អន្តរជាតិ
រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក​ថា អាមេរិក​បញ្ជូន​កងក​ម្លាំ​ង​ដែល​ដាក់​បញ្ឈរជើង​នៅ​ស៊ី​រី​ទៅកាន់​អ៊ីរ៉ាក់​
21, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​កងកម្លាំង​របស់​អាមេរិក​ត្រូវបាន​ដកចេញ​ពី​មូលដ្ឋាន​ដ៏​ធំ​បំផុត​នៅ​ប៉ែក​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ​។ លោក Mark Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក​ថ្លែងថា រាល់​កងកម្លាំង​របស់​អាមេរិក​ទាំងអស់​ដែល​ចាក​ចេញពី​ប្រទេស​ស៊ី​រីនឹង​ត្រូវបញ្ជូន​ទៅកាន់​ប៉ែក​ខាងលិច​ប្រទេស​អ៊ីរ៉ាក់​និង​បន្តធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​នៅក្នុង​តំបន់​នោះ​។​

 
​លោក Esper ថ្លែងថា កងកម្លាំង​របស់​អាមេរិក​ជាង​៧០០​នាក់​នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ហើយ​នឹងមិន​ត្រឡប់មក​អាមេរិក​ក្នុងពេល​ឆាប់ៗ​នេះ​នោះទេ ខណៈដែល​លោក​ប្រធានាធិបតី​អាមេរិក​បានលើកឡើង​កាលពី​មុននេះ​ថា ពួកគេ​នឹងត្រូវ​បញ្ជូនមក​អាមេរិក​វិញ​។​
 
​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​រូបនេះ​មិនបាន​បដិសេធ​នឹង​លទ្ធភាព​នៃ​ការធ្វើការ​វាយឆ្មក់​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ពី​ប្រទេស​អ៊ីរ៉ាក់​ចូលទៅក្នុង​ប្រទេស​ស៊ី​រី​នោះទេ​។ ប៉ុន្តែ​លោក​បាន​ថ្លែងថា នឹងមាន​ផែនការ​ជា​បន្ដបន្ទាប់ ហើយក៏​នឹងមាន​ការពិភាក្សា​ជាមួយនឹង​ក្រុម​សម្ព័ន្ធមិត្ត​នៅឯ​កិច្ចប្រជុំ​អង្គការ​អូតង់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ផងដែរ​។ លោក​បាន​និយាយទៀតថា ប្រសិនបើ​កងកម្លាំងរ​បស់​អាមេរិក​ត្រឡប់​ទៅកាន់​ប្រទេស​ស៊ី​រី​វិញ ពួកគេ​នឹងត្រូវ​បានការ​ពារ​ដោយ​យន្ដហោះ​ចម្បាំង​របស់​អាមេរិក​។ 
 
​បច្ចុប្បន្ននេះ អាមេរិក​មាន​កងកម្លាំង​ប្រមាណ​៥​ពាន់​នាក់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ក្រុង បា​ដា​ដ និង​រដ្ឋា​ភិ​បាក​ក្រុង វ៉ាស៊ីនតោន​។ អាមេរិក​បាន​ដក​កងកម្លាំង​ចេញ​នៅ​ឆ្នាំ​២០១១ នៅពេលដែល​ប្រតិបត្តិ​ការប្រយុទ្ធ​នៅ​ទីនោះ​បានបញ្ចប់ ប៉ុន្តែ​បាន​ត្រឡប់​ទៅវិញ​ក្នុង​រយៈពេល​បី​ឆ្នាំក្រោយ នៅពេលដែល​ក្រុម​រដ្ឋ​ឥស្លាម​កាន់កាប់​បាន​តំបន់​មួយចំនួនធំ​នៅក្នុង​ប្រទេស មុន​ពេលដែល​បាត់បង់​ដែនដី​មួយចំនួន​ទៅវិញ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com