អន្តរជាតិ
សិង្ហបុរី-ចិន ចុះកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការយោធា តែមិនពាក់ព័ន្ធនឹងភាពតានតឹងរវាងអាមេរិក-ចិន
× រដ្ឋាភិបាលសិង្ហបុរី និងចិន បានចុះព្រមព្រៀងថ្មីមួយស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ ជាពិសេសនោះលើការធ្វើលំហាត់យោធា និងការបង្កើតកិច្ចសន្ទនារវាងកងទ័ពទាំងពីរឲ្យកាន់តែជិតស្និទ្ធ។ កិច្ចព្រមព្រៀងនេះ ត្រូវបានភាគីសិង្ហបុរី ថ្លែងការពារទុកជាមុនថា មិនមានពាក់ព័ន្ធនឹងទំនោរចុងក្រោយរវាងមហាអំណាចឡើយ ពោលគឺសិង្ហបុរី ចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេស ។
រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen និងសមភាគីចិន លោក Wei Fenghe នៅថ្ងៃ២០ តុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយស្តីពីការផ្លាស់ប្តូរការការការពារ និងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ មានគោលដៅពង្រីកវិសាលភាពនៃការធ្វើលំហាត់យោធាទ្វេភាគី ការគាំទ្រគ្នាផ្នែកភស្តុភារ និងបង្កើតឲ្យមានកិច្ចសន្ទនាជាប្រចាំរវាងរដ្ឋមន្ត្រីទាំងពីរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិសិង្ហបុរី លោករដ្ឋមន្ត្រី Ng Eng Hen បានកត់សម្គាល់ថា កិច្ចព្រមព្រៀងចុងក្រោយនេះ មិនមានអ្វីពាក់ព័ន្ធនឹងភាពតានតឹងរវាងអាមេរិក-ចិននោះទេ។ លោករដ្ឋមន្ត្រី បានប្រកាសថា សិង្ហបុរី ចង់បានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ហើយកិច្ចព្រមព្រៀងជាមួយនឹងចិននេះ គឺជាការទទួលខុសត្រូវរួមក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងជាពិសេសនោះលើបញ្ហាសន្តិសុខតែម្តង។
លោករដ្ឋមន្ត្រីដដែលនោះ ក៏បានសង្កត់ធ្ងន់ថា លទ្ធផលនៃកិច្ចព្រមព្រៀងនេះ ក៏ជាការឆ្លុះបញ្ចាំងមួយ នៃការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការរក្សាឲ្យបានមិត្តភាពកក់ក្តៅ និងជិតស្និទ្ធ ដែលអតីតមេដឹកនាំប្រទេសទាំងពីរ បានកសាងឡើងរាប់ទសវត្សរ៍មកហើយនោះ។ ហើយឆ្លៀតឱកាសនោះ មេដឹកនាំទាំងពីរ ក៏បានបង្ហាញពីចេតនាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារ តាមរយៈក្របខណ្ឌអាស៊ាន និងដៃគូរបស់អាស៊ានដូចគ្នាផងដែរ។
គួរបញ្ជាក់ថា សិង្ហបុរី គឺជារដ្ឋមួយ ដែលមានសក្តានុពលនៅក្នុងតំបន់។ ជារដ្ឋដែលតូចជាងគេនៅក្នុងតំបន់ សិង្ហបុរី តែងតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការឥរិយាបថការទូត និងជាពិសេសនោះក្នុងការធ្វើកិច្ចសហប្រិតបត្តិការយោធាជាមួយនឹងដៃគូ រាប់បញ្ចូលទាំងប្រទេសមហាអំណាចចិន និងអាមេរិកជាដើម។
កន្លងមក អាមេរិក បានប្រកាសច្បាស់រួចហើយថាយក សិង្ហបុរី គឺជាដៃគូស្នូលមួយរបស់អាមេរិកនៅក្នុងតំបន់អាស៊ី ខណៈចិន ក៏បានប្រកាសជំហរដូចគ្នាចាត់ទុកសិង្ហបុរីជាមិត្ត និងអ្នកជិតខាងល្អ ដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។ ចំណុចនេះហើយ ដែលធ្វើសិង្ហបុរី ត្រូវមានស្វ័យក្រើនរម្លឹកជានិច្ចក្នុងការពេលធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសមហាអំណាចទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com