ជាតិ
បុណ្យអុំទូក
អភិបាលខេត្ត រំពឹងពិធីប្រណាំងទូកនៅបន្ទាយមានជ័យនាចុងខែនេះ នឹងទាក់ទាញមនុស្សច្រើនកុះករ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
× ភ្នំពេញ៖ ដូចឆ្នាំមុនដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងប្រារព្ធពិធីប្រណាំងទូកចំនួន២៥ នៅតាមដងស្ទឹងសិរីសោភ័ណ ខាងក្រោយបរិវេណសាកលវិទ្យាល័យមានជ័យ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ខែតុលា ដើម្បីអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាដែលបានដកស្រង់ព័ត៌មានពីកិច្ចប្រជុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែតុលា។
រយៈពេល២ថ្ងៃនៃពិធីប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ នឹងមានទូកចំនួន២៥ចូលរួម ក្នុងនោះទូកចំណុះ៧០នាក់ឡើងទៅចំនួន២ទូក,ទូកចំណុះ៦០នាក់ឡើងទៅចំនួន២ទូក,ទូកចំណុះ២២នាក់ឡើងទៅមាន១៥ទូក,ទូកចំណុះ៥នាក់មាន៤ទូក និងទូកចំណុះ៣ នាក់មាន២ទូក។ រដ្ឋបាលខេត្តក៏បានរៀបចំការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ និងសមិទ្ធផលនានាដែលមាននៅក្នុងខេត្ត ព្រមទាំងមានការប្រគំតន្ត្រីមហោស្រព ការប្រឡងចម្រៀងបុរាណ សម័យ និងមានការប្រកួតកីឡាប្រដាល់ រួមទាំងកម្មវិធីផ្សេងៗទៀត។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានដកស្រង់សំដីរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដូច្នេះថា ពិធីប្រណាំងទូកនៅខេត្តបន្ទាយមានជ័យឆ្នាំនេះ នឹងរៀបចំឲ្យល្អជាងបណ្តាឆ្នាំមុនៗ។ លោក អ៊ុំ រាត្រីបញ្ជាក់ថា ពិធីប្រណាំងទូកឆ្នាំនេះតម្រូវឲ្យកីឡាករស្លៀកពាក់ឲ្យបានស្អាតបាតសមរម្យ ទៅតាមប្រពៃណី ទំនៀមទម្លាប់ និងដើម្បីធ្វើយ៉ាងណាឲ្យទាក់ទាញដល់ភ្ញៀវទេសចរ។
ដើម្បីឲ្យពិធីនេះប្រព្រឹត្តទៅដោយភាពអធិកអធម និងមានភាពទាក់ទាញ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានរៀបចំតុបតែងភ្លើងបំភ្លឺ និងបង្គាប់ឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងគណៈកម្មការរៀបចំបុណ្យអុំទូក រៀបចំសណ្តាប់ធ្នាប់នៅគ្រប់ទីកន្លែងកម្សាន្តនានាឲ្យបានល្អប្រសើរ។
ជាមួយគ្នាផងដែរ អភិបាលខេត្តបានអំពាវនាវដល់ពលរដ្ឋទាំងទីជិតទីឆ្ងាយ ចូលរួមឲ្យបានច្រើនកុះករនៅក្នុងពិធីប្រណាំងទូកនេះ និងរួមគ្នាថែរក្សាបរិស្ថានផងដែរ។
ក្រោយពីខេត្តកណ្តាល និងបាត់ដំបង ដែលបានប្រារព្ធពិធីប្រណាំងទូក ដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីរួចមក ខេត្តកំពង់ស្ពឺ ស្វាយរៀង ស្ទឹងត្រែង សៀមរាប ក៏ត្រៀមរៀបចំពិធីប្រណាំងទូកផងដែរ។ ខេត្តស្វាយរៀង ប្រារព្ធពិធីប្រណាំងទូកនៅថ្ងៃទី២៧ ខែតុលា នៅឯទន្លេវ៉ៃគោ។ នៅថ្ងៃទី១-២ ខែវិច្ឆិកា នៅខេត្តស្ទឹងត្រែងមានការប្រណាំងទូកនៅតាមដងទន្លេសេកុង។ ខេត្តកំពង់ស្ពឺឯណោះវិញធ្វើនៅថ្ងៃទី២-៣ ខែវិច្ឆិកា នៅដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត។ ខេត្តសៀមរាប រៀបចំពិធីនេះនៅថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា៕
Tag:
អុំទូក
ទន្លេ
កីឡាករ
រដ្ឋបាលខេត្តបន្ទាយមានជ័យ
អុំ រាត្រី
© រក្សាសិទ្ធិដោយ thmeythmey.com