ឈ្វេងយល់​ពី​ជន​ជាតិចិន​នៅ​កម្ពុជា
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឈ្វេងយល់​ពី​ជន​ជាតិចិន​នៅ​កម្ពុជា
20, Oct 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ជនជាតិ​ចិន បាន​ហូរ​ចូលមក​កម្ពុជា​តាំងពី​ខ្មែរ​កកើត​ជានគរ​នៅក្នុង​សតវត្សរ៍​ទី​១​មកម្ល៉េះ​។ ពួកគេ បានធ្វើ​ដំណើរ​តាម​សំពៅ ដើម្បី​ធ្វើ​ជំនួញ​នៅ​នគរ​ខ្មែរ ហើយ​បាន​យកប្រពន្ធ​ជនជាតិខ្មែរ ដើម្បី​បង្កើតកូន​ពូន​ជា​ចៅ​រហូតមកដល់​បច្ចុប្បន្ន​។ នេះ​បើតាម​លោក លេង ណៃ​គីម មន្ត្រី​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ បើតាម​អ្នកស្រាវជ្រាវ​រូបនេះ ជនជាតិ​ចិន​នៅ​កម្ពុជា គឺជា​ជនជាតិ​ពូកែ​រកស៊ី ហើយ​ច្រើនតែ​រស់នៅក្នុង​ទីក្រុង និង​ទីប្រជុំជន​។



​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ ជាមួយ លោក លេង ណៃ​គីម ដូចតទៅ​៖




​លោក រ៉ឹ​ម ភា​រី​៖ តើ​ជន​ជាតិចិន​ចូលមក​រស់នៅ​កម្ពុជា​តាំងពី​ពេលណា​? មក​តាមរបៀប​ណា​?

​លោក លេង ណៃ​គីម​៖ ជនជាតិ​ចិន​ចូលមក​កម្ពុជា​តាំងពី​សតវត្សរ៍​ទី​១​នៃ​គ្រិស្តសករាជ​មកម្ល៉េះ​។ បើតាម​កំណត់ហេតុ​លោក ជីវ តាក្វាន់ ដែលជា​អគ្គរាជទូត​ចិន​ចូលមក​កម្ពុជា​កាលពី​ចុង​សម័យអង្គរ បាន​ឲ្យ​ដឹងថា ចិន​ចូលមក​រកស៊ី​នៅ​នគរ​ខ្មែរ​តាំងពី​សតវត្សរ៍​ទី​១ តែ​ទើបតែ​ជាមាន​ទូត​ជា​ផ្លូវការ​ប្រហែល​នៅ​ឆ្នាំ​២២៥​នៃ​គ្រិស្តសករាជ​។ ការ​ចូលមក​ដំបូង ក្នុងនាម​ជា​ឈ្មួញ​តាម​សំពៅ ព្រោះ​សម័យ​នោះ ចិន​មាន​មហាសមុទ្រ​ទើប​មាន​ការរីក​ច្រើន​ផ្នែក​នាវាចរ​។ ការរកស៊ី​ជាធម្មតា បើ​រក​ត្រង់ណា​បាន គេ​ទៅរក​ស៊ី​ត្រង់​ហ្នឹង​។ ហើយ​កត្តា​ភូមិសាស្ត្រ​រវាង​ចិន និង​ខ្មែរ​ជាប់​គ្នា ។ យើង​មាន​សមុទ្រ​ដូច​ចិន​ដែរ ទើប​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយគ្នា ព្រោះ​កាលនោះ ការដឹក​ទំនិញ​ឆ្លង​ប្រទេស ភាគច្រើន​គេ​ប្រើ​សំពៅ​។

​ពេល​ចិន​មករក​ស៊ី​នៅ​នគរ​ខ្មែរ បុរស​ជនជាតិ​ចិន​ដែលជា​កម្មករ​ដើរ​តាម​សំពៅ​ចិន ចាប់អារម្មណ៍​លើ​លក្ខណៈសម្បត្តិ​នារី​ខ្មែរ ដែលជា​នារី​ពូកែ​រកស៊ី និង​ចេះ​គ្រប់គ្រង​គ្រួសារ​បានល្អ ទើបបាន​រៀបការ​ជាមួយ​នារី​ខ្មែរ និង​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ខ្មែរ​។ តែ​កាលណោះ ពួកគេ​មក​រស់​នៅតាម​ទម្លាប់​គ្មាន​ច្បាប់​ត្រឹមត្រូវ​នោះទេ​។ ជា​បន្ត​បន្ទាប់មក នៅ​សម័យ​សង្គមរាស្ត្រនិយម​ក្រោម​ការដឹកនាំ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៦៥​ចិន​បាន​ភ្ជាប់​ការទូត​ជាមួយ​កម្ពុជា​ម្តងទៀត​។ ទំនាក់ទំនង​ការទូត​នេះហើយ ទើប​ភាគី​ទាំងពីរ​សម្រួល​ឲ្យ​ជន​ជាតិចិន​អាចបង្កើត​សមាគម បង្កើត​សាលា​ភាសា​ចិន និង​អនុញ្ញាតិ​ឲ្យ​ជនជាតិ​ចិន​អាចធ្វើ​ពិធី​តាម​ប្រពៃណី​ចិន​រហូតមកដល់​បច្ចុប្បន្ន​។  



​លោក រ៉ឹ​ម ភា​រី​៖ លោក​លើកឡើងថា សម័យមុន បុរស​ចិន​ចង់​រៀបការ​ជាមួយ​នារី​ខ្មែរ ព្រោះ​នារី​ខ្មែរ​ពូកែ​រកស៊ី ប៉ុន្តែ ហេតុអ្វី​បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ជាទូទៅ តែងតែ​ចង់ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ជាមួយ​ជនជាតិ​ចិន​ទៅវិញ​?

​លោក លេង ណៃ​គីម​៖ កាលនោះ ស្ត្រី​ខ្មែរ មាន​ឥរិយាបថ​ល្អ បើ​គាត់​នៅផ្ទះ គាត់​មើល​ការខុសត្រូវ​ផ្ទះសម្បែង​បាន​ត្រឹមត្រូវ​។ បើ​រកស៊ី​ពូកែ​ណាស់ ព្រោះ​ងើប​តាំងពី​ម៉ោង​៤​ទៀបភ្លឺ​មក​លក់ដូរ​។ ចិន​គាត់​មើលឃើញ​ត្រង់​ហ្នឹង ទើប​ពួកគាត់​ចាប់អារម្មណ៍​នារី​ខ្មែរ​។ បច្ចុប្បន្ន ជនជាតិ​ចិន ដែល​រស់នៅ​កម្ពុជា​បាន​រកស៊ី​រហូត​មានទ្រព្យ​សម្បត្តិ​និង​មាន​ជីវភាព​ធូរធារ ទើបបាន​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ ឲ្យ​ចង់ភ្ជាប់​សាច់ញាតិ​ជាមួយ​ជនជាតិ​ចិន​(​ខ្មែរ​កាត់​ចិន​) ព្រោះ ខ្មែរ​យល់ថា ជនជាតិខ្មែរ​ដែលជា​ប់​សែស្រឡាយ​ចិន ឆ្លាត​ពូកែ​រកស៊ី​។ ជនជាតិ​ចិន ពួកគេ​បានរស់នៅ​តាម​ទីប្រជុំជន និង​ទីក្រុង ព្រោះ ជា​តំបន់​ងាយស្រួល​រកស៊ី​ជួញដូរ​។

​លោក រ៉ឹ​ម ភា​រី​៖ បច្ចុប្បន្ន មាន​ពលរដ្ឋ​កម្ពុជា​ច្រើនឡើងៗ​ដែល​ជាប់សែស្រឡាយ​ចិន ហើយ​តែងតែ​ធ្វើ​ពិធី​ប្រពៃណី​ចិន ដូចជា ពិធី​ឆេង​ម៉េង និង​បុណ្យចូលឆ្នាំ​ចិន​…​យ៉ាង​គគ្រឹក​គគ្រឹក​។ តើ​ការទទួល​ឥទ្ធិពល​វប្បធម៌​ចិន​បែបនេះ ជាការ​ល្អ​ទេ​សម្រាប់​កម្ពុជា​? 

​លោក លេង ណៃ​គីម​៖ វា​ជាធម្មតា​ទេ​ចំពោះ​ការទទួល​ឥទ្ធិពល​វប្បធម៌​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ព្រោះ បើ​យើង​រស់នៅ​លក្ខណៈ​បិទ​ជិត យើង​នឹងមិន​មានការ​រីកចម្រើន​នោះទេ​។ ធម្មតា ខ្មែរ​ឃើញ​ចិន​សែន​ព្រេង គេ​គោរព​ប្រពៃណី គេ​រកស៊ី​មានបាន គាត់​ក៏​ធ្វើតាម​គេ​។ ពី​ដើម​មក យើង​ធ្វើ​អង្គរវត្ត​នេះ យើង​ក៏​ទទួល​ឥទ្ធិពល​វប្បធម៌ និង​អរិយធម៌​ឥណ្ឌា​ដែរ​។ គ្រាន់តែ​ខ្មែរ​យើង​មាន​ចំណុច​ពិសេស​ត្រង់​ថា ខ្មែរ​ទទួល​ពី​គេ តែ​មិន​ចម្លង​ទាំង​ដុល​នោះទេ តែ​ខ្មែរ​បាន​កែច្នៃ​ជា​របស់​ខ្មែរ​។ ខ្មែរ​បាន​យក​អក្សរ​បាលី​សំស្ក្រឹត មក​បង្កើតជា​អក្សរ​ខ្មែរ​បាន​ប្រើ​រហូតមកដល់​សព្វថ្ងៃ​នេះ​។ ខ្មែរ​យើង​មិន​ទទួល​វប្បធម៌​អាក្រក់ៗ​នោះទេ តែ​តែងតែ​ទទួលយក​នូវ​ចំណុច​ល្អ​របស់​វប្បធម៌​បរទេស​។​

​លោក រ៉ឹ​ម ភា​រី​៖ ប៉ុន្មាន​ឆ្នាំ​មកនេះ ជនជាតិ​ចិន​បាន​ចូលមក​កម្ពុជា​កាន់តែច្រើន តែ​ពួកគេ មាន​ឥរិយាបថ​មិន​សមរម្យ ដែល​ពាក្យ​សាមញ្ញ​គេ​ហៅថា​«​ច្រងេងច្រងាង​» ឬ «​ឈ្លើយ​» តើ​ហេតុអ្វី​បានជា​ពួកគេ​មាន​ឥរិយាបថ​បែបនេះ​?

​លោក លេង ណៃ​គីម​៖ ជនជាតិ​ចិន ដែល​ចូល​សញ្ញា​តិ​ខ្មែរ ហើយ​រស់នៅ​ជាមួយ​ជនជាតិខ្មែរ​យូរហើយ មិនមាន​ឥរិយាបថ​បែបនេះ​ទេ​។ ប៉ុន្តែ ជាការ​ពិត ចិន​ដែល​ទើប​ចូលមក​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពួកគេ​មួយចំនួន​មាន​អាកប្បកិរិយា​ឈ្លើយ​មែន ព្រោះ ចាប់ពី​សតវត្សរ៍​ទី​២០​មក ចិន​មិនដែល​បានរស់នៅ​ក្រោម​របប​ប្រជាធិបតេយ្យ​នោះទេ គឺ​ចិន​បាន​ប្រកាន់យក​របប​កុម្មុយនីស្ត​រហូតមកដល់​បច្ចុប្បន្ន​។ យើង​ដឹង​ហើយ​ថា កុម្មុយនីស្ត មិនដែល​ឲ្យ​តម្លៃ​លើ​សិទ្ធិមនុស្ស និង​សីលធម៌​អ្វី​ឡើយ​។ នៅក្នុង​របប​កុ​ម្មុនី​ស្ត ការសំខាន់ គឺ​គោរព​ខ្ជាប់​ខ្ជួ​នូវ​គោលនយោបាយ​របស់​បក្ស និង​រដ្ឋ ហើយ​អាកប្បកិរិយា​របៀប​ណាៗ ពួកគេ​មិន​ខ្វល់​ទេ​។ មិនមែន​តែ​ចិន​នៅ​កម្ពុជា​ទេ នៅ​ប្រទេស​ផ្សេងៗ​ក៏ដោយ ជន​ជាតិចិន​មួយចំនួន​ក៏មាន​ឥរិយាបថ​បែប​ហ្នឹង​ដែរ​។ សូម្បីតែ​ជនជាតិ​ចិន​គ្នាឯង ឃើញ​នារី​ចិន​ដើរ វា​ដើរ​បុក​។ ចិន​គឺ​អ៊ីចឹង​! គេ​គិតតែ​រឿង​រកស៊ី​ប្រកួតប្រជែង ពួកគេ​មិនបាន​គិតពី​តម្លៃ​សីលធម៌​នោះទេ​។ ហើយ​បើ​ទៅរក​ស៊ី​ប្រទេស​ណា មិនសូវ​គោរព​ច្បាប់​ប្រទេស​នោះឡើយ​។ ខ្ញុំ​និយាយ​នេះ មិនមែន​ទាំងអស់​ទេ មាន​ចិន​ខ្លះ ក៏​មករក​ស៊ី​ត្រឹមត្រូវ និង​គោរព​ច្បាប់​ដែរ​។​

​លោក រ៉ឹ​ម ភា​រី​៖ តើ​ជន​ជាតិចិន​មាន​ចំណុច​ល្អ​ណាខ្លះ ដែល​ពលរដ្ឋ​ខ្មែរ​អាច​យកមក​រៀនសូត្រ​បាន​?

​លោក លេង ណៃ​គីម​៖ ជនជាតិ​ចិន​មករក​ស៊ី​នៅ​កម្ពុជា បាន​បង្រៀន​ប្រជាជន​ខ្មែរ​ឲ្យ​ចេះ​រកស៊ី​តាម​ចិន​ដែរ​។ មួយវិញទៀត ជនជាតិ​ចិន តែងតែ​ចេះ​ជួយ​គ្នា​។ បើសិន​ជនជាតិ​ចិន​ណា​ក្រីក្រ ពួកគេ​ចេះ​ជួយ​គ្នា​ណាស់​។ ចិន​នៅ​កម្ពុជា គេ​បែង​ចែកជា​៥​អម្បូរ​ធំៗ​។ ឧទាហរណ៍​ថា មាន​ជនជាតិ​ចិន​ណា​ដែល​ជាប់សែស្រឡាយ​គេ គេ​ជួយ​ជា​កម្ចី​គ្មាន​ការប្រាក់ ឬ​បង្ហាញផ្លូវ​រកស៊ី​ទៅ​បុគ្គល​នោះ ដើម្បី​អាច​រស់នៅ​ខ្លួនឯងបាន​។ ពួកគេ​បង្កើតជា​សមាគម​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​។ ពួកគេ​តែង​ជួយ​នរណា​ដែល​ក្រខ្សត់​ឲ្យ​ចេះ​ស្ទួ​ច​ត្រី មិនមែន​ឲ្យ​ត្រី​ម្តងម្កាល ដើម្បី​ឲ្យ​គេ​ដឹងគុណ​នោះទេ​៕      





Tag:
 ជនជាតិ​ចិន​
 ​វប្បធម៌​
 ​ប្រវត្តិសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com