ទាំង​ពន្ធដារ ទាំង​គយ ប្រមូល​ពន្ធ​បាន​ជាង ៤៥០០​លាន​ដុល្លារ​ក្នុង​៩​ខែ​ឆ្នាំនេះ​
ជាតិ
សេដ្ឋកិច្ច
ទាំង​ពន្ធដារ ទាំង​គយ ប្រមូល​ពន្ធ​បាន​ជាង ៤៥០០​លាន​ដុល្លារ​ក្នុង​៩​ខែ​ឆ្នាំនេះ​
19, Oct 2019 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថាប័ន​ប្រមូល​ចំណូល​ពន្ធ​ទាំងពីរ គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក្នុង​អ​ឡុង​ពេល​បី​ត្រីមាស​ដើមឆ្នាំ​២០១៩ បាន​កៀងគរ​ចំណូល​សរុប​ជាង ៤៥៧៤​លាន​ដុល្លារ ចូល​ថវិកាជាតិ ។​



​ក្នុងនោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធអាករ ចំនួន ២១៨៣,៦៨​លាន​ដុល្លារ ស្មើនឹង​ជាង​៩៥​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ និង​កើនឡើង ២៩​ភាគរយ​បើ​ធៀប​នឹង​រយៈ​ដូចគ្នា​នៅ​ឆ្នាំ​២០១៨ ។

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​នៅ​ថ្ងៃទី​១៨​ខែតុលា ប្រភេទ​ពន្ធ​សំខាន់​ដែល​រួមចំណែក​ដល់​កំណើន​ចំណូល​ពន្ធ​នេះ រួមមាន អាករ​លើ​តម្លៃបន្ថែម​(VAT) កើន ៣៣​ភាគរយ ពន្ធ​លើ​ប្រាក់ចំណូល​កើន​២៦,៨​ភាគរយ អាករ​ពិសេស​កើន​២៦,៥​ភាគរយ ពន្ធលើប្រាក់បៀវត្ស​កើន ១៦,៦​ភាគរយ និង​ពន្ធ​លើ​ឈ្នួល​ផ្ទះ​និង​ដី​កើន​៧០​ភាគរយ​។​
​ដោយឡែក ក្នុងអំឡុងពេល​៩​ខែ​ឆ្នាំនេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រក​ចំណូល​គយ​សរុប ២៣៩១​លាន​ដុល្លារ កើនឡើង ៣៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។ ចំណូល​នេះ​គឺ​ស្មើនឹង​១០៦​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​គយ នៅ​ថ្ងៃទី​១៨​ខែតុលា​។​



​ប្រភេទ​ពន្ធ​សំខាន់ៗ ដែល​អគ្គនាយកដ្ឋាន​គ​យ ប្រមូលបាន និង​មាន​កំណើន​គួរឱ្យកត់សម្គាល់ រួមមាន​ពន្ធគយ (​ពន្ធ​នាំចូល​) កំណើន​ជិត​៣៨​ភាគរយ​, អាករ​ពិសេស​កើន ៣៩​ភាគរយ និង​អាករ​លើ​តម្លៃបន្ថែម​កើន​ជាង​៣២​ភាគរយ​។ គួរ​បញ្ជាក់ថា មុខទំនិញ​ជា​ប្រភព​ចំណូល​សំខាន់ៗ​រួមមាន យានយន្ត​និង​គ្រឿងចក្រ គ្របដណ្តប់​ប្រមាណ​ជាង ៥២​ភាគរយ​នៃ​ចំណូល​សរុប​, ប្រេងឥន្ធនៈ​និង​ថាមពល​ប្រមាណ​ជិត​១៧​ភាគរយ និង​ទំនិញ​ចម្រុះ​និង​គ្រឿងសំណង់​មាន​ប្រមាណ ២៩,៥​ភាគរយ នៃ​ចំណូល​សរុប​៕


Tag:
 ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com