ជាតិ
លោក ប៉ា ចាន់​រឿន ៖ «​ការអប់រំ​នេះហើយ បានធ្វើ​ឲ្យ​ខ្ញុំ និង​គ្រួសារ ងើប​ផុតពី​ភាពក្រីក្រ​»
20, Oct 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ប៉ា ចាន់​រឿន គឺជា​កូន​កសិករ​ក្រីក្រ​ម្នាក់ ដែល​បាន​រំដោះខ្លួន​រួច​ពី​ភាពក្រីក្រ និង​គ្រោះ​អវិជ្ជា តាមរយៈ​ការ​ក្រាញននៀល​រៀនសូត្រ​រហូត​ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​អូស្ត្រាលី ដែលជា​ប្រទេស​ដ៏​ជឿនលឿន​មួយ​នៅក្នុង​ពិភពលោក​។ បច្ចុប្បន្ន លោក​បាន​ត្រឡប់មក​មាតុប្រទេស​វិញ ហើយ​កំពុងធ្វើការ​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ទស្សនវិជ្ជា​នៅតាម​សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​ក្រុងភ្នំពេញ​។ បើតាម​បញ្ញវន្ត​មកពី​នាយ​សមុទ្រ​រូបនេះ ការសិក្សា​បាន​ខ្ពស់​ខ្ពង់ ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​វារ​ចេញពី​រណ្ដៅ​នៃ​ភាពក្រីក្រ​។



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន ដែល​រៀបចំ​ដោយ​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖ 
 


​ជា​កូន​កសិករ​ក្រីក្រ​នៅ​ខេត្តកំពង់ឆ្នាំង លោក ប៉ា ចាន់​រឿន បាន​ខិតខំ​រៀនសូត្រ​រហូត​ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ទស្សនវិជ្ជា​នៅ​ប្រទេស​អូស្ត្រាលី​។ បន្ទាប់ពី​រៀន​ចប់ លោក​បាន​វិល​មក​មាតុភូមិ​វិញ ដើម្បី​បង្រៀន​ផ្នែក​ទស្សនវិជ្ជា​នៅតាម​មហាវិទ្យាល័យ​មួយចំនួន​នៅ​ភ្នំពេញ និង​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​។ បច្ចុប្បន្ន ការងារ​របស់លោក បានផ្តល់​ចំណូល​ច្រើន​ដែរ ដែល​អាច​ឲ្យ​លោក​រស់​នៅបាន​សមរម្យ​ជាមួយ​ប្រពន្ធ និង​កូន​ពីរ​នាក់​នៅ​ទឹកដី​ទីក្រុង​នេះ​។   

​ចំណេះដឹង​ខ្ពស់ មិន​ត្រឹមតែ​អាច​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ​នោះទេ តែ​ការសិក្សា​កាន់តែ​ខ្ពស់ បានធ្វើ​ឲ្យ​មនុស្ស​មានការ​គិត​ស៊ីជម្រៅ ដែលជា​មូលដ្ឋាន​ក្នុង​ការធ្វើការងារ និង​ការដោះស្រាយ​បញ្ហា​នានា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ នេះ​បើតាម​លោក ប៉ា ចាន់​រឿន វ័យ​៤០ ដែល​បាន​បន្តថា មានតែ​ការប្រឹងប្រែង​រៀនសូត្រ​ប៉ុណ្ណោះ ដែលជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​រំដោះខ្លួន​ចេញពី​ភាពក្រីក្រ និង​រស់នៅ​ក្នុងសង្គម​ប្រកបដោយ​មោទកភាព​។



​លោក​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​តាំងពី​តូច​មក ខ្ញុំ​ជឿថា ការអប់រំ​ជា​ប្រទីប និង​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព និង​មាន​អនុភាព ដើម្បី​ជួយ​បំភ្លឺ​ផ្លូវ​យើង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ទាំង​ផ្ទាល់ខ្លួន ទាំង​ការរស់នៅ​ក្នុងសង្គម​។ វា​ជា​ឧបករណ៍ ត្រួសត្រាយ​មាគ៌ា​ជីវិត​របស់​យើង កែច្នៃ និង​អភិវឌ្ឍន៍​ជី វិត​ឲ្យ​មាន​ភាពប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ជាក់ស្តែង បទពិសោធន៍​ខ្ញុំ​ផ្ទាល់ ដោយសារតែ​ការអប់រំ​នេះហើយ បានធ្វើ​ឲ្យ​ខ្ញុំ និង​គ្រួសារ​របស់ខ្ញុំ អាច​ងើប​ផុតពី​ភាពក្រីក្រ ហើយ​មាន​អនាគត​ភ្លឺស្វាង ពោលគឺ​ខ្ញុំ​មានការ​ងារ​ធ្វើ និង​មានជីវិត​សមរម្យ​រហូតមកដល់​សព្វថ្ងៃ​។ ហើយ​កា​រស់នៅក្នុង​គ្រួសារ​ទៀតសោត​ទាំង​ជាមួយ​ប្តី​ប្រពន្ធ បងប្អូន​ឪពុកម្តាយ​មាន​ភាពសុខដុមរមនា​»​។
​សម្រាប់​លោក ប៉ា ចាន់​រឿន ការអប់រំ មិនមែន​សំដៅ​តែ​ការ​ទៅ​សាលារៀន និង​បាន​សញ្ញាបត្រ​នោះទេ តែ​លោក​សំដៅលើ​សសរស្តម្ភ​ទាំង​៤​នៃ​ការអប់រំ គឺ​រៀន​ដើម្បី​ចេះ រៀន​ដើម្បី​ធ្វើ រៀន​ដើម្បី​មានគំនិត​ច្នៃប្រឌិត និង​រៀន​រស់នៅ​ជាមួយគ្នា​។   

​លោក ប៉ា ចាន់​រឿន ប្រាប់​និស្សិត​កុំ​ឲ្យ​មើលស្រាល​ការងារ​កំប៉ិកកំប៉ុក

​ខុសពី​កូនអ្នកមាន ឬ​អ្នកធូរធារ ដែលមាន​មធ្យោបាយ​សព្វគ្រប់​បែបយ៉ាង​ក្នុងការ​សិក្សា​នោះ លោក ប៉ា ចាន់​រឿន ឯណេះ​វិញ បាន​ខិតខំ​ទាំង​ត្រដាបត្រដួស ដើម្បី​រៀន​ឲ្យ​ចប់​ចុង​ចប់​ដើម​។ អង្គុយ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ប៉ា ចាន់​រឿន បាន​រៀបរាប់ថា ក្នុងអំឡុងពេល​លោក​រៀន​នៅ​មហាវិទ្យាល័យ លោក​បានធ្វើ​ការងារ​ជាច្រើន ដូចជា ជា​អ្នករត់ម៉ូតូឌុប ជា​អ្នកលក់​សៀវភៅ និង​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​ជាដើម ដើម្បី​មាន​លុយ​ផ្គត់ផ្គង់​ការរស់នៅ និង​ការសិក្សា​។​

​មាន​សម្បុរ​ស្រអែម និង​មាឌ​ក្រអាញ លោក ប៉ា ចាន់​រឿន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ឆ្លៀតពេល​ទំនេរ​ពី​ការសិក្សា ខ្ញុំ​ទៅ​រត់​ម៉ូតូឌុប ព្រោះ​ម្តាយ​បាន​ខ្ចីលុយ​មីង​ទិញ​ម៉ូតូ​អាស​ង់​កូរ៉េ​ឲ្យ​មួយ​។ ព្រលឹម​ឡើង បើ​មិន​ទៅ​ដឹក​ត្រី​ឲ្យ​គេ​នៅ​គីឡូ​លេខ​៦ ឬ​ទៅ​ព្រែក​ព្នៅ ងើប​តាំង​ម៉ោង​៤ ទៅ​ដឹក​នំ​បុ័ង​ឲ្យ​គេ​។ ថ្ងៃ​សៅរ៍​អាទិត្យ ខ្ញុំ​ដើរ​បោះ​សៀវភៅ​អ៊ីចឹងទៅ គ្រាន់​បាន​លុយ​ចាក់​សាំង​។ រហូតដល់​ឆ្នាំ​២០០០ ភាសា​អង់គ្លេស​ចេះ​គ្រាន់បើ ក៏​ធ្វើជា​គ្រូ​អង់គ្លេស​ក្រៅ​ម៉ោង​។ ដូច្នេះ ក៏បាន​ចំណូល​អាច​ផ្គត់ផ្គង់​ខ្លួនឯងបាន​ប្រចាំខែ​»​។



​ដ្បិត​ជីវភាព​លំបាក​មែន តែ​លោក ប៉ា ចាន់​រឿន ដែលជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៧​នាក់ គឺជា​សិស្ស​ពូកែ​តាំងពី​តូច​មក​។ លោក​រៀន​ជាប់​ចំណាត់ថ្នាក់​ល្អ​តាំងពី​បឋមសិក្សា​រហូតដល់​សាកលវិទ្យាល័យ​។ ការរៀន​នៅ​មហាវិទ្យាល័យ​ទៀតសោត លោក​ទទួលបាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ទស្សនវិជ្ជា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។ 

​បើតាម​បុរស​ដែលមាន​ចរិត​ស្រគត់ស្រគំ​រូបនេះ លោក​មិនដែល​អន់ចិត្ត​នឹង​ភាពក្រីក្រ​នោះទេ ប៉ុន្តែ លោក​បែរជា​អរគុណ​ការលំបាក ដែល​បង្រៀន​លោក​ឲ្យ​មាន​ការតស៊ូ​ប្រឹងប្រែង​ក្នុង​ជីវិត​រហូត​ទទួលបាន​ជោគជ័យ ព្រមទាំង​អាចជួយ​ប្អូនៗ​របស់លោក​ទាំងអស់​ឲ្យ​ទទួលបាន​ការសិក្សា ចាប់ពី​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ឡើងទៅ​។

​លោក​បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ចំពោះ​យុវជន ដែល​តូចចិត្ត​ស្អិត​ទ្រូង ឬក៏​សោកសង្រេង​ដោយសារ​កើតមក​ក្នុង​ត្រកូល​អ្នកក្រ​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​ប្អូនៗ ឬ​យុវជន​ទាំងអស់នោះ ផ្លាស់ប្តូរ​ការគិត​។ សម្រាប់​ខ្ញុំ មនុស្ស​យើង ជាធម្មតា​យើង​មិន​អាចមាន​សេរីភាព​ក្នុងការ​ជ្រើសរើស​កន្លែង​កើត​នោះទេ ប៉ុន្តែ យើង​មាន​ជម្រើស​ក្នុង​ការធ្វើ​ឲ្យ​ខ្លួន​យើង​ក្លាយជា​មនុស្ស​មានកំណើត មានន័យថា យើង​ចេះ​អភិវឌ្ឍន៍​ខ្លួនឯង ប្រៀបដូចជា​ផ្កាឈូក​ដែល​ដុះ​ចេញ​មកពី​ភក់​អ៊ីចឹង​»​។ 

​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​កម្ពុជា លោក ប៉ា ចាន់​រឿន ទទួលបាន​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ជំនាញ​ទស្សនវិជ្ជា​នៅ​សាកលវិទ្យាល័យ Assumption ប្រទេស​ថៃ និង​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​សាកលវិទ្យាល័យ Charles Sturt នៅ​ប្រទេស​អូស្ត្រាលី​។

​ហេតុអ្វី​លោកប៉ា ចាន់​រឿន រៀន​ទស្សនវិជ្ជា​?

​ដើមឡើយ លោក ប៉ា ចាន់​រឿន ចង់​ក្លាយជា​មេធាវី ព្រោះ កាល​លោក​នៅ​តូច គ្រួសារ​របស់លោក ធ្លាប់​រង​អំពើ​អយុត្តិធម៌ ដោយសារ​ដីស្រែ​ចម្ការ​របស់លោក​ត្រូវបាន​គេ​រំលោភ​យក​។ ប៉ុន្តែ លោក​ប្រឡង​នៅ​មហាវិទ្យាល័យ​ច្បាប់​មិនជា​ប់​។ បន្ទាប់មក លោក​ក៏បាន​ចាប់អារម្មណ៍​មុខវិជ្ជា​ទស្សនវិជ្ជា ព្រោះ​មុខវិជ្ជា​នេះ ក៏​អាច​ក្លាយជា​មេធាវី​បានដែរ​។ បើតាម​លោក ប៉ា ចាន់​រឿន ក្រៅពី​ធ្វើជា​មេធាវី អ្នកមាន​ជំនាញ​ទស្សនវិជ្ជា អាច​ទៅធ្វើ​ការងារ​ជា​គ្រូបង្រៀន អ្នកសារព័ត៌មាន អ្នក​ប្រឹក្សា​យោបល់ និង​មន្ត្រីរាជការ​ជាដើម​។ ប៉ុន្តែ និស្សិត​ត្រូវ​ចេះ​មុខវិជ្ជា​គួបផ្សំ​បន្ថែម ដូចជា ភាសា​អង់គ្លេស កុំព្យូទ័រ ជំនាញ​ទន់ និង​បំប៉ន​ជំនាញ​ខ្លីៗ​មួយចំនួនទៀត​។  

​លោក​ពន្យល់​ពីសារ​សំខាន់​នៃ​មុខវិជ្ជា​ទស្សនវិជ្ជា​យ៉ាង​ដូច្នេះ​ថា​៖ «​នៅក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​4.0 ទស្សនវិជ្ជា​ក្លាយជា​មុខវិជ្ជា​ស្នូល​មួយ ដែល​ជួយ​ឲ្យ​អ្នកសិក្សា​ទស្សនវិជ្ជា​មានគំនិត​ច្នៃប្រឌិត មានគំនិត​អធ្យាស្រ័យ មានគំនិត​បែប​យុទ្ធសាស្ត្រ​។ ជាក់ស្តែង យើង​ពិនិត្យ​លើ​សៀវភៅ ដែល​សហគ្រិន​ពិភព​លោកធំៗ ដែលជា​កំពូល​អ្នកមាន​សព្វថ្ងៃ ដូចជា លោក Bill Gates សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft Warren Buffett ជា​កំពូល​មហាសេដ្ឋី​នៅ​អាមេរិក Steve Jobs សហ​ស្ថាបនិក​ក្រុមហ៊ុន Apple ដែល​ទើប​ស្លាប់ទៅ​។ សៀវភៅ​ដែល​ពួកគាត់​ឲ្យ​យោបល់​ដល់​សាធារណជន​បាន​អាន គឺ​សៀវភៅ​បែប​ទស្សនវិជ្ជា​។ គាត់​ទៅ​គាល់​កកាយ​ពី​ប្រព័ន្ធ​គំនិត មេគំនិត​តាំងពី​សម័យ​បុរាណ​មុន​គ្រិស្តសករាជ និង​បន្ត​បន្ទាប់មក ទើប​អាច​មើលឃើញថា​តើ ស្អី​ជាការ​ស្រមើស្រមៃ ស្អី​ជា​ទស្សនវិស័យ​របស់​អ្នកប្រាជ្ញ​ដែលជា​មរតក​ផ្នែក​បញ្ញា អាច​ឲ្យ​ពួកគាត់​ហ្នឹង បំប្លែង​វា​ឲ្យ​ទៅជា​រឿង​ពិត​ជាក់ស្តែង​»​។
​បើតាម​លោក ប៉ា ចាន់​រឿន ការសិក្សា​លើ​ជំនាញ ដូចជា ជំនាញ​កុំព្យូទ័រ គណនេយ្យ និង​ជំនាញ​បច្ចេកទេស​ផ្សេងទៀត មិន​លំបាក​រៀន​ដូច​ទស្សនវិជ្ជា​នោះឡើយ​។ ហេតុនេះ ទើប​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ដូចជា កូរ៉េខាងត្បូង និង​សិង្ហ​បុរី​ជាដើម បានដាក់​បញ្ចូល​មុខវិជ្ជា​ទស្សនវិជ្ជា​សម្រាប់​កុមារ​(Philosophy for Children) តាំងពី​ថ្នាក់​ម​តេ្ត​យ្យមក​ម្ល៉េះ​។

​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ការបណ្តុះបណ្តាល​ទស្សន​វិជ្ជា ជា​ផ្នែក​ដ៏​សំខាន់ ដើម្បី​ជំនួយ​ដល់​ការគិត​របស់​កុមារ និង​ការអភិវឌ្ឍន៍​ខាង​ផ្នែក​បុគ្គលិកលក្ខណៈ​របស់​ពួកគេ​។ ជាក់ស្តែង​នៅ​សិង្ហ​បុរី​គេ​ធ្វើបាន​ជោគជ័យ​កន្លងមក គេ​លើកទឹកចិត្ត​ឲ្យ​មានការ​បង្រៀន​ការអប់រំ​ផ្នែក​ចរិត គេ​បង្រៀន​មុខវិជ្ជា​ទស្សនវិជ្ជា​ហ្នឹង តាំងពី​ថ្នាក់​ម​តេ្ត​យ្យ ពោល គឺ​តាំងពី​កុមារ​នៅ​តូច​។ រៀន​កុំព្យូទ័រ​អីហ្នឹង ស្រួល​បង្រៀន​ទេ ប៉ុន្តែ ការបង្រៀន​ទស្សនវិជ្ជា​ឲ្យ​ក្មេង​ចេះ​គិត ឲ្យ​ក្មេង​មាន​ចរិតល្អ ដូច​សុភាសិត​ខ្មែរ​យើង​និយាយថា ដាំ​ដើមឈើ​ឲ្យ​បម្រុង​ឫស អភិវឌ្ឍន៍​មនុស្ស​ឲ្យ​បម្រុង​ចរិត​។ ទស្សនវិជ្ជា​ជា​ស្នូល​សំខាន់​ក្នុងការ​បណ្តុះ​ចរិត​របស់​មនុស្ស​តាំងពី​តូច​រហូតដល់​ធំ​»​។      

​នៅ​ថ្ងៃ​អនាគត លោក ប៉ា ចាន់​រឿន នឹង​យក​ចំណេះដឹង​ផ្នែក​ទស្សនវិជ្ជា​សាបព្រោះ​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន តាមរយៈ​ការសរសេរ​សៀវភៅ និង​ការចែករំលែក​ចំណេះដឹង​ទាំងនេះ​តាម​គ្រប់​មធ្យោបាយ ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម និង​បណ្តុះ​ការគិត​ពិចារណា​ដល់​ព​ល​រដ្ឋ​។ លោក​ក៏​ជំរុញ​ឲ្យ​យុវជន​ខិតខំ​រៀនសូត្រ បើទោះបី​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ ព្រោះ​មានតែ​ការអប់រំ​មួយគត់ ដែល​អាច​កែប្រែ​ជីវភាព​ឲ្យ​បាន​ប្រសើរ និង​ក្លាយជា​ធនធានមនុស្ស​ប្រកប​សីលធម៌ និង​មាន​សមត្ថភាព ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​៕                               



Tag:
 ប៉ា ចាន់​រឿន​
 ​ទស្សនវិជ្ជា​
 ​អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com