អន្តរជាតិ
ចិន ចេញមុខការពារការជ្រើសរើសវេណេស៊ុយអេឡាជាសមាជិកក្រុមប្រឹក្សាសិទិ្ធមនុស្ស
× ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ថ្មីៗនេះ បានបោះឆ្នោតជ្រើសរើសសមាជិកមួយចំនួនសម្រាប់អាណត្តិថ្មី ដែលគួរឲ្យកត់សម្គាល់ក្នុងនោះ សមាជិកថ្មីដែលទើបជ្រើសរើស ក៏មានប្រទេសដែលកំពុងតែមានរឿងអាស្រូវសិទ្ធិមនុស្សធ្ងន់ធ្ងរផងដែរ។ ទោះបែបនេះក្តី សមាជិកថ្មីទាំងនេះ ទទួលបានការគាំទ្រផង និងជំទាស់ផងពីមហាអំណាចពិភពលោកអាមេរិក និងចិន។
វេណេស៊ុយអេឡា គឺជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង១៤ ដែលត្រូវបានបោះឆ្នោតគាំទ្រជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ នៅថ្ងៃ១៧ តុលាកន្លងទៅ។ គួរឲ្យចាប់អារម្មណ៍នោះ ការជ្រើសរើសវេណេស៊ុយអេឡាពេលនេះ មានភាឆ្គាំឆ្គងខ្លះ ដ្បិតចុងក្រោយនេះ មេដឹកនាំរបស់រដ្ឋកំពុងជាប់ផុងវិបត្តិសេដ្ឋកិច្ចមួយនេះ មានជាប់ក្នុងរបាយការណ៍រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផង។
ជុំវិញសេចក្តីសម្រេចនេះ មានមហាអំណាចពិភពលោកពីរ បានចេញមុខប្រតិកម្ម។ អាមេរិក តាមរយៈរដ្ឋមន្ត្រីការបរទស Mike Pompeo បានអះអាងថា ចិន និងរុស្ស៊ី បានលើកបន្ទប់វេណេស៊ុយអេឡាក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺជារឿងគួរអស់សំណើចមួយ។ ប្រមុខការទូតរូបនេះ ក៏បានបន្ថែមថា កម្សោយ និងចន្លោះប្រហោងរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សបែបនេះហើយ ទើបបានអាមេរិក ដកសមាជិកភាពរបស់ខ្លួនចេញពីក្រុមប្រឹក្សានៅឆ្នាំ២០១៨កន្លងទៅ។
ការលើកឡើងបែបនេះ ប្រាកដណាស់ថា ចិន មិនអាចទទួលយកបាននោះទេ។ តាមរយៈអ្នកនាំពាក្យក្រសួងការទេសចិន នៅថ្ងៃ១៨ តុលាកន្លងទៅ រដ្ឋាភិបាលចិន បានហៅការចោទប្រកាន់របស់អាមេរិក ថាជារឿងមិនត្រឹមត្រូវ។ អ្នកនាំពាក្យ បន្តថា ការបោះឆ្នោតជ្រើសរើសវេណាស៊ុយអេឡា គឺស្របតាមនីតិវិធីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយអ្នកដែលជំទាស់លទ្ធផលនេះ អ្នកនាំពាក្យចោទជាសំណួរថាតើកំពុងតែព្យាយាមជំទាស់ជាមួយនឹងអំណាចរបស់មហាសន្និបាតឬយ៉ាងណា?
បន្ទាប់ពីអះអាងពីភាពស្របច្បាប់នៃលទ្ធផលជ្រើសរើសវេណេស៊ុយអេឡារួចហើយ អ្នកនាំពាក្យក្រសួងការបរទេសចិនដដែល បានផ្តល់យោបល់ឲ្យអាមេរិកបញ្ឈប់ធ្វើជាម្ចាស់ ឬបញ្ជាប្រទេសដទៃធ្វើបែបនេះ ឬបែបនោះ និងជាពិសេសនោះកុំទាញរឿងសិទ្ធិមនុស្សជាមួយនឹងនយោបាយ ហើយបញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃក្រោមឆត្រ័រឿងសិទ្ធិមនុស្សតទៅទៀត។
សម្រាប់ក្រុងប៉េកាំង ការណ៍ដែលក្រុងវ៉ាស៊ិនតោនធ្វើបែបនេះ គឺដើម្បីព្យាយាមយកមុខមាត់ ក៏ប៉ុន្តែ នឹងបង្កឲ្យមានការខ្វែងគ្នាពីសហគមន៍អន្តរជាតិនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com