ជាតិ
ត្រី​កំបុតច្រមុះ រស់នៅ​តាម​ដង​ទន្លេ ប៉ុន្តែ​កូន​របស់​វា ជួនកាល​ចូលទៅ​តាម​តំបន់​វាលភក់ និង​តាម​វាលទំនាប​លិច​ទឹក​ផងដែរ​
19, Oct 2019 , 8:29 pm        
រូបភាព
   ​ត្រី​កំបុតច្រមុះ​។ រូបភាព​៖ Dinh D. Tran / ffish.asia
​ត្រី​កំបុតច្រមុះ​។ រូបភាព​៖ Dinh D. Tran / ffish.asia
ដោយ: ថ្មីៗ
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅ​តាម​ដង​ទន្លេ ដោយ​កូន​របស់​វា ជួនកាល​ចូលទៅ​តាម​តំបន់​វាលភក់ និង​តាម​វាលទំនាប​លិច​ទឹក​ផងដែរ​។



​ត្រី​កំបុតច្រមុះ មានឈ្មោះ​វិទ្យាសាស្ត្រ (Amblyrhynchichthys micracanthus) វា​មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៩.៧ ស​.​ម​។ ត្រី​កំបុតច្រមុះ ស៊ី​ស្លែ ប្លង់តុង​រុក្ខជាតិ ប្លង់តុង​សត្វ ព្រមទាំង​សត្វល្អិត និង​កាកសំណល់​ផ្សេងៗ ជា​អាហារ​។

​លក្ខណៈ​សម្គាល់​៖ មាន​ព្រុយ​ទ្រនង់ខ្នង​រឹង​ចំនួន​១ រាង​រឆេងរឆូង​ដូច​ធ្មេញរណារ​។ ព្រុយ​ពោះ មាន​ទ្រនង់​ទន់​ចំនួន​៩​។ ក្តោងច្រមុះ​ខ្លី​កំបុត​។ ភ្នែក​ធំ​មាន​ត្របកភ្នែក​។ មាន​ពុកមាត់​។ មាន​ស្រកា​៣​ជូរ​នៅ​ចន្លោះ​ព្រុយ​គូទ និង​រន្ធ​ភេទ​។ ចុង​ព្រុយ​ខ្នង និង​ព្រុយ​កន្ទុយ​មាន​ពណ៌​ខ្មៅ​។ ត្រី​កំបុតច្រមុះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅ​ផុត​ពូជ​។​

​សូម​ចូលរួម​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ពង​កូន​របស់​មច្ឆជាតិ​ឲ្យ​បាន​គង់វង្ស និង​ជួយ​លប់បំបាត់​នូវ​រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ ដែល​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​ជលផល ប្រយោជន៍​ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​សម្បូរ​ឡើងវិញ សម្រាប់​ទុក​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com