ជាតិ
គម្រោង«GirlTakeover»ផ្តល់ឱកាសមួយថ្ងៃឲ្យក្មេងស្រីជនបទម្នាក់ ធ្វើជាឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា រូបភាពពីអង្គការភ្លែនអន្តរជាតិកម្ពុជា
× ភ្នំពេញ៖ គម្រោង«ក្មេងស្រីកាន់តួនាទីជំនួស» ឬ «GirlTakeover» ដែលបង្កើតឡើងដោយស្ថានទូតស៊ុយអែតប្រចាំកម្ពុជា និងអង្គការភ្លែនអន្តរជាតិកម្ពុជា ជ្រើសរើសក្មេងស្រីនៅតំបន់ដាច់ស្រយាល មកកាន់តំណែងជំនួសអ្នកដឹកនាំ។ តួនាទីដែលក្មេងស្រីកាន់តំណែងរួមមាន ជារដ្ឋ មន្ត្រីក្រសួងអប់រំ អ្នកគ្រប់គ្រងក្រុមហ៊ុន អង្គការ ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ និងឯកអគ្គរាជទូតផ្សេងៗ។ តាមរយៈគម្រោងនេះ បានជួយឲ្យក្មេងស្រី មានភាពក្លាហាន និងបង្ហាញពីសក្កានុពល និងភាពជាអ្នកដឹកនាំ។
នៅថ្ងៃទិវាក្មេងស្រីអន្តរជាតិ ១១ តុលាឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក Samuel Hurtig បានផ្ទេរតួនាទីរបស់ខ្លួនរយៈពេលមួយថ្ងៃ ទៅក្មេងស្រីកម្ពុជាមកពីតំបន់ជនបទ ក្នុងខេត្តស្ទឹងត្រែង ឈ្មោះ ស្រីភា ដើម្បីឲ្យនាងតួជាឯកអគ្គរាជទូតជំនួស។ ផ្ទេរតួនាទី គឺជាផ្នែកមួយនៃគម្រោង ក្មេងស្រីកាន់តួនាទីជំនួស» ឬ «GirlTakeover» ដែលបង្កើតឡើងដោយស្ថានទូតស៊ុយអែតប្រចាំកម្ពុជា និងអង្គការភ្លែនអន្តរជាតិកម្ពុជា និងដើម្បីឲ្យគម្រោងនេះមានភាពជោគជ័យសម្រាប់ឲ្យស្រី្ត និងក្មេងស្រី ទទួលបានសិទ្ធិអំណាច និងបានបង្ហាញសក្កានុពលខ្លួន។
លោក Samuel Hurtig ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាបានលើកឡើងថា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអ៊ែតថា ការផ្ទេរតំណែង និងតួនាទីឲ្យទៅញ្ញា ស្រីភា រយៈពេលមួយថ្ងៃនេះ គឺជាឱកាសមួយដែលនាងអាចលើកឡើងពីបញ្ហារបស់ក្មេងស្រី នៅក្នុងសហគមន៍ខ្លួន។ លោក Samuel Hurtig បន្ថែមថា៖«នៅពេលដែលស្រីភា ទទួលបានឱកាសស្មើភាពនឹងជីវិតអ្នកដទៃ នោះនាងនឹងអាចផ្លាស់ប្តូរជីវិត និងសហគមន៍របស់នាង តាមរយៈការចូលរួមបង្កើតពិភពលោកមួយដែលកាន់តែមានភាពល្អប្រសើរសម្រាប់មនុស្សគ្រប់រូប»។
ស្រីភា ដែលបានទទួលឱកាសដ៏កម្រដើរតួជាឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសរយៈពេលមួយថ្ងៃ បានបញ្ជាក់ថា នាងបានលើកយកបញ្ហាជាច្រើនដែលខ្លួនធ្លាប់ជួបប្រទះ នៅក្នុងសហគមន៍របស់នាង។ ស្រីភា ក៏បានពិភាក្សាពីបញ្ហាការរៀបការវ័យក្មេង ជាមួយនឹងស្ថានទូតស៊ុយអែត និងការស្វែងយកដំណោះស្រាយ ធ្វើយ៉ាងណាបញ្ឈប់ការរៀបការវ័យក្មេង និងជំរុញឲ្យស្ត្រីវ័យក្មេង សម្រេចមហិច្ឆតារបស់ខ្លួន។ ស្រីភានិយាយដូច្នេះថា៖«ក្នុងសហគមន៍របស់ខ្ញុំ ក្មេងស្រីប្រឈមនឹងបញ្ហាជាច្រើនដូចជា ការរៀបការវ័យក្មេង ការបោះបង់ការសិក្សា ផ្នត់គំនិតយេនឌ័រអវិជ្ជមាន និងកង្វះបុគ្គលគំរូសម្រាប់ក្មេងស្រី។ ការរៀបការវ័យក្មេងគឺជាបញ្ហាធ្ងន់ធ្ងរជាងគេដែលខ្ញុំចង់ដោះស្រាយ»។
ក្រៅពីស្រីភា នៅក្នុងថ្ងៃទិវាក្មេងស្រីអន្តរជាតិនេះ ក៏មានក្មេងស្រីជនបទដទៃទៀតក្នុងខេត្ត សៀមរាប ស្ទឹងត្រែង និងរតនគិរី ត្រូវបានផ្តល់ឱកាសមួយថ្ងៃដូចគ្នា ឲ្យដើរតួនាទីជំនួស ក្នុងតំណែងជាអ្នកដឹកនាំដែរ។
លោកស្រី គ្វីននេត វ៉ង នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបន្ថែមថា ក្មេងស្រីនៅទូទាំងពិភពលោក កំពុងតែប្រឈមនឹងឧបសគ្គធំៗជាច្រើនក្នុងការអភិវឌ្ឍខ្លួន និងសម្រេចក្តីស្រមៃរបស់ខ្លួន។ លោកស្រីបានកត់សម្គាល់ថា ក្មេងស្រី និងស្រី្តវ័យក្មេងនៅកម្ពុជា នៅតែជាប់បញ្ហាវិសមភាពយេនឌ័រ ទាំងនៅក្នុងផ្ទះ សហគមន៍ និងកន្លែងធ្វើការ ហើយការចូលរួមដឹកនាំពីស្ត្រី និងក្មេងស្រី ស្ថិតនៅកម្រិតទាបនៅឡើយ៕
Tag:
ស្ថានទូតស៊ុយអែត
ក្មេងស្រី
អង្គការភ្លែនអន្តរជាតិកម្ពុជា
សៀមរាប
ស្ទឹងត្រែង
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com