កីឡាជាតិ
ជាតិ
ស្វាយរៀង​នឹងគ្រង​ជើងឯកទាំងនៅសល់២ប្រកួត បើ​យកឈ្នះ​ទ័ពនៅល្ងាចនេះ​
20, Oct 2019 , 12:48 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​២៤ នៅ​ថ្ងៃអាទិត្យ​ទី​២០ តុលា នេះ មានការ​ប្រកួត​ចំនួន​៤​គូ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្រុម​មិនទាន់​ស្គាល់​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ភ្ញៀវ​ក្រសួងការពារជាតិ​(​ទ័ព​)​នៅ​ម៉ោង​៦​ល្ងាច រីឯ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ស្វាគមន៍​វិសាខា​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។ នៅថ្ងៃនេះ ក៏មាន​ការប្រកួត​២​គូ​ទៀត​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ផងដែរ​។​



​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវការ​ឈ្នះ​ក្រសួងការពារជាតិ នា​ជំនួប​លើ​ទឹកដី​ខ្លួន​នៅ​ល្ងាច​នេះ ដើម្បី​​ជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០១៩​​។ ដ្បិត​បច្ចុប្បន្ន​ក្រុម​មិនទាន់​ស្គាល់​ចាញ់​មួយ​នេះ កំពុង​គ្រង​កំពូល​តារាង​ដោយមាន​៥៩​ពិន្ទុ ខណៈ​វិសាខា​ឈរ​លេខ​៣​មាន​៥១​ពិន្ទុ​ស្មើ​ណាហ្គា​វើ​ល​។

​សម្រាប់​២៣​ប្រកួត​កន្លងមក​ព្រះខ័ន​រាជ​ស្វាយរៀង​មិនទាន់​ស្គាល់​បរាជ័យ​នោះទេ ក្នុងនោះ​យកឈ្នះ​គូប្រកួត​១៨​លើក និង​ស្មើ​៥​លើក​។ នៅ​ជើង​ទី​១​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ស្វាយរៀង​បាន​យកឈ្នះ​ទ័ព​ក្នុង​លទ្ធផល ២-១​។ ដូច្នេះ​ការជួបគ្នា​លើក​នេះ វា​ជា​ឱកាស​សម្រាប់​ទ័ព ដើម្បី​ជម្រះបញ្ជី​ចាស់​ផងដែរ​។ បច្ចុប្បន្ន​ទ័ព​ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​៣៥​ពិន្ទុ​។

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន A.E.U Sport Park ម៉ោង​៣:៣០​នាទី​រសៀល​នេះ វិសាខា​ត្រូវការ​ឈ្នះ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ជាដាច់ខាត បើ​ពុំ​នោះទេ​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​របស់​ពួកគេ​អាច​នឹង​បាត់បង់​ជាក់​ជាមិនខាន​។ បើ​ពួកគេ​អាច​យកឈ្នះ​មែន​នោះ​មានន័យថា វិសាខា​ក៏​អាច​សងសឹក​អាស៊ី​អឺរ៉ុប ដែល​បានធ្វើ​ឲ្យ​ខ្លួន​ខកចិត្ត​ជាមួយ​បរាជ័យ ៣-១ នៅ​ជើង​ទី​១​លើ​ទឹកដី​ខ្លួន​។ ដូច្នេះ​ការជួបគ្នា​រវាង​ក្រុម​ទាំង​ពីរលើក​នេះ នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង និង​ជក់ចិត្ត​បំផុត​សម្រាប់​ទស្សនិកជន​។

​ក្រៅពី​ការប្រកួត​ដ៏​ជក់ចិត្ត​ទាំងពីរ​ខាងលើ នៅ​ថ្ងៃអាទិត្យ​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ផ្សេងទៀត​ផងដែរ​។ ក្នុងនោះ​ក្រុម​បឹងកេត​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រីឯ​សូល​ទី​ឡូ​អង្គរ​ប៉ះ​កំពង់ចាម​នៅ​កី​ឡ​ដាន​ខេត្តសៀមរាប​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ដូចគ្នា​។​

​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ តុលា ណាហ្គា​វើ​ល​បាន​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៥-០ ដើម្បី​ឡើងទៅ​ឈរ​លេខ​២​បណ្តោះអាសន្ន​ដោយមាន​៥១​ពិន្ទុ​។ ចំណែក​ក្រុម​ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​របស់ លោក ស៊ុំ វណ្ណា ដែល​ទើប​បញ្ចប់​វគ្គ​គ្រូបង្វឹក​កម្រិត A-License ភ្នំពេញ​ក្រោ​ន យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៧-០ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​បន្ត​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-១៕  

 





 





Tag:
 Cambodian League 2019
  ព្រះខ័ន​រាជ​ស្វាយរៀង​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com