ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតខ្មែរនៅកូរ៉េ៖ សហគមន៍ខ្មែរ មិនចាប់អារម្មណ៍ការធ្វើបាតុកម្មគាំទ្រមាតុភូមិនិវត្តលោក សម រង្ស៊ី ឡើយ
20, Oct 2019 , 8:00 pm        
រូបភាព
លោក ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និង ទិដ្ឋភាពពលករខ្មែរ ធ្វើបាតុកម្ម
លោក ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និង ទិដ្ឋភាពពលករខ្មែរ ធ្វើបាតុកម្ម
ពលករខ្មែរមួយចំនួននៅកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ដើម្បីបង្ហាញឆន្ទៈគាំទ្រដំណើរមាតុភូមិនិវត្តរបស់ក្រុមលោក សម រង្ស៊ី ហើយក៏ដើម្បីបំផុសបំផុលឲ្យពលករ សម្រេចចិត្តរួមដំណើរជាមួយលោក សម រង្ស៊ី ផងដែរ។ ប៉ុន្តែ លោក ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង យល់ថា សហគមន៍ខ្មែរនៅទីនោះ មិនចាប់អារម្មណ៍នឹងការធ្វើបាតុកម្មនេះទេ។



ក្នុងបទសម្ភាសជាមួយអ្នកកាសែតនៃសារព័ត៌មានថ្មីៗ ដែលកំពុងបំពេញបេសកកម្មនៅកូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍រថភ្លើងអាស៊ាន-កូរ៉េ លោក ឡង់ ឌីម៉ង់ បានថ្លែងដូច្នេះថា៖«ការធ្វើបាតុកម្មនេះ ខ្ញុំ គិតថា បងប្អូនសហគមន៍ខ្មែរភាគច្រើន ជាទូទៅ គឺមិនបានចាប់អារម្មណ៍ទេ គឺយើងទាំងអស់គ្នា រវល់តែក្នុងការបំពេញភារកិច្ចនិងការងារប្រចាំថ្ងៃរបស់ខ្លួន។ ស្ថានទូត ក៏រវល់ក្នុងការធ្វើការងារស្នូលរបស់ខ្លួន បម្រើជាតិនិងបម្រើប្រជាជនរបស់យើងតែប៉ុណ្ណឹងឯង»។

លោក សម រង្ស៊ី អះអាងលើទំព័រហ្វេសប៊ុកថា អ្នកចូលរួមធ្វើបាតុកម្មនេះ មានប្រមាណ៣ពាន់នាក់ឯណោះ។ លោក សរសេរថា៖«ខ្ញុំ សម រង្ស៊ី សូមកោតសរសើរ និងអរគុណកូនក្មួយ អ្នកស្នេហាជាតិទាំងអស់ នៅប្រទេសកូរ៉េខាងត្បូង ដែលបានចូលរួមក្នុងមហាបាតុកម្មនេះ ដើម្បីគាំទ្រមាតុភូមិនិវត្តរបស់ខ្ញុំ»។

យ៉ាងណា លោក ឡង់ ឌីម៉ង់ អះអាងថា អ្នកចូលរួមធ្វើបាតុកម្មនេះ មានប្រមាណតែ៣ទៅ៤រយនាក់ប៉ុណ្ណោះ។ លោក បញ្ជាក់ថា៖«យើងថា៤រយនាក់ចុះ។ ៤រយនាក់ ធៀបនឹងប្រជាពលរដ្ឋខ្មែរនៅកូរ៉េជាង៦ម៉ឺននាក់ ឃើញថាមិនបាន០,១ភាគរយផង។ ដូច្នេះចំនួននេះតិចណាស់...»។

លើសពីនេះ លោកទូត សង្កេតឃើញថា អ្នកគាំទ្រអតីតគណបក្សប្រឆាំងក្នុងប្រទេសកូរ៉េ កំពុងមិនចុះសម្រុងគ្នា។ លោក រៀបរាប់ថា៖«ឃើញថាពួគាត់ហ្នឹង បែកបាក់គ្នាទៅទៀត ឃើញមានទាស់ទែងគ្នា ខ្វែងគំនិតគ្នា បន្តុះបង្អាប់ ប្រើពាក្យគំរោះគំរើយច្រើនណាស់ ជះទឹកដាក់គ្នាទៅវិញទៅមក យើងជាខ្មែរស្តាប់មើលទៅ រាងលំបាកដែរ....»។

ប្រទេសថៃ ទំនងជាគោលដៅរបស់លោក សម រង្ស៊ី ក្នុងការប្រមូលផ្តុំកម្លាំងពលករ មុននឹងឈានជើងចូលទឹកដីខ្មែរ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក ពឹងផ្អែកខ្លាំងលើពលករខ្មែរនៅប្រទេសថៃ ដោយលោក អះអាងថា នៅថៃ មានពលករខ្មែរប្រមាណជា២លាននាក់ឯណោះ ហើយក៏រំពឹងដែរថា ពលករខ្មែរនៅប្រទេសដទៃទៀត ដូចជា កូរ៉េ និង ម៉ាឡេស៊ី ជាដើម នឹងមកប្រមូលផ្តុំគ្នានៅប្រទេសថៃ។

មេដឹកនាំប្រឆាំងរូបនេះ និយាយក្នុងវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៨ ខែតុលាថា៖«ថាត្រឹម១០ភាគរយចុះ ១០ភាគរយនៃ២លាននាក់ គឺ២សែននាក់។ បើ២សែននាក់ យើងមកប្រមូលផ្តុំគ្នា ហើយចូលមកប្រទេសកម្ពុជា យើងមកចាប់ដៃជាមួយប្រជាពលរដ្ឋក្នុងស្រុក ពេលនោះលោក ហ៊ុន សែន វង្វេងហើយ»។

លោក បង្ហើបទៀតថា លោក និង ពលករខ្មែរដែលប្រមូលផ្តុំគ្នានៅថៃ នឹងចូលមកកម្ពុជាតាមព្រំដែន ដោយថ្មើរជើង។ លោក និយាយថា៖«បើគ្នារាប់ម៉ឺនរាប់សែននាក់ ឲ្យទៅជិះយន្តហោះម៉េចកើត មានយន្តហោះណា ដឹកពួកយើង មានតែយើងធ្វើដំណើរថ្មើរជើងទាំងអស់គ្នា»។

អ្នកស្រី មូរ សុខហួរ ប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្ត ផ្តល់ព័ត៌មានថា មានថ្នាក់ដឹកនាំប្រឆាំងមួយចំនួនហើយ ដែលបានចូលមកដល់តំបន់អាស៊ី ហើយអ្នកផ្សេងទៀត នឹងចាប់ផ្តើមចូលមកជាបន្តបន្ទាប់៕

Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
  ឡង់ ឌីម៉ង់
  ពលករខ្មែរ
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com