ជាតិ
នយោបាយជាតិ
ក្រោយគាល់ព្រះមហាក្សត្រ ទូតអាមេរិកថា រង់ចាំជួបមន្ត្រីកម្ពុជា ជជែកពីការពង្រឹងមិត្តភាព លោក Murphy ស្ថិតក្នុងរថយន្ត ពេលធ្វើដំណើរទៅចូលគាល់ព្រះមហាក្សត្រ
× លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី បានបង្ហាញក្តីរីករាយ និងចាត់ទុកថាជាកិត្តិយសសម្រាប់លោក ដែលបានចូលគាល់ព្រះមហាក្សត្រកម្ពុជា ក្នុងព្រះបរមរាជវាំង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២0១៩នេះ។
តាមរយៈសារលើបណ្តាញសង្គម Twitter លោក Murphy បានសរសេរដូច្នេះថា៖«បន្ទាប់ពីចូលបង្ហាញខ្លួនក្នុងនាមជាទូតអាមេរិកថ្មីចំពោះព្រះភក្ត្រព្រះមហាក្សត្ររួច ខ្ញុំ កំពុងរង់ចាំជួបសមាជិកនានារបស់រដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។
ចាប់តាំងពីមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២0១៩ លោក Murphy ពុំទាន់បានជួបមន្ត្រីរដ្ឋាភិបាលកម្ពុជាណាម្នាក់ជាផ្លូវការនោះទេ។ លោក គ្រាន់តែចុះទៅកម្សាន្តនៅកន្លែងផ្សេងៗ ដូចជា រត់ហាត់ប្រាណតាមមាត់ទន្លេ ចូលផ្សារកាត់សម្លៀកបំពាក់ និង ស្វែងរកកន្លែងពិសាអាហារដែលជាម្ហូបខ្មែរ ជាដើម។
ជុំវិញទំនាក់ទំនងកម្ពុជា-អាមេរិក ហាក់ល្អក់កករតិចតួច ជាពិសេសនៅពេលសមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិក ព្រមានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។ ដោយសារមិនសូវសប្បាយចិត្តនឹងស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិកមួយក្រុម បាននាំគ្នាធ្វើច្បាប់មួយ ដើម្បីជំរុញឲ្យរដ្ឋបាលលោក ត្រាំ ព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នៅកម្ពុជា។ ប៉ុន្តែ មកដល់បច្ចុប្បន្ន ច្បាប់នេះ មិនទាន់ចូលជាធរមាននោះទេ។
សមាជិករដ្ឋសភានិងព្រឹទ្ធសភា គំរាមពីទណ្ឌកម្មនេះ ស្របជាមួយនឹងសហភាពអឺរ៉ុប ដែលគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បានឆ្លើយតបជាញឹកញាប់រួចមកហើយ ថា មិនបារម្ភចំពោះទណ្ឌកម្មអស់ទាំងនេះទេ។ រដ្ឋាភិបាលកម្ពុជា ប្រកាសថា កម្ពុជា អាចរស់ដោយខ្លួនឯងបាន ទោះគ្មានការអនុគ្រោះពន្ធ GSP និង EBA ក៏ដោយ៕
Tag:
ព្រះមហាក្សត្រ
Murphy
ទំនាក់ទំនងកម្ពុជា-អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com