ជាតិ
ហេតុអ្វី​សាលា​រចនា តាំង​រូបសំណាក​លោក Beat Richner ?
19, Oct 2019 , 5:59 pm        
រូបភាព
រូប​ពី សុខ ដារ៉
រូប​ពី សុខ ដារ៉
​ភ្នំពេញ​៖ លោក ហេង សុ​ផា​ឌី សាកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា ការតាំង​រូបសំណាក​លោក Beat Richner ក្នុង​បរិវេណ​សាលា​រចនា គឺ​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ពី​កេរ្ដិ៍ឈ្មោះ និង​គុណធម៌​របស់លោក​ដែលមាន​ចំពោះ​កុមារ​កម្ពុជា​។



​រូបសំណាក​ពណ៌​មាស​ស្ទើរ​ពាក់កណ្ដាល​ខ្លួន ដែល​ត្រូវបាន​រចនា​ឱ្យមាន​តែ​ដៃ​មួយ​ចំហៀង​ខាងឆ្វេង​កាន់​ទារក​ក្នុង​កាយវិការ​យកចិត្ត​ទុកដាក់ នោះ​គឺជា​រូបលោក Beat Richer ។ រូបសំណាក​នេះ​ជា​ស្នាដៃ​របស់​និស្សិត​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប ឯកទេស​ចម្លាក់​ជំនា​ន់ទី​២៦ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។

រូបពី ឈិន ពិសិដ្ឋ

​លោក ហេង សុ​ផា​ឌី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៩​ខែតុលា​នេះ​ថា ការតាំង​រូបសំណាក​លោក Beat Richner នេះ​ឡើង គឺ​ដើម្បី​ទុកជា​គំរូ​ដល់​ក្មេងជំនាន់ក្រោយ ឱ្យបាន​ឃើញ​ពី​វីរភាព​របស់លោក​ចំពោះ​កុមារ​កម្ពុជា​។​

«​យើង​ត្រូវតែទទួលស្គាល់​ទាំងអស់គ្នា​ថា​លោក Beat Richner គាត់​គឺជា​អ្នកមានគុណ​ចំពោះ​កុមារ​ខ្មែរ​យើង​។ គាត់​បាន​លះបង់​ពេលវេលា និង​ថវិកា​ស្ទើរ​ពាក់កណ្ដាល​ជីវិត​ដើម្បី​កម្ពុជា​។ ការតាំង​រូបចម្លាក់​របស់គាត់ គឺ​ដើម្បី​ចូលរួម​រក្សា​កេរ្ដិ៍ឈ្មោះ និង​លើក​គុណ​តម្លៃ​របស់​វីរជន​ដែល​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ហេង សុ​ផា​ឌី ។ លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​ស្នាដៃ​របស់​សិស្ស​ដែល​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​ទាំងអស់ អាច​តាំង​ក្នុង​បរិវេណ​សាលា​បាន លុះត្រា​ណា​តែ​ស្នាដៃ​ទាំងនោះ​មានតម្លៃ​សម្រាប់​ក្មេងជំនាន់ក្រោយ​»​។ 

​ក្នុង​ឆ្នាំ​២០១៩​នេះ និស្សិត​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប ឯកទេស​ចម្លាក់​ជំនា​ន់ទី​២៦ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​(​សាលា​រចនា​) មាន​និស្សិត​រៀន​តែ​៤​រូប​តែប៉ុណ្ណោះ​។ និស្សិត​ទាំង​៤​រូបនេះ បានជ្រើសរើស​ប្រធានបទ​២​ផ្សេងគ្នា ដែល​មួយក្រុម​បាន​ឆ្លាក់​រូបលោក Beat Richner និង​មួយក្រុម​ទៀត បាន​ឆ្លាក់​រូប​ល្ខោន​ស្រមោល​ស្បែក​ធំ ហើយ​ប្រធានបទ​ទាំងពីរ​នេះ​សុទ្ធតែ​បានដាក់​តាំង​ក្នុង​បរិវេណ​សាលា​រចនា​នេះ​។​

​នាពេល​បច្ចុប្បន្ននេះ​សកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​តាំង​រូបសំណាក​វីរៈបុរស​ខ្មែរ​ជាង​២០​រូប ក្នុង​បរិវេណ​សាលា ដូចជា​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ រូប​សម្ដេច​ព្រះករុណា​ព្រះបាទ ស៊ីសុវត្ថិ រូប​ព្រះបាទ​ព្រះករុណា​នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ​ជាដើម​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ការសិក្សា​ជំនាញ​ពេទ្យ​កុមារ​ក្នុង​ឆ្នាំ​១៩៧៣ លោក Beat Richner ត្រូវបាន​កាកបាទក្រហម​នៃ​ប្រទេស​ស្វី​ស បញ្ជូនមក​បំពេញបេសកកម្ម​សប្បុរសធម៌ ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៧៥ ដែលជា​ឆ្នាំ​ដែល​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច ហើយ​លោក​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​កម្ពុជា​។ ក្នុង​ឆ្នាំ​១៩៩១ លោក Beat Richner ត្រូវបាន​ស្នើឱ្យ​មកជួយ​ដឹកនាំ​មន្ទីរពេទ្យ​គន្ធបុប្ផា រហូតដល់​លោក​អាច​ពង្រីក​មន្ទីរពេទ្យ​បាន​ដល់​ទៅ​៥​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​មកដល់​ពេល​បច្ចុប្បន្ននេះ​៕


Tag:
 Beat Richner
  ចម្លាក់​
  និស្សិត​
  ស្នាដៃ​
  សាលា​រចនា​
© រក្សាសិទ្ធិដោយ thmeythmey.com