បៀតបៀន​គ្នា​ធ្វើ​អ្វី​!
ជាតិ
បៀតបៀន​គ្នា​ធ្វើ​អ្វី​!
20, Oct 2019 , 11:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ទុក្ខ មាន​ពីរ​ប្រភេទ គឺ​ទុក្ខ​ពី​កំណើត និង​ទុក្ខ​ពី​សង្គម​។ ទុក្ខ​ពី​កំណើត តែង​កើតមាន​ចំពោះ​មនុស្ស​គ្រប់គ្នា ដោយ​ជៀស​មិន​រួច​។ ប៉ុន្តែ មនុស្ស អាច​រង​ទុក្ខ​មួយ​បន្ថែមទៀត គឺ​ទុក្ខ ដែល​កើតចេញពី​ការធ្វើ​បាប​គ្នា​ក្នុងសង្គម​។​



​ចាប់តាំងពី​កើតមក មនុស្ស​គ្រប់រូប មានទុក្ខ​តាម​ខ្លួន​រួចជាស្រេច​ទៅហើយ ដែល​ហៅថា​ទុក្ខ ព្រោះ​មានកំណើត ឬ​ទុក្ខ​ពី​ធម្មជាតិ​។ ទុក្ខ​ប្រភេទ​នេះ នឹង​នៅ​បន្ត​ជា​រៀងរហូត ដោយ​មិន​ប្រែប្រួល​ឡើយ​។ ឲ្យ​តែមាន​រូប គឺមាន​ទុក្ខ ទោះ​ស្ថិតក្នុង​សម័យកាល​ណាក៏ដោយ​។

​ទុក្ខ​ព្រោះ​អ្វី​? ទុក្ខ​ព្រោះ​ខ្វះ​ទ្រព្យ ទុក្ខ​ព្រោះ​ជំងឺ ទុក្ខ​ព្រោះ​ចាស់ជរា ទុក្ខ​ព្រោះ​បែកបាក់​សាច់ញាតិ ក្រុមគ្រួសារ និង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ទុក្ខ​ព្រោះ​សេចក្តីស្លាប់ ជាដើម​។ ទុក្ខ​ទាំងនេះ តែងតែ​កើត​ចំពោះ​មនុស្ស​រាល់គ្នា ដោយ​គ្មាន​នរណាម្នាក់​អាច​គេចផុត​ឡើយ ទោះជា​អ្នកនោះ ក្រ​ឬ​មាន រាស្ត្រ​ឬ​មន្ត្រី សេដ្ឋី​ឬ​ស្តេច ក៏ដោយ​។

​ក្រៅពី​ជួប​ទុក្ខ​ពី​កំណើត​ឬ​ទុក្ខ​ពី​ធម្មជាតិ មនុស្ស អាច​នឹង​ជួប​ទុក្ខ​មួយ​ជាន់​ទៀត គឺ​ទុក្ខ ដែល​កើតចេញពី​សង្គម ប្រសិនបើ​សង្គម​នោះ​មិនល្អ ដូចជា មនុស្ស​មិនចេះ​យោគយល់​គ្នា ឈ្នានីស​គ្នា កេង​ប្រ​វញ្ច​គ្នា បាញ់​ស្លាប់ ធ្វើទុក្ខបុកម្នេញ​ដាក់គ្នា អ្នកមាន​លុយ មានអំណាច ធ្វើបាប​អ្នកក្រ ជិះជាន់ រឹបអូស​ដីធ្លី​ផ្ទះសម្បែង​ប្រជារាស្ត្រ មេដឹកនាំ​ខ្វះ​គុណធម៌ គិតតែ​ពី​អំណាច គិតតែ​ពី​ប្រយោជន៍​ក្រុមគ្រួសារ បក្សពួក ដោយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​ប្រជារាស្ត្រ​។

​មនុស្ស​ក្នុងប្រទេស​ឬ​សង្គម​ប្រភេទ​នេះ ប្រាកដជា​រស់នៅ​ដោយ​ការភ័យខ្លាច និង​រង​ទុក្ខ​ពី​សង្គម ដោយ​ជៀស​មិន​រួច​។ ដូច្នេះ មនុស្ស ត្រូវ​ជួប​ទុក្ខ​ពីរដង គឺ​ទុក្ខ​ពី​ធម្មជាតិ​ផង និង​ទុក្ខ​ពី​សង្គម​ផង​។​

​សេចក្តី​ទុក្ខ​ពី​កំណើត ប្រៀបដូចជា​ដំបៅ​។ ឯ ការ​ធ្វើបាប​ដាក់គ្នា ប្រៀបដូចជា ការយក​បន្លា​ទៅ​ចាក់​ត្រង់​កន្លែង​ដែលមាន​ដំបៅ​។ «​ការយក​បន្លា ទៅ​ចាក់​ដំបៅ​បែបនេះ នឹង​បង្កើន​ការឈឺចាប់​ទ្វេដង​»​។

​មនុស្ស មានទុក្ខ​ពី​ធម្មជាតិ​តាម​ជាប់​ខ្លួន គឺ​វេទនា និង​ឈឺចាប់​ណាស់​ទៅហើយ​។ ចុះ​ហេតុអ្វី ត្រូវ​ធ្វើបាប​ដាក់គ្នា ដែល​នាំ​ឲ្យ​មានទុក្ខ​បន្ថែម រហូតដល់​ទៅ​ពីរ​ត្រួត​នោះ​?
​មនុស្ស គប្បី​ជៀសវាង​ឲ្យ​បាន​នូវ​ការធ្វើ​អំពើអាក្រក់​ក្នុងសង្គម​។ មនុស្ស​គ្រប់រូប គួរ​រួមគ្នា​កសាង​សង្គម​មួយ​ដែល​ល្អ សម្រាប់​ការរស់នៅ​ជាមួយគ្នា ដោយ​គ្មាន​ការភ័យខ្លាច ហើយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​សង្គម​នោះ ក្លាយជា​សង្គម ដែល​ផ្តល់​ទុក្ខ​ដល់​មនុស្ស បន្ថែម​ពីលើ​ក​ទុក្ខ​ពី​ធម្មជាតិ​។

​ធ្វើជា​មនុស្ស គួរតែមាន​ក្តី​សន្តោស និង​ការជួយ​គ្នា​ទៅវិញទៅមក ទើប​អាចជួយ​គ្នា​ក្នុងការ​កាត់បន្ថយ​ក្តី​ទុក្ខ និង​ការឈឺ​ចាប់បាន​។ មានរឿង​សំខាន់ៗ​ពីរ​យ៉ាង ដែល​យើង​ត្រូវ​កាន់ខ្ជាប់​ឲ្យ​បាន ដើម្បី​កាត់បន្ថយ​សេចក្តី​ទុក្ខ ហើយក៏​អាច​នាំ​ឲ្យ​មាន​សុខដុមរមនា​ក្នុងសង្គម​ផងដែរ​។ 

​ទីមួយ យើង​ត្រូវ​តាំងចិត្ត​ឲ្យ​បាន​ថា មិនត្រូវ​ធ្វើអំពើ​អាក្រក់​ណាមួយ​ទៅលើ​អ្នកដទៃ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ហើយ​ត្រូវ​ព្យាយាម​បណ្តុះ​ចិត្ត​របស់ខ្លួន​ឲ្យ​មាន​ក្តីមេត្តា​ចំពោះ​អ្នកដទៃ​។ និយាយ​ឲ្យ​ខ្លី គឺ​ការមិន​ធ្វើបាប​ទាំងពួង​។

​ទី​ពីរ យើង​ត្រូវ​ព្យាយាម​ជួយ​អ្នកដទៃ​។ បើ​មានទ្រព្យ ជួយ​ទ្រព្យ​។  បើ​មានគំនិត ជួយ​គំនិត​។ បើ​គេ ឈឺចាប់ គួរ​ជួយ​រំសាយ​ការឈឺចាប់​នោះ​។ យើង គួរ​ជួយ​គ្នា​ទៅវិញទៅមក តាម​មធ្យោបាយ​ឬ​តាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន​។ មានតែ​ធ្វើបែបនេះ​ទេ ទើប​ជីវិត​គ្រប់គ្នា អាច​កាត់បន្ថយ​ក្តី​ទុក្ខ​បាន​ខ្លះ​។​

​យើង​និង​គេ មិន​ខុសគ្នា​ឡើយ គឺ​កើតមក មានទុក្ខ មានការ​ឈឺចាប់ មាន​ក្តី​សោកសៅ ជាប់​នឹង​ខ្លួន ស្ទើរតែ​ទ្រាំ​មិនបាន​ទៅហើយ ដូច្នេះ វា គ្មាន​ហេតុផល​អ្វី ដែល​ត្រូវ​ធ្វើបាប​គ្នា ហើយ​ផ្តល់​ក្តី​ទុក្ខ​ឬ​ការឈឺចាប់ ដល់​គ្នា​បន្ថែមទៀត​នោះទេ​៕


Tag:
 ​ទស្សនៈ​
  ធម៌​
  សេចក្តី​ទុក្ខ​
© រក្សាសិទ្ធិដោយ thmeythmey.com