ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បករ​សង្ឃឹមថា ថ្ងៃមួយ​ទម្រង់​សិល្បៈ​បុរាណ ស្គាល់​ការគាំទ្រ​លែង​រង្គោះរង្គើ​ពី​ទស្សនិកជន​ខ្មែរ​
19, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភ្ជាប់​ជាមួយ​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ការសម្ដែង​ល្ខោន​យីកេ​ដុំ​កង់ ទទួលបាន​អ្នកទស្សនា​ពេញ​រោង នា​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា​កន្លងទៅ​។ តែ​ទោះជា​យ៉ាងណា ភាព​អ៊ូអរ​នេះ មិនមាន​រៀងរាល់​ពេល​សម្ដែង​សិល្បៈ​បុរាណ​ឡើយ ហើយ​ទាំងនេះ ជាដើម​ហេតុនាំឱ្យ​ប្រធាន​សមាគម​សិល្បករ​គោកធ្លក និង​សិល្បករ​ទាំងអស់ ក្នុង​ក្រុម​កំពុង​ព្រួយបារម្ភ​រាល់ថ្ងៃ​។ ទោះជា​យ៉ាងនេះ​ក្តី ទាំង​ប្រធាន​សមាគម​សិល្បករ​គោកធ្លក និង​សិល្បករ នៅតែ​សង្ឃឹមថា នឹងមាន​ថ្ងៃមួយ​ដែល​ទស្សនិកជន​ខ្មែរ ស្រឡាញ់ និង​ថែរក្សា​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ ព្រមទាំង​ធ្វើ​សិល្បៈ​បុរាណ ស្គាល់​ភាព​ឋិត​ឋេ​រ​។​



​ដើម្បី​ជ្រាប​ច្បាស់​ពី​ស្ថានភាព​ការសម្ដែង​សិល្បៈ​បុរាណ របស់​សមាគម​សិល្បក​រ​គោកធ្លក​នាពេល​បច្ចុប្បន្ន សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖




​នេះ​ជាការ​សម្ដែង​ល្ខោន​យីកេ​ដុំ​កង់ របស់​សមាគម​សិល្បក​រ​គោក​ធ្លោ​ក រឿង​«​មា​យើង​» ដកស្រង់​ត្រង់​ឈុត​ដូរ​ប្រពន្ធ​។ លោក ភឿង កុម្ភៈ  ប្រធាន​សមាគម​សិល្បក​រ​គោកធ្លក បាន​ពន្យល់​ពី​ភាពខុសប្លែក​គ្នា​រវាង​ល្ខោន​យីកេ​ធម្មតា និង​ល្ខោន​យីកេ​ដុំ​កង់​។ «​យីកេ​ធម្មតា មាន​កាត់​ឆាក មាន​រូត​វាំងនន ហើយ​តួ​សម្ដែង​ឈរ​នៅ​ខាងក្រោយ​ឆាក ដល់ពេល​សម្ដែង​ទើប​គេ​ចេញ​។ នៅពេល​សម្ដែង​ចប់ គេ​ក៏​ចូលទៅក្នុង​វិញ​។ ប៉ុន្តែ​យីកេ​ដុំ​កង់​វិញ សិល្បករ​អង្គុយ​ជា​រង្វង់​ដូចជា​កង់រទេះ​អ៊ីចឹង ប៉ុន្តែ​គេ​អង្គុយតែ​ពាក់កណ្ដាល​រង្វង់​ទេ ដើម្បី​ឱ្យមាន​កន្លែង​សម្ដែង​។
បើ​តួ​ណា​ស្លាប់​តួ​ហ្នឹង​ក្រោក​ដើរមក​អង្គុយ​ជា​ដុំ​កង់ មើល​តួ​ផ្សេងទៀត​សម្ដែង​ធម្មតា​។ បើ​តួ​ណា​ចេះ​លេងភ្លេង គាត់​ជួយ​លេងភ្លេង​គេ​ទៅ​។ នេះ​ជា​ចំណុច​ពិសេស របស់​យីកេ​ដុំ​កង់​។ យីកេ​ដុំ​កង់​នេះ ចាស់      ជាង​យីកេ​សព្វថ្ងៃ​»​។



ទស្សនិកជន​ហាក់​ចាប់អារម្មណ៍​ខ្លាំង ទៅ​តួអង្គ​នាង​មាយា ដែលជា​ស្រីកញ្ជើធ្លុះ ព្រោះតែ​ទេព​កោ​ល្យ​សម្ដែង ដែលមាន​ភាព​ម្ញ៉ិកម្ញ៉ក់​នោះ​។ ដោយសារតែ​ពេលវេលា​មានកំណត់ ការសម្ដែង​ត្រូវ​កាត់​យកតែ​ឈុត​ដូរ​ប្រពន្ធ​របស់​សេដ្ឋី និង​មាណព ក្នុង​រឿង​មា​យើង​មក​សម្ដែង​តែប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា ឈុត​នេះ​បានផ្ដល់​ជា​គតិ​អប់រំ​យ៉ាង​ជ្រាលជ្រៅ សម្រាប់​នារី​ខ្មែរ​គ្រប់រូប រួមទាំង​បុរស​ផងដែរ ក្នុងការ​ជ្រើសរើស​គូស្រករ​។
​នៅ​ទស្សនា​ការសម្ដែង​តាំងពីដើម​រហូតដល់​ចប់ ដែលមាន​ល្ខោន​ស្រមោល​ស្បែក​តូច ហើយ​នៅ​ចុង​កម្មវិធី គឺ​ការសម្ដែង​ល្ខោន​យីកេ​ដុំ​កង់​នេះ អ្នកនាង ទាវ បណ្ដូល ដែលជា​អ្នកគាំទ្រ​សិល្បៈ​បុរាណ​មួយរូប បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទាំង​ញញឹម​រួសរាយ​ថា នេះ​ជា​លើក​ទី​១​ដែល​អ្នកនាង​បាន​មើលល្ខោន​យីកេ​ដុំ​កង់​។ អ្នកនាង​បញ្ជាក់​៖«​ខ្ញុំ​ធ្លាប់​មើលល្ខោន​យីកេ តែ​មិន​ធ្លាប់​មើលល្ខោន​យីកេ​ដុំ​កង់​ទេ​។ ពេល​មើល​យីកេ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ដូចជា​បាន​ត្រឡប់​ទៅ​សម័យ​ដើម​វិញ​អ៊ីចឹង​។ ល្ខោន​អាន ក៏​ខ្ញុំ​ទើបតែ​បាន​មើល​ដែរ​។ ខ្ញុំ​ចង់​មើលល្ខោន​ឱ្យបាន​ច្រើន​ទម្រង់​។ ដូច្នេះ​បន្តិចទៀត ខ្ញុំ​នឹង​ទិញ​ប័ណ្ណសមាជិក​ដែលមាន​តម្លៃ​៣០​ដុល្លារ សម្រាប់​មក​មើល​មួយ​គ្រួសារ និង​ពេញ​១​ឆ្នាំ​។ ខ្ញុំ​ចង់​នាំ​កូនៗ​របស់ខ្ញុំ មក​មើល​ការសម្ដែង​នេះ​។ ខ្ញុំ​កោតសរសើរ​សមាគម​គោកធ្លក​ណាស់ ដែល​បានរៀបចំ​ឱ្យមាន​ការសម្ដែង​ជា​ទៀត​ទាត់​»​។



មាន​វ័យ​៣៨​ឆ្នាំ ស្ត្រី​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​រូបនេះ គាំទ្រ​ការរៀបចំ​ឱ្យមាន​ការសម្ដែង​សិល្បៈ​បុរាណ​គ្រប់​ទម្រង់ ជា​ទៀត​ទាត់​ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ ដែល​សមាគម​សិល្បករ​គោកធ្លក​បានធ្វើ​។ «​បើ​យើង​ចង់​គាំទ្រ និង​ថែរក្សា តែ​មិនមាន​កន្លែង​យើង​មិនអាច​ទៅបាន​ទេ​។ ប៉ុន្តែ​ពេលនេះ គាត់​បាន​បង្កើត​បែបនេះ យើង​អាចមក​មើល​បាន​។ ហើយ​ខ្ញុំ​មាន​មិត្ត​ភ័ក្ដិ​ច្រើន​។ បរទេស​ក៏មាន​។ ខ្ញុំ​នឹង​ជួយ​ផ្សព្វផ្សាយ​បន្តទៀត ពី​ការសម្ដែង​នេះ ឱ្យ​គាត់​បាន​នាំ​កូនចៅ​គាត់​មក​មើល​ផង ជាពិសេស​គឺ​ក្មេងៗ​»​។ 
​ទោះបីជា​មានការ​គាំទ្រ​ខ្លះ​ក៏ពិតមែន តែ​ជាក់ស្ដែង​រាល់​ការសម្ដែង​ពីថ្ងៃ​សុក្រ ដល់​ថ្ងៃអាទិត្យ​នៅ​បរិវេណ​បណ្ណាល័យ​ជាតិ នៅតែ​មិនសូវមាន​អ្នក​ចូល​ទស្សនា បើទោះបីជា​តម្លៃ​សំបុត្រ​ត្រឹមតែ ១២,០០០​រៀល​ក្ដី​។ នេះ​បើតាម​ការ​ត្អូញត្អែរ​របស់​ប្រធាន​សមាគម​សិល្បករ​គោកធ្លក លោក ភឿង កុម្ភៈ​។ «​សម្ដែង​មួយថ្ងៃ បើ​បាន​ភ្ញៀវ​១០​នាក់​នោះ​ច្រើន​ហើយ​។ តាំងពី​សម្ដែង​មក មិនមាន​ថ្ងៃ​ណា ដែល​លក់​សំបុត្រ​បាន អាច​ចិញ្ចឹម​សិល្បករ​រស់​ទេ​សព្វថ្ងៃ​នេះ​។ កាលពីមុន​ពេលដែល​យើង​មាន​ម្ចាស់ជំនួយ យើង​ឱ្យ​សិល្បករ​១​ថ្ងៃ ៣០​ដុល្លារ ប៉ុន្តែ​ពេលនេះ យើង​ឱ្យ​សិល្បករ​មួយថ្ងៃ​តែ​២​ដុល្លារ​ទេ​។ យើង​នៅតែ​ចង់​ដាច់ខ្យល់​។ ថ្ងៃនេះ មាន​សិល្បករ​សម្ដែង​៣០​នាក់ ថ្ងៃ​ខ្លះ​ជាង​៣០​នាក់ ហើយ​បើ​ប៉ះចំ​ថ្ងៃ​លេង​ខោល​ទៀត ឡើង​៣៧​នាក់​»​។



​ឈរ​នៅមុខ​ឆាក​សម្ដែង ដូច​មិនមាន​កម្លាំង​ក្នុង​ខ្លួន ក្នុង​សម្លៀកបំពាក់​អាវ​ខៀវ​ឆ្នូត​ស ក្រោម​ទឹកមុខ​ហាក់​ទូល​ទុក្ខ​ជាប់​ជានិច្ច​នោះ លោក កុម្ភៈ បង្ហាញ​ពី​ភាព​អស់សង្ឃឹម ជុំវិញ​ការប្រឹងប្រែង ដែល​មើលមិនឃើញ​កោះ​មិនឃើញ​ត្រើយ​។ «​សំបុត្រ​១ តម្លៃ​១២,០០០​រៀល ប៉ុន្តែ​បើ​គេ​ទិញ​ប័ណ្ណសមាជិក​មួយ​៣០​ដុល្លារ គេ​អាច​មើល​បាន​១​ឆ្នាំ និង​១​គ្រួសារ​។ ១​ឆ្នាំ យើង​លេង​១៤​រឿង ប្រហែល​៦ ទៅ​៧​ទម្រង់​។ ប័ណ្ណសមាជិក​នេះ លក់​៦​ខែ​ទៅហើយ ទើបតែ​បាន​៥០​សន្លឹក​។ មួយថ្ងៃ​យើង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច ៦០០ ដុល្លារ​ជាប្រចាំ ប៉ុន្តែ​ប័ណ្ណសមាជិក គេ​ទិញ​តិចពេក​។ ដូច្នេះ​មិនដឹងថា​ថ្ងៃ​ណា​រលំ​»​។
​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​អាប់អួ​ខ្លាំង ក្នុង​ដំណើរការ​ទ្រទ្រង់​សិល្បៈ​បុរាណ លោក ភឿង កុម្ភៈ​ថា លោក​នឹង​ព្យាយាម​ទាក់ទង​ស្ថាប័ន​ផ្សេងៗ ដើម្បី​ភ្ជាប់​កិច្ចសហការ​។ «​ខ្ញុំ​មាន​គម្រោង​ទៅ​ជួប​ខាង​ក្រសួង​ធំៗ​មួយចំនួន ទៅទាក់ទង​តាម​សាលា​អន្តរជាតិ សាលា​ឯកជន និង​សាលា​រដ្ឋ ដើម្បី​សុំ​កិច្ចសហការ​។ ដូចជា​អង្គការ​ផ្សេងៗ​ដែល​គេ​មាន​ចិញ្ចឹម​ក្មេង យើង​សហការ​ជាមួយ​គេ មួយឆ្នាំ​គេ​អាច​បញ្ជូន​ក្មេងៗ​ឱ្យមក​មើល​ម្ដង ទៅ​២​ដង​អ៊ីចឹងទៅ​»​។



​ងាក​មក​ទស្សនិកជន​វិញ​។ នេះ​ជា​លើក​ទី​១ សម្រាប់​អ្នកស្រី រ៉ាំ ឌឿ​ន ដែល​បានមក​មើលល្ខោន​យីកេ​ដុំ​កង់​។ សម្រាប់​សិល្បៈ​បុរាណ​ផ្សេងៗ​ទៀត ក៏​អ្នកស្រី​មិនសូវ​បាន​ទស្សនា​ដែរ​។ មិនសូវ​បានមក​មើល ក៏​ព្រោះតែ​ស្ត្រី​កូន​២​រូបនេះ មមាញឹក​នឹង​ការងារ ហើយក៏​មិនសូវ​ទទួលបាន​ព័ត៌មាន ទាក់ទង​ការសម្ដែង​សិល្បៈ​បុរាណ​ដែរ​។
​សើច​បិទមាត់​មិន​ជិត ហើយ​ដៃ​ចេះតែ​កេះ​មិត្តស្រី​ម្នាក់ទៀត​ដែល​អង្គុយ​នៅក្បែរ​ខ្លួន រាល់ពេល​ឃើញ​តួ​សម្ដែង​ប្រើ​កិរិយា​ម្ញ៉ិកម្ញ៉ក់ ពេល​សម្ដែង​លើ​ឆាក​នោះ អ្នកស្រី ឌឿ​ន ប្រាប់​ពី​អារម្មណ៍​របស់ខ្លួន​ពេល​មើលល្ខោន​។ «​នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​បានមក​មើល​ការសម្ដែង​បែបនេះ​។ ខ្ញុំ​មិនដែល​ដឹងថា ការសម្ដែង​បែបនេះ មាននៅ​ឯណា​ទេពី​មុន​។ ពេល​បាន​មើល ខ្ញុំ​ឃើញថា​កូន​ខ្មែរ​យើង មាន​ស្នាដៃ​ល្អ​។ ខ្ញុំ​យក​កូន​មក​មើល​ដែរ ព្រោះ​ចង់ឱ្យ​គាត់​ស្គា​ល់ពី​វប្បធម៌​ខ្មែរ​យើង​មាន​អ្វីខ្លះ កុំឱ្យ​គាត់​ស្គាល់​តែ​ការសម្ដែង​ដែល​ចម្លង​ពី​បរទេស របៀប​ហក់លោតៗ​នោះ​។ ពេល​យើង​មើលទៅ យើង​មិន​គិតថា​ខ្មែរ​យើង​អន់​ទេ គិតថា​ខ្មែរ​យើង​ពូកែ​ណាស់​។ បើ​ថា​យំ គឺ​យំ​ពិតៗ​។ ខ្ញុំ​មើល​ហើយ​ចង់​មើល​ទៀត​»​។



មក​មើលល្ខោន​យីកេ​ដុំ​កង់​លើក​ទី​១ ចំ​រឿង​«​មា​យើង​»​ធ្វើឱ្យ​អ្នកស្រី រ៉ាំ ឌឿ​ន ស្ងើចសរសើរ​ចំពោះ​ទឹកដៃ​និពន្ធ​នេះ ដែល​បាន​អប់រំ​ដល់​ស្ត្រី​ក្នុងសង្គម​។ «​បើ​ស្រី​ចេះ​ទុកដាក់ ទោះ​ថ្ងៃនេះ​ក្រ ថ្ងៃក្រោយ​មិន​ប្រាកដថា​ក្រ​ទៀត​ទេ​។ ប៉ុន្តែ​បើ​ស្រី​មិនចេះ​ទុកដាក់ ទោះ​ថ្ងៃនេះ​មាន​ជា​មហាសេដ្ឋី ដូច​រឿង​អម្បាញ់មិញ​អ៊ីចឹង ដល់​ថ្ងៃ​ណាមួយ ក៏​គង់​រលាយ​ហិនហោច​អស់​ដែរ​។ ស្រី​គ្រប់លក្ខណ៍​ជា​ប្រពន្ធ​សេដ្ឋី គាត់​ឃើញ​កញ្ជើ​របស់​នាង​កញ្ជើធ្លុះ​ហ្នឹង​រហែក ក៏​ស្រែក​ប្រាប់ថា នាង​កញ្ជើ​រហែក​ហើយ​។ តែ​នាង​នោះ មិន​យកចិត្តទុកដាក់​ចុក​ទេ នៅតែ​កញ្ឆក់កញ្ឆែង​កំពប់​ត្រី ប្ដី​ខំរ​កមក​អស់​»​។



​ចំណែក​កញ្ញា ហេង ដា​លី​ស គឺជា​សិល្បការិនី​ដែល​ដើរតួ​ជា​ស្ត្រី​គ្រប់លក្ខណ៍ ក្នុង​រឿង​«​មា​យើង​» ខាងលើ​។ មាន​អាយុ​ទើបតែ​១៩​ឆ្នាំ និង​រៀន​ឆ្នាំ​ទី​២ ឯកទេស​យីកេ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដា​លី​ស សង្កេតឃើញថា ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែល​មហាជន​ស្គាល់​ទម្រង់​យីកេ​បាន​ច្រើន​បន្តិច​។ «​ដំបូង​ឡើយ ខ្ញុំ​ស្រឡាញ់​របាំ​បុរាណ​ទេ ប៉ុន្ដែ​បើ​ខ្ញុំ​ចូលរៀន​របាំ​ខ្ញុំ ត្រូវ​ខាត​ថ្នាក់​រហូតដល់​ទៅ​៣ ទៅ​៤​ឆ្នាំ​។ ដូច្នេះ ខ្ញុំ​ក៏​ចូលរៀន​ខាង​ល្ខោន​យីកេ​វិញ​។ ដំបូង​ខ្ញុំ​មិនសូវ​ស្រឡាញ់​ទេ ប៉ុន្តែ​យូរ​ទៅ​ខ្ញុំ​ក៏​ស្រឡាញ់​។ ល្ខោន​យីកេ​ភាគច្រើន មិនសូវមាន​អ្នក​ស្គាល់​ទេ​។ អ្នកខ្លះ​សូម្បីតែ​សាលា​វិចិត្រសិល្បៈ ក៏​គេ​មិន​ស្គាល់​ផង​។ ទើបតែ​ប៉ុន្មាន​ឆ្នាំនេះ​ទេ ដែលមាន​គេ​ស្គាល់​ច្រើន ដោយសារ​មានការ​ផ្សព្វផ្សាយ និង​មានការ​គាំទ្រ​ខ្លះ​»​។



​មាន​សម្រស់​ស្រស់​សោភា និង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​សម្ដែង នារី​រាង​តូច​ស្ដើង​រូបនេះ ចង់​បោះបង់ចោល​ជំនាញ​របស់ខ្លួន​ម្ដងៗ​ដែរ​។ ព្រោះតែ​ការគាំទ្រ មិន​ស្រប​នឹង​ស្ថានភាព​ជីវភាព​គ្រួសារ​។ «​ដោយសារតែ​មិនសូវមាន​អ្នក​មក​ទស្សនា ខ្ញុំ​ដូច​មិនសូវមាន​កម្លាំងចិត្ត​សម្ដែង​។ ប៉ុន្តែ​មេដឹកនាំ​គាត់​ថា កុំឱ្យ​ខ្វល់​ពី​រឿង​ហ្នឹង​ច្រើន​។ សំខាន់​យើង​ធ្វើ​ទៅហើយ ថ្ងៃ​ណាមួយ​គេ​នឹង​មើលឃើញ​។ ខ្ញុំ​សង្ឃឹម​ថ្ងៃ​ណាមួយ​ប្រជាជន​ខ្មែរ​ទាំងអស់ គាត់​ជួយ​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​។ ខ្ញុំ​ចង់ឱ្យ​ខ្មែរ​ស្គាល់​វប្បធម៌​ជាតិ​ខ្លួន​ឱ្យ​ច្រើន ជាង​វប្បធម៌​បរទេស​។ បើ​យើង​មិន​ខ្វល់​ថ្ងៃ​ណាមួយ សិល្បៈ​វប្បធម៌​ទាំងនោះ​នឹង​បាត់បង់​»​។



​ឈរ​នៅ​ចំពោះមុខ​សិល្បករ ប្រធាន​សមាគម​សិល្បក​រ​គោកធ្លក ថា​ខ្មែរ​ត្រូវតែ​ប្រឹងប្រែង​លើកស្ទួយ​សិល្បៈ​បុរាណ​របស់ខ្លួន​ឱ្យបាន​ទាន់ពេល មុន​ដល់​ថ្ងៃ​បាត់បង់​ទៅដោយ​មិនអាច​ត្រឡប់​វិញ​។ «​ខ្ញុំ​សង្កេតឃើញថា​ស្រុក​ខ្មែរ​យើង ទាល់តែ​ទឹក​ចូល​ច្រមុះ ទើប​ចាប់ផ្ដើម​ខ្នះខ្នែង​លើកស្ទួយ ហើយ​ទម្រាំ​ដល់​ថ្ងៃនោះ ប្រហែលជា​សិល្បករ ស្លាប់​អស់ហើយ​ក៏​មិនដឹង​។ បើ​យើង​ចាំ​ដល់​ថ្ងៃ​មាន​ប្រាក់ ទើប​យើង​ធ្វើ ប្រហែល​ដល់ពេល​នោះ មិនមាន​សិល្បករ យកមកប្រើ​ទេ ហើយ​វា​អត់​ន័យ​ដដែល​»​។
 លោក ភឿង កុម្ភៈ ប្រាប់​ពី​វិធី​ជួយ​សិល្បៈ​វប្បធម៌​ជាតិ​ដូច្នេះ​។ «​ទម្លាប់​ឱ្យ​កូន​មក​មើល​១​សប្ដាហ៍ ឬ​១​ខែ តែម្ដង​ក៏បាន ដើម្បីឱ្យ​កូន​ទម្លាប់​ស្រឡាញ់​សិល្បៈ​របស់ខ្លួន​។ ប៉ុន្តែ​បើ​គាត់​មិន​គិតបែបនេះ​ទេ កុំឱ្យ​យំ​នៅពេល​គេ​យកទៅ​ធ្វើជា​របស់គេ​។ តែ​យើង​ត្រូវតែ​បន្ទោស​ខ្លួនឯង​វិញ ថា​សម​មុខ​ហើយ​។ វា​ល្មមតែ​បែបនេះហើយ​។ ខ្មែរ​យើង​ទម្លាប់​នៅពេលដែល​បេតិកភណ្ឌ​ជាតិ​ណាមួយ គេ​យកទៅ​ធ្វើជា​របស់គេ ក៏​នាំគ្នា​ខឹង​»៕




Tag:
 យីកេ​
  សិល្បៈ​
  សិល្បៈ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com