អន្តរជាតិ
លោកស្រី ស៊ូ​ជី ទទូច​ឲ្យ​ប្រជាជន​ពួតដៃគ្នា​ដើម្បី​ប្រយោជន៍​ជាតិ ហើយ​បញ្ឈប់​វប្បធម៌​វាយប្រហារ​គ្នា​
20, Oct 2019 , 6:59 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​បាត់​មុខ​មួយរយៈ​ក្នុងការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បានបង្ហាញ​មុខជា​សាធារណៈ​ជាថ្មី ដោយបាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាជន​ទាំងអស់ ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​បានល្អ និង​បញ្ឈប់​ការ​វាយបក​គ្នា​ទៅវិញ​ទៅមុខ ដោយសារតែ​រឿង​បន្តិចបន្តួច​។



​តាមរយៈ​សុន្ទរកថា​បើក​កម្មវិធី​សិក្ខាសាលា​ស្តីពី​ការអភិវឌ្ឍ​សាកលវិទ្យាល័យ​របស់​ប្រទេស លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃ​១៧ តុលា​កន្លង​ទៅបាន​ទទូច​ឲ្យ​ប្រជាជន​ទាំងអស់​រួមដៃគ្នា​ក្នុង​ការបន្ត​បម្រើ​ផលប្រយោជន៍​ជាតិ និង​ត្រូវ​បញ្ឈប់​វប្បធម៌​នៃ​ការឈ្លោះគ្នា ឬ​វាយបក​គ្នា​ដោយសារតែ​បញ្ហា​បន្តិចបន្តួច​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី បាន​ដាស់​តឿ​ស​ដាស់តឿន​ដល់​អ្នកជំនាន់ក្រោយ ដោយ​មិនគួរ​ដណ្តើម​គ្នា​ធ្វើជា​មេដឹកនាំ​នោះទេ​។ លោកស្រី សង្កត់ធ្ងន់ថា​៖«​មនុស្ស​ជាច្រើន ចង់​ធ្វើជា​មេដឹកនាំ ដូចជា មេដឹកនាំ​យុវជន មេដឹកនាំ​ស្ត្រី មេដឹកនាំ​ក្រុម​ជនជាតិភាគតិច មេដឹកនាំ​នយោបាយ និង​មេដឹកនាំ​សេដ្ឋកិច្ច​។ ហើយ​បើ​គ្រប់គ្នា ធ្វើជា​មេដឹកនាំ តើ​មាន​នរណា​ធ្វើជា​អ្នកអនុវត្ត​?»

​ការណ៍​ដែល​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ថ្លែង​បែបនេះ មិនមែន​ចង់​បន្ទោស​បង្អាប់​អ្នក​បន្តវេន​ឲ្យ​ប្រឹងប្រែង​ក្នុងការ​ដឹកនាំ​ឡើយ ក៏ប៉ុន្តែ​លោកស្រី ចង់ឃើញ​ពួកគេ ចេះ​សហប្រតិបត្តិការ​គ្នា និង​ធ្វើការ​ជា​ក្រុម​ជាជាង​ការ​ប្រជែង​ដើម្បី​ទទួលបាន​ជួរមុខ​។

​ប្រមុខ​ដឹកនាំ​មី​យ៉ាន់​ម៉ា​រូបនេះ ក៏បាន​ផ្តាំផ្ញើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​កែតម្រូវ​ចំណុច​ខ្វះខាត​របស់ខ្លួន ខណៈ​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ឲ្យ​អស់​លទ្ធភាព​តាមរយៈ​កិច្ចសហប្រតិបត្តិការ​។ លោកស្រី សង្កត់ធ្ងន់ថា នៅពេល​យុវជន រឹងមាំ និង​មាន​ជំនាញ​សមត្ថភាព​ច្បាស់លាស់ នោះ​ប្រទេស​នឹង​អាច​អភិវឌ្ឍ​ឲ្យ​កាន់តែ​ទំនើប​បាន​ហើយ​។

​គួរ​ជម្រាប​ថា ក្រោយ​ការប្រកាស​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​អស់​រាប់​ទសវត្សរ៍​មក​ហើយ​នោះ មី​យ៉ាន់​ម៉ា នៅតែ​មិនទាន់​អាចមាន​សាមគ្គីភាព​ផ្ទៃក្នុង​បាន​នៅឡើយ​នោះទេ​។ ជា​ប្រទេស​ដែលមាន​ចម្រុះ​ជាតិ​សាសន៍​ច្រើន​ស្រាប់​នោះ មី​យ៉ាន់​ម៉ា មកទល់ពេលនេះ នៅតែ​បន្ត​ជាប់​កម្អែល​របស់​យោធា​ក្នុង​ប្រព័ន្ធ​ដឹកនាំ ដែល​ចំណុច​នេះ ធ្វើ​រដ្ឋាភិបាល​ស៊ីវិល​លើកដំបូង​របស់លោក​ស្រី ស៊ូ​ជី ពិបាក​ក្នុង​ការដឹកនាំ និង​សម្រេចចិត្ត​ក្នុងការ​អភិវឌ្ឍ​ប្រទេស​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com