ជាតិ
បុណ្យអុំទូក
អភិបាលខេត្ត រំពឹង​ពិធី​ប្រណាំងទូក​នៅ​បន្ទាយមានជ័យ​នា​ចុងខែ​នេះ នឹង​ទាក់ទាញ​មនុស្ស​ច្រើន​កុះករ
19, Oct 2019 , 7:59 pm        
រូបភាព
រូបភាពពី​រដ្ឋ​បាលខេត្តបន្ទាយ​មាន​ជ័យ​
រូបភាពពី​រដ្ឋ​បាលខេត្តបន្ទាយ​មាន​ជ័យ​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​ឆ្នាំមុន​ដែរ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នឹង​ប្រារព្ធ​ពិធី​ប្រណាំងទូក​ចំនួន​២៥ នៅតាម​ដងស្ទឹង​សិរីសោភ័ណ ខាងក្រោយ​បរិវេណ​សាកលវិទ្យាល័យ​មានជ័យ រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០​ខែតុលា ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​។  នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ដែល​បាន​ដកស្រង់​ព័ត៌មាន​ពី​កិច្ចប្រជុំ​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែតុលា​។



​រយៈពេល​២​ថ្ងៃ​នៃ​ពិធី​ប្រណាំងទូក​នៅ​ខេត្តបន្ទាយមានជ័យ នឹងមាន​ទូក​ចំនួន​២៥​ចូលរួម ក្នុងនោះ​ទូក​ចំណុះ​៧០​នាក់​ឡើងទៅ​ចំនួន​២​ទូក​,​ទូក​ចំណុះ​៦០​នាក់​ឡើងទៅ​ចំនួន​២​ទូក​,​ទូក​ចំណុះ​២២​នាក់​ឡើងទៅ​មាន​១៥​ទូក​,​ទូក​ចំណុះ​៥​នាក់​មាន​៤​ទូក និង​ទូក​ចំណុះ​៣ នាក់​មាន​២​ទូក​។ រដ្ឋបាលខេត្ត​ក៏បាន​រៀបចំ​ការតាំងពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ និង​សមិទ្ធផល​នានា​ដែលមាន​នៅក្នុង​ខេត្ត ព្រមទាំង​មានការ​ប្រគំ​តន្ត្រី​មហោស្រព ការប្រឡង​ចម្រៀង​បុរាណ សម័យ និង​មានការ​ប្រកួត​កីឡាប្រដាល់ រួមទាំង​កម្មវិធី​ផ្សេងៗ​ទៀត​។​

​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​បាន​ដកស្រង់​សំដី​របស់លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដូច្នេះ​ថា ពិធី​ប្រណាំងទូក​នៅ​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ នឹង​រៀបចំ​ឲ្យ​ល្អ​ជាង​បណ្តា​ឆ្នាំមុនៗ​។ លោក អ៊ុំ រាត្រី​បញ្ជាក់ថា ពិធី​ប្រណាំងទូក​ឆ្នាំនេះ​តម្រូវ​ឲ្យ​កីឡាករ​ស្លៀកពាក់​ឲ្យ​បាន​ស្អាតបាត​សមរម្យ ទៅតាម​ប្រពៃណី ទំនៀមទម្លាប់ និង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​។

​ដើម្បី​ឲ្យ​ពិធី​នេះ​ប្រព្រឹត្ត​ទៅដោយ​ភាព​អធិកអធម និង​មាន​ភាព​ទាក់ទាញ អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានរៀបចំ​តុបតែង​ភ្លើង​បំភ្លឺ និង​បង្គាប់​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ និង​គណៈកម្មការ​រៀប​ចំ​បុណ្យអុំទូក រៀបចំ​សណ្តាប់ធ្នាប់​នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​នានា​ឲ្យ​បានល្អ​ប្រសើរ​។​

​ជាមួយគ្នា​ផងដែរ អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​ទីជិត​ទី​ឆ្ងាយ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​នៅក្នុង​ពិធី​ប្រណាំងទូក​នេះ និង​រួមគ្នា​ថែរក្សា​បរិស្ថាន​ផងដែរ​។

​ក្រោយពី​ខេត្តកណ្តាល និង​បាត់ដំបង ដែល​បាន​ប្រារព្ធ​ពិធី​ប្រណាំងទូក ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែត​ប្រ​ទី​រួចមក ខេត្តកំពង់ស្ពឺ ស្វាយរៀង ស្ទឹងត្រែង សៀមរាប ក៏​ត្រៀម​រៀបចំ​ពិធី​ប្រណាំងទូក​ផងដែរ​។ ខេត្តស្វាយរៀង ប្រារព្ធ​ពិធី​ប្រណាំងទូក​នៅ​ថ្ងៃទី​២៧ ខែតុលា នៅឯ​ទន្លេ​វ៉ៃ​គោ​។ នៅ​ថ្ងៃទី​១-២ ខែវិច្ឆិកា នៅ​ខេត្តស្ទឹងត្រែង​មានការ​ប្រណាំងទូក​នៅតាម​ដង​ទន្លេសេកុង​។ ខេត្តកំពង់ស្ពឺ​ឯណោះ​វិញ​ធ្វើ​នៅ​ថ្ងៃទី​២-៣ ខែវិច្ឆិកា នៅ​ដងស្ទឹង​ព្រែក​ត្នោត មុខ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ ខេត្តសៀមរាប រៀបចំ​ពិធី​នេះ​នៅ​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​៕






Tag:
 អុំទូក​
 ​ទន្លេ​
 ​កីឡាករ​
 ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​
  អុំ រាត្រី
© រក្សាសិទ្ធិដោយ thmeythmey.com