្សាសិទ្ធិដោយ thmeythmey.com