ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះប្រឈមគ្រោះថ្នាក់ខ្ពស់ តែក្រុមអ្នកស្ម័គ្រចិត្ត រីករាយការពារព្រៃសង្ឃរុក្ខាវ័ន ដើម្បីក្មេងជំនាន់ក្រោយ
20, Oct 2019 ,
7:59 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
ឧត្តរមានជ័យ៖ ក្រុមអ្នកស្ម័គ្រចិត្ត បានចំណាយធនធានផ្ទាល់ខ្លួន លះបង់កាតព្វកិច្ចជាមេគ្រួសារ រួមទាំងប្រឈមគ្រោះថ្នាក់គ្រប់បែបយ៉ាង ពេលជួបបទល្មើសនានា ដើម្បីការពារព្រៃឈើ និងសត្វព្រៃ ក្នុងដែនព្រៃសង្ឃសហគមន៍រុក្ខាវ័ន។ ការពារព្រៃអភិរក្ស ក្នុងបំណងទុកសម្រាប់ក្មេងជំនាន់ក្រោយ សម្រាប់ប្រទេសជាតិ និងសម្រាប់ពិភពលោកទាំងមូល ក្រុមអ្នកស្ម័គ្រចិត្តដែលមានព្រះសង្ឃ ប៊ុន សាលួត ជាប្រធាននោះ បានបន្តធ្វើកិច្ចការនេះដោយមោទកភាព។
តទៅនេះលោកអ្នកនឹងបានដឹងពីស្ថានភាពរស់នៅ រួមទាំងការងារស្ម័គ្រចិត្តការពារព្រៃសង្ឃសហគមន៍រុក្ខាវ័ន តាមរយៈបទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន។ សូមតាមដានស្ដាប់ដូចតទៅ៖
ខ្ញុំបានធ្វើដំណើរចេញពីទីស្នាក់ការកណ្ដាល នៃព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលស្ថិតក្នុងភូមិឈូកមាស ឃុំកូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឆ្ពោះទៅស្នាក់ការមួយទៀត ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ តាមម៉ូតូ ជាមួយគណៈកម្មការនៃព្រៃអភិរក្ស ដើម្បីទស្សនាព្រៃឈើ។
មកដល់ស្នាក់ការស្ថិតក្នុងភូមិចារ ពួកយើងដែលមានអ្នកសារព័ត៌មាន ក្រុមសិល្បករតន្ត្រីបុរាណ រួមទាំងអ្នកស្រាវជ្រាវតន្ត្រីបុរាណខ្មែរជាជនបរទេសមួយរូបផងនោះ បានបន្តដំណើរតាមគោយន្ត ចូលទៅមើលដើមឈើកម្រៗ ក្នុងព្រៃអភិរក្ស។ ដោយសារតែពេលវេលាមានតិច ហើយព្រៃអភិរក្សមានរហូតទៅដល់ជាង៣ម៉ឺនហិកតា ពួកយើងមិនអាចចូលទៅដល់ព្រៃជ្រៅៗបានឡើយ។
នេះជាដំណើរឆ្ពោះទៅកាន់ទីតាំងឡស្លដែក ដែលមានប្រវត្តិតាំងពីសម័យបារាំង។ មានចម្ងាយប្រមាណ២គីឡូម៉ែត្រពីទីស្នាក់ការ យើងត្រូវចាយពេលប្រហែលជាង១ម៉ោង ទើបទៅដល់ទីតាំងឡ ព្រោះតែផ្លូវធ្វើដំណើរមានការលំបាក។ ក្នុងដំណើរនេះ ខ្ញុំបានឃើញដើមឈើធំៗល្មម សល់ដោយរង្វើយ ដុះលាយជាមួយឈើតូចៗ ដែលមិនទាន់អាចយកទៅប្រើការបាន។
ខណៈពេលដើរត្រឡប់មកពីទីតាំងឡស្លដែកវិញ លោក តុប នន់ ដែលមានអាយុ ៤៧ឆ្នាំ ក្នុងឯកសណ្ឋានប្រជាការពារពណ៌ខ្មៅ បានប្រាប់ពីការប្រឈមរបស់លោក ក្នុងពេលចុះល្បាតព្រៃដូច្នេះ៖«ប្រឈមជាមួយជនទំនើង និងជនល្មើសគ្រប់ប្រភេទ។ ជនល្មើសចង់តដៃនឹងយើងក៏មាន។ ខាងជនល្មើសមានអាវុធ តែក្រុមល្បាតមិនមានទេ។ ពួកយើងគ្រាន់តែប្រាប់ពួកវា កុំឱ្យធ្វើបែបនេះទៅថ្ងៃមុខ។ ក្រុមប្រព្រឹត្តបទល្មើសមានទាំងដាវ មានទាំងច្រវាក់ម៉ាស៊ីន គឺមានសព្វគ្រប់»។
ឈរកណ្ដាលព្រៃ ដែលហ៊ុមព័ទ្ធដោយស្មៅព្រិច ក្រោមកំដៅថ្ងៃ ម៉ោងប្រមាណ១១ ហៀបថ្ងៃត្រង់ លោក តុប នន់ ថាប្រជាការពារទាំងអស់ ក្នុងដែនព្រៃសង្ឃសហគមន៍រុក្ខាវ័ន មិនមានអាវុធការពារខ្លួន តទល់នឹងជនល្មើសឡើយ។ មិនប្រើអាវុធពេលចុះល្បាតព្រៃ ក៏ព្រោះតែក្រុមអ្នកអភិរក្ស គោរពតាមច្បាប់។ នេះជាការបញ្ជាក់របស់លោក នន់។
Relate 78806
តែទោះជាយ៉ាងណា ពេលប្រឈមមុខខ្លាំងជាមួយក្រុមប្រព្រឹត្តបទល្មើស សហគមន៍អាចទាក់ទងទៅក្រុមអន្តរាគមន៍ ដែលមានប៉ូលិស ទាហាន ប៉េអឹម បាន២៤ម៉ោងពេញ ដើម្បីជួយសង្គ្រោះ។ «បើសិនជាមានការប៉ះទង្គិចគ្នាខ្លាំង អាចហៅទូរសព្ទទៅកន្លែងប៉ុស្ដិ៍ ឱ្យគេមកជួយ ដើម្បីចាប់ជនល្មើសហ្នឹង។ ពួកយើងមានតែដំបង និងរបស់ឆក់ ព្រោះច្បាប់មិនអនុញ្ញាតឱ្យពួកយើងប្រើអាវុធទេ»។
លោក ស៊ុត ប៊ុនសឿន គឺជាប្រជាការពារដែលស្ម័គ្រចិត្តការពារព្រៃអភិរក្សនេះ បានប្រាប់សារព័ត៌មានថ្មីៗ ពីការល្បាតព្រៃពេលយប់ ខណៈពេលលោកកំពុងស្ថិតនៅកណ្ដាលព្រៃដូច្នេះ៖«មានក្រុមដើរល្បាតពេលយប់ដែរ។ គេបែងចែកតាមតំបន់ ដូចជាក្រុមប្រជាការពារ គេដើរមួយតំបន់ ហើយក្រុមសហគមន៍ គេដើរមួយតំបន់ទៀត»។
ការងារការពារសត្វ និងព្រៃឈើ ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ននេះ ក្រៅពីប្រឈមគ្រោះថ្នាក់គ្រប់ពេលវេលា ក្រុមអ្នកស្ម័គ្រចិត្តមិនមានប្រាក់ខែ មិនមានប្រាក់ឧបត្ថម្ភ ហើយត្រូវចំណាយធនធានផ្ទាល់ខ្លួនថែមទៀតផង។
លោក ប៊ុនសឿន ដែលមានអាយុ៣៧ឆ្នាំ បានប្រាប់ដូច្នេះ៖«អាហារយើងរកដោយខ្លួនឯង។ យើងមិនមានប្រាក់ខែ ឬប្រាប់ឧបត្ថម្ភឡើយ។ ពេលមកព្រៃ ប្រពន្ធវេចបាយឱ្យមកមួយកញ្ចប់ម្នាក់ ជួនដេក១យប់ ជួនដេក២យប់ ដើម្បីតាមដានបទល្មើស ដែលចូលមកលួចកាប់ឈើ»។
ប្រជាការពារទាំងពីរ បានប្រាប់ពីការប្រឈមគ្រោះថ្នាក់ខ្លាំង នៅពេលដែលជួបជាមួយក្រុមប្រព្រឹត្តបទល្មើស៖ «ធ្លាប់មានអ្នកលួចកាប់ឈើ វាមកហ៊ុមព័ទ្ធជុំវិញយើង មានទាំងកាំបិត មករកកាប់ចាក់ ប៉ុន្តែពួកវាមិនហ៊ានដោយសារតែភូមិជិតគ្នា។ មានបញ្ហាក្នុងគ្រួសារខ្លះដែរ ដោយសារតែយើងមិនសូវមានពេលវេលាជួយធ្វើការងារផ្ទះ ឬរកប្រាក់ចូលគ្រួសារ»។
វាជារឿងលំបាកមួយសម្រាប់បុរសជាមេគ្រួសារ ដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ឱ្យបានល្អនៅក្នុងគ្រួសារ។ បើទោះបីជាមានបញ្ហាក្នុងគ្រួសារខ្លះក៏ពិតមែន ប៉ុន្តែប្រពន្ធ និងកូនរបស់អ្នកស្ម័គ្រចិត្តទាំងអស់ តែងតែព្យាយាមជ្រោមជ្រែងប្ដី និងឪពុករបស់ខ្លួន ឱ្យសកម្មនឹងការងារដើម្បីប្រយោជន៍ជាតិ៖«ប្រពន្ធកូនអន់ចិត្តខ្លះដែរ ព្រោះតែយើងជាអ្នករកប្រាក់ជួយគ្រួសារ តែបែរជាយើងចំណាយពេលនៅទីនេះច្រើន (ក្នុងព្រៃ) ហើយមិនមានប្រាក់ខែ។ សព្វថ្ងៃប្រពន្ធត្រូវរកស៊ីចិញ្ចឹមគ្រួសារ ហើយខ្ញុំមានពេលបន្តិចបន្ទួច ក៏ទៅជួយដាំដំឡូង»។
ក្នុងពេលបើកគោយន្តឆ្លងកាត់ដើមឈើតូចធំ និងស្មៅច្រើនប្រភេទ ត្រឡប់ទៅស្នាក់ការវិញ លោក ប៊ុនសឿន ឆ្លៀតឆ្លើយសំណួររបស់ខ្ញុំ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ដែលមិនមានប្រាក់ខែនេះ៖«ព្រោះតែខ្ញុំស្រឡាញ់ព្រៃឈើ ហើយនឹងចង់ជួយជាតិ ទើបខ្ញុំមកជួយការពារព្រៃនេះ»។
Relate 78531
ងាកមកចាប់អារម្មណ៍យុវជន ដែលបានទៅទស្សនាព្រៃសង្ឃរុក្ខាវ័នវិញម្ដង។ លោក ឆាយ សុភាព បានប្រាប់ពីហេតុផល ដែលលោកចាប់អារម្មណ៍ធនធានធម្មជាតិដូច្នេះ៖«កាលពីឆ្នាំ២០១១ និង២០១២ ខ្ញុំបានទៅរស់នៅប្រទេសស៊ុយអែត ៦ខែ ហើយខ្ញុំទៅប្រទេសន័រវេស។ ខ្ញុំបានឃើញដំណើរធម្មជាតិដ៏ស្រស់ស្អាត ភាពអស្ចារ្យរបស់ប្រទេសអភិវឌ្ឍន៍ ដែលគេរក្សាធម្មជាតិហ្នឹង។ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំមានគំនិតថា ធ្វើយ៉ាងណានាំមនុស្ស ឱ្យមកគេងក្នុងព្រៃឱ្យសប្បាយរីករាយដែរ។ ដូច្នេះខ្ញុំក៏បង្កើតកម្មវិធីបោះតង់។ រហូតមកដល់បច្ចុប្បន្ន យើងផ្តោតសំខាន់ ទៅលើការសិក្សាពីធម្មជាតិ»។
លើកនេះ លោក សុភាព បាននាំយុវជនមួយចំនួន មកព្រៃធម្មជាតិនេះ ដើម្បីដាំកូនឈើបន្ថែម៖«ព្រៃនេះខ្ញុំមកប្រហែល ៣០ដងហើយ។ ខ្ញុំដើរមិនទាន់សព្វទេ។ ខ្ញុំតែងតែនាំគ្នាមកបោះតង់ មកសិក្សាពីធម្មជាតិ មកធ្វើបង្គន់ មកធ្វើសាលា មានទាំងនាំសប្បុរសជន មកជួយថ្លៃប្រេង សម្រាប់ត្រាក់ទ័រកាយផ្លូវ។ ពិសេស យើងបាននាំយុវជនមកបោះតង់ និងដាំដើមឈើ១៥,០០០ដើម»។
ត្រឡប់ទៅប្រជាការពារលោក តុប នន់ វិញ លោកបានសំណូមពរថា៖«ខ្ញុំសំណូមពរដល់បងៗនៅតាមបណ្ដាថ្នាក់លើខ្ពស់ៗ ចង់ឱ្យជួយការពារព្រៃសហគមន៍ ឱ្យបានរីកចម្រើន កុំឱ្យក្រុមបទល្មើស មកលួចកាប់ឈើទៀត»។
ក្នុងផ្ទៃដីជាង ៣ម៉ឺនហិកតា នៃព្រៃសង្ឃសហគមន៍រុក្ខាវ័ន មានគណៈកម្មការចំនួន៥១រូប ដែលធ្វើការទៅលើការផ្សព្វផ្សាយ ពីព្រំដែនអភិរក្ស និងដើរល្បាតព្រៃ។ ក្រៅពីនោះ ក៏មានអ្នកស្ម័គ្រចិត្តជាទាហាន ប៉ូលិស ប៉េអឹម អ្នកធ្វើការខាងបរិស្ថាន ប្រជាជនក្នុងភូមិ រួមទាំងមន្ត្រីរាជការមួយចំនួនទៀត រួមគ្នាធ្វើកិច្ចការអភិរក្សនេះផងដែរ។ ជាងនេះទៅទៀត អភិបាលរងខេត្តឧត្តរមានជ័យ ក៏សកម្មណាស់ដែរ ក្នុងការចុះល្បាតព្រៃឈើ ជាមួយក្រុមអ្នកស្ម័គ្រចិត្ត។ ក្នុងព្រៃអភិរក្សនេះ មានដើមឈើកម្រ ប្រមាណ៥០ប្រភេទ និងមានសត្វព្រៃជាង ៤០ប្រភេទ។ នេះបើតាមព្រះសង្ឃ ប៊ុន សាលួត ដែលជាប្រធានដឹកនាំការពារដែនព្រៃសង្ឃរុក្ខាវ័ន។
អ្វីដែលជាការព្រួយបារម្ភរបស់ព្រះអង្គ ប៊ុន សាលួត គឺបទល្មើសដាក់អន្ទាក់សត្វ ការនេសាទខុសច្បាប់ និងការកាប់ឈើក្នុងដែនអភិរក្ស នៅរដូវទឹកឡើង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឧត្តរមានជ័យ
ព្រៃឈើ
អភិរក្ស
ស្ម័គ្រចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម