អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​៖​ប្រតិបត្តិការ​យោធា​តួ​ក​គី​នៅ​ស៊ី​រី រំលោភច្បាប់​អន្តរជាតិ​
21, Oct 2019 , 10:08 am        
រូបភាព
លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas (ប្រភពរូប៖ AFP)
លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas (ប្រភពរូប៖ AFP)
ដោយ:
​ការវាយប្រហារ​ពី​សំណាក់​យោធា​ក្នុង​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង គឺ​បំពាន​ច្បាប់​អន្តរជាតិ​។  លោក​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Heiko Maas លើកឡើង​បែបនេះ នៅ​ថ្ងៃទី​២០ ខែតុលា ។ ពាក់ព័ន្ធ​បទ​ឈប់​បាញ់ លោក​ក៏​សង្ឃឹមថា វា​អាច​អូសបន្លាយ​ច្រើនជាង​ពេល​៥​ថ្ងៃ​។



«​យើង មិន​ជឿ​ទេ​ថា ការវាយប្រហារ​លើ​កង​កម្លាំង​ឃើ​ដ គឺ​ស្របតាម​ច្បាប់​អន្តរជាតិ​នោះ​»​។ លោក Heiko Maas ប្រាប់​ទូរទស្សន៍​អាល្លឺម៉ង់ ZDF បែបនេះ ដោយ​បន្ថែមថា ប្រសិនបើ​គ្មាន​មូលដ្ឋាន​ណាមួយ​ក្នុង​ច្បាប់​អន្តរជាតិ​សម្រាប់​ការឈ្លានពាន​បែបនេះ​ទេ នោះ​គឺ​វា​មិនអាច​អនុលោម​តាមច្បាប់​អន្តរជាតិ​ឡើយ​។

​ក្រុង​អង់កា​រ៉ា បាន​បើក​ប្រតិបត្តិការ​យោធា​ឆ្លង​ព្រំដែន​ប្រឆាំង​ក្រុម​ឃើ​ដ​នៅ​ស៊ី​រី កាលពី​ថ្ងៃទី​៩ ខែតុលា ក្រោយ​សហរដ្ឋអាមេរិក​ប្រកាស​ដក​កងទ័ព​ខ្លួន​ចេញពី​ភាគ​ខាងជើង​នៃ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​។ ទង្វើ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នេះ ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ទាំង​ក្នុងផ្ទះ និង​សហគមន៍​អន្តរជាតិ​។ យ៉ាងណាមិញ តួ​ក​គី​ដែលជា​សមាជិក​អង្គការ​ណា​តូ​មួយ​ដែរនោះ បាន​បញ្ជាក់ថា ប្រតិបត្តិការ​យោធា​ខ្លួន​គឺ​សំខាន់​ដើម្បី​ធានា​សុវត្ថិភាព​នៅ​តំបន់​តាម​ព្រំដែន​។​

​ក្រោយ​ប្រយុទ្ធ​គ្នា​ជាង​មួយ​សប្តាហ៍  បទ​ឈប់​បាញ់​មួយ​ដែលមាន​សហរដ្ឋអាមេរិក​ជា​អ្នកសម្របសម្រួល បានប្រកាស​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៧ តុលា ដោយ​ទុកពេល​៥​ថ្ងៃ​ឲ្យ​កម្លាំង​ឃើ​ដ​ដកខ្លួន​ថយ​ពី​តំបន់ទ្រនាប់​មួយ ដែល​ក្រុង​អង់កា​រ៉ា​ចង់​បង្កើត​ក្នុង​ទឹកដី​ស៊ី​រី តាម​បណ្តោយ​ព្រំដែន​ភាគខាងត្បូង​ខ្លួន​។

​តាម​របាយការណ៍​ចុងក្រោយ កាលពី​ថ្ងៃអាទិត្យ កងកម្លាំង​ឃើ​ដ (SDF) បានធ្វើ​សកម្មភាព​ដក​កម្លាំង​ខ្លួន​ទាំងស្រុង​ចេញពី​ក្រុង​ហ៊ុមព័ទ្ធ​ដោយ​យោធា​តួ​ក​កី​ក្នុង​តំបន់​ភាគ​ខាងជើង​ស៊ី​រី​។ សកម្មភាព​នេះ ជា​រូបភាព​ដែល​បង្ហាញ​ពី​ចំណុច​ផ្តើម​នៃ​ការដកថយ​ទ្រង់ទ្រាយ​ធំ ក្រោម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​។ ទាក់ទិន​រឿងនេះ លោក​រដ្ឋមន្ត្រីការបរទេស Maas បញ្ជាក់ទៀតថា​៖«​យើង​នឹងធ្វើ​គ្រប់យ៉ាង​ដែល​យើង​អាច​ដើម្បី​ធានាថា បទ​ឈប់​បាញ់​នេះ​អូសបន្លាយ​ច្រើនជាង​ពេល​៥​ថ្ងៃ និង​រាំងខ្ទប់​ការឈ្លានពាន​អំឡុង​ពេលនេះ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​សូមបញ្ជាក់ថា អាល្លឺម៉ង់ រួមទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយចំនួនទៀត បានសម្រេច​ផ្អាក​ការលក់​អាវុធ​ទៅ​ក្រុង​អង់កា​រ៉ា ដោយ​លើក​ហេតុផល ការវាយប្រហារ​ពី​សំណាក់​យោធា​តួ​ក​គី​លើ​កម្លាំង​ឃើ​ដ​នៅ​ស៊ី​រី​នេះ​។ យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​ស៊ី​រី (Syrian Observatory for Human Rights) ការទម្លាក់​គ្រាប់បែក និង​បាញ់ប្រហារ​របស់​តួ​ក​គី ចាប់តាំងពី​ថ្ងៃ​៩ តុលា​មក បានសម្លាប់​ជន​ស៊ី​រិល ១១៤​នាក់ និង​យ៉ាងតិច ៣០​ម៉ឺន​នាក់​ផ្សេងទៀត​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សំបែង​ពួកគេ​។ ហើយ សកម្មប្រយុទ្ធ​ឃើ​ដ ២៥០​នាក់ និង​កងទ័ព​តួ​ក​គី ១៩០​នាក់ បាន​បាត់​បង់ជីវិត​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ​៕




Tag:
 អាល្លឺម៉ង់​
  តួ​ក​គី​
  ស៊ី​រី​
  Heiko Maas
© រក្សាសិទ្ធិដោយ thmeythmey.com