ជាតិ
សេដ្ឋកិច្ច
លោក ចូ​កូ ជំរុញ​វិស័យ​ដឹកជញ្ជូន​ផ្លូវដែក ផ្លូវទឹក រវាង​ឥណ្ឌូណេស៊ី​និង​កម្ពុជា បន្ទាប់ពី​មាន​ជើងហោះហើរ​ត្រង់​
20, Oct 2019 , 6:29 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ កម្ពុជា និង​ឥណ្ឌូណេស៊ី មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយគ្នា​លើ​វិស័យ​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ តែ​បន្ថែម​លើ​នេះ លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជំរុញ​ទំនាក់ទំនង​ថែមទៀត​ដល់​ផ្នែក​ដឹកជញ្ជូន​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ដែល​បាន​ផ្សព្វផ្សាយ បន្ទាប់ពី​សម្ដេច​បាន​ចូលជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​លោក ចូ​កូ នៅ​ថ្ងៃទី​២០ ខែតុលា ។​



​លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​ទើប​ចូលកាន់​តំណែង​សម្រាប់​អាណត្តិ​ថ្មី​រូបនេះ បាន​មើលឃើញ​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ឥណ្ឌូណេស៊ី​លើ​វិស័យ​មួយចំនួន​មាន​ភាពល្អប្រសើរ និង​ចង់​ជំរុញ​បន្ថែមទៀត​លើ​វិស័យ​ដឹកជញ្ជូន​។ ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​សម្រាប់​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​វិញ  ប្រធានាធិបតី បាន​មើលឃើញ​មានការ​វិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ ដូចជា​វិស័យ​សុខាភិបាល​ប្រទេស​ទាំងពីរ​មានការ​វិនិយោគ​រួមគ្នា ហើយ​វិស័យ​ដឹកជញ្ជូន​វិញ​ប្រទេស​ទាំងពីរ​មានការ​ហោះហើរ​ត្រង់​ជាមួយគ្នា​ផងដែរ​។ 
ប៉ុន្តែ​លោក​មើលឃើញថា នៅមាន​វិស័យ​ជាច្រើន​ទៀត​ដែលមាន​សក្តានុពល​ហើយ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម ដូចជា​ការដឹកជញ្ជូន​ផ្លូវដែក និង​តាម​ផ្លូវទឹក​ជាដើម​»​។​

​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​របស់​កម្ពុជា ក្នុងពេល​ថ្មីៗ​នេះ បាន​ជួបពិភាក្សា​ជាមួយ​ភាគី​ឥណ្ឌូណេស៊ី ទាំង​ផ្នែក​រដ្ឋ និង​ឯកជន និង​បានស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​វិនិយោគ​ទាក់ទិន​ការដឹកជញ្ជូន​តាមផ្លូវ​ដែក ព្រមទាំង​ស្នើ​បង្កើន​កិច្ចសហការ​លើ​វិស័យ​កំពង់​ផែន​ជាមួយ​កម្ពុជា​។​

​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​នៅមាន​ទំហំ​តូច​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។ នៅក្នុង​ឆ្នាំ​២០១៨ ពាណិជ្ជកម្ម​សរុបរ​វា​ង​ប្រទេស​ទាំងពីរ​មាន​ចំនួន ៥៥៨ លាន​ដុល្លារ កើនឡើង​ចំនួន​៣​ភាគរយ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌូណេស៊ី​មានតែ ៣៣ លាន​ដុល្លារ​អាមេរិក និង​នាំចូល​ពី​ឥណ្ឌូណេស៊ី​ចំនួន ៥២៥ លាន​ដុល្លារ​អាមេរិក​។ ចំពោះ​វិនិយោគ​វិញ​នៅមានកំរិត​តិចតួច​នៅឡើយ​។ នេះ​បើតាម​តួលេខ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នាពេល​ថ្មីៗ​នេះ​។ សូមបញ្ជាក់​ផងដែរ​ថា កម្ពុជា និង​ឥណ្ឌូណេស៊ី ទើប​ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយគ្នា​ឡើងវិញ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩ ៕


Tag:
 ផ្លូវដែក​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com