អន្តរជាតិ
យុវជន​អាមេរិក​២​នាក់​ត្រូវ​ឃាត់ខ្លួន​ដោយសារ​ចាប់​កូន​ក្រពើ​បង្អកស្រា​បៀរ​
19, Oct 2019 , 4:59 pm        
រូបភាព
ដោយ: ធីតា
​នា​រសៀល​មួយ​នៅ​ក្រុង Palm City រដ្ឋ Florida សហរដ្ឋអាមេរិក បុរស​ពីរ​នាក់​បាននាំគ្នា​ចាប់​កូន​ក្រពើ​ដោយផ្ទាល់​។ ក្រោយ​មកពី​គេ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ភ្នាក់ងារ​អភិរក្ស​សត្វព្រៃ​ប្រចាំ​រដ្ឋ Florida បាន​រាយការណ៍​ពី​សកម្មភាព​ដែល​ពួកគេ​នាំ​ចាប់​កូន​ក្រពើ​នោះ បង្អកស្រា​បៀរ​។​



Noah Osborne អាយុ​២២​ឆ្នាំ បាន​ចាប់​កូន​ក្រពើ​ដោយ​ផ្ទាល់ដៃ បន្ទាប់មក​មិត្ត​របស់គេ​ឈ្មោះ Timothy Kepke អាយុ​២៧​ឆ្នាំ បាន​ចាប់​បន្ត ប៉ុន្តែ​ក្រោយមក​ក្រពើ​នោះបាន​ខាំ​ដៃ​។ តាម​រូបភាព​វីដេអូ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន TC Palm ក្រោយ​ទាញ​ក្រពើ​ចេញពី​ដៃ Kepke បាន​យក​ស្រា​បៀរ​ចាក់​ទៅក្នុង​មាត់​ក្រពើ​តែម្តង​។



ភ្នាក់ងារ​អភិរក្ស​សត្វព្រៃ ចាត់ទុក​សកម្មភាពរ​បស់​យុវជន​អាមេរិក​ទាំងពីរ ជា​អំពើហិង្សា​។ ក្រោយមក ពួកគេ​ត្រូវបាន​ប៉ូលិស​មូលដ្ឋាន​ចាប់ខ្លួន តែ​ត្រូវបាន​ដោះលែង​វិញ​ក្រោម​លក្ខខណ្ឌ​។ Kepke បាន​សារភាព​ប្រាប់​ប៉ូលិស​ថា គេ ពិតជា​បាន​ផឹក មុនពេល​យក​ស្រា​បៀរ​ទៅ​បង្អក​កូន​ក្រពើ ប៉ុន្តែ​គេ​មិន​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​នោះឡើយ​។

​ទោះបីជា​យ៉ាងណាក៏ដោយ Osborne និង Kepke បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ពិតជា​បាន​លែង​កូន​ក្រពើ​ចូលទៅក្នុង​ទឹក​វិញ​។ ស្ត្រី​ម្នាក់​ដែល​ឃើញ​សកម្មភាព​របស់​អ្នក​ទាំង​ពីរបាន​អះអាងថា កូន​ក្រពើ​បាន​ខាំ​កដៃ​របស់ Kepke ដោយសារតែ​ទង្វើ​របស់​យុវជន​រូបនោះ​ផងដែរ​។​

Kepke និង Osborn ត្រូវបាន​ឃាត់ខ្លួន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មានការ​ប្រាក់​ធានា ៥០០០​ដុល្លារ​អាមេរិក និង​២៥០០​ដុល្លារ​អាមេរិក​រៀងៗ​ខ្លួន​៕



© រក្សាសិទ្ធិដោយ thmeythmey.com