ភ្នំពេញ៖ ភ្នាក់ងារចារកម្មតួកគី បានចាប់ខ្លួនលោក អូស្មាន់ ការាខា (Osman Karaca) អតីតនាយកសាលាហ្សាម៉ាន់(បច្ចុប្បន្នសាលាផារ៉ាហ្គន)នៅកម្ពុជា ដើម្បីយកទៅអនុវត្តទោសនៅតួកគី។ លោក Osman Karaca ត្រូវបានរដ្ឋាភិបាលតួកគី ចោទប្រកាន់ថា ជាប់សង្ស័យពាក់ព័ន្ធនឹងអំពើភេរវកម្មនៅតួកគី កាលពីឆ្នាំ២០១៦ ដែលបង្កឡើងដោយក្រុមចលនាភេរវកម្ម ដែលដឹកនាំលោក Fethullah Gulen។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា និងតួកគី បានសហការចាប់ខ្លួនលោក Osman Karaca បញ្ជូនទៅតួកគី កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ តាមសំណើរបស់រដ្ឋាភិបាលតួកគីកន្លងមក។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា៖«មនុស្ស(លោក Osman Karaca) ដែលសមត្ថកិច្ចចាប់ខ្លួននេះ គឺតួកគីស្នើសុំយើងយូរហើយ ហើយក៏មានឯកសារគ្រប់គ្រាន់ យើងក៏សហការចាប់បញ្ជូនទៅតួកគីតែបណ្ណឹងទេ»។
ទូរទស្សន៍កាតា Aljazeera បានចុះផ្សាយកាលពីថ្ងៃទី២០ តុលាថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់តួកគីបានចាប់ខ្លួនលោក Osman Karaca សញ្ជាតិម៉ិកស៊ិកដើមកំណើតតួកគីពីប្រទេសកម្ពុជា ហើយនាំទៅឃុំខ្លួននៅប្រទេសតួកគី ក្រោមបទចោទ «បង្កើត និងរៀបចំផែនការរដ្ឋប្រហារ» ជាមួយបណ្ដាញភេរវកម្មមួយ ដឹកនាំដោយលោក Fethullha Gulen ដែលកំពុងនិរទេសខ្លួននៅសហរដ្ឋអាមេរិក។
ក្រុមភេរវកម្មហ្វេកតូ ដែលរដ្ឋាភិបាលតួគី តាមកម្ចាត់នេះ ដោយសារក្រុមបានធ្វើរដ្ឋប្រហារនៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦ ដែលបង្កឲ្យមានអ្នកស្លាប់២៥១នាក់ និងអ្នករបួសជិត២,២០០នាក់។ ក្រោយបង្កភេរវកម្មហើយ រដ្ឋាភិបាលតួកគី និងកម្ពុជា បានព្រមព្រៀងគ្នា សហការទប់ស្កាត់ក្រុមនេះ ក្រោយដឹងថា មានបណ្ដាញចលនាភេរវករ ដែលចង់មកសម្ងំលាក់ខ្លួននៅកម្ពុជា។
លោក Osman Karaca គឺបានបម្រើការងារនៅសាលាហ្សាម៉ាន់អន្តរជាតិនៅកម្ពុជា ចាប់ពីឆ្នាំ២០០២ ដល់២០១១ រហូតក្លាយជានាយកគ្រប់គ្រងសាលានេះ។ បច្ចុប្បន្នសាលាហ្សាម៉ាន់អន្តរជាតិ បានលក់ ហើយប្ដូរឈ្មោះទៅជាសាលាផារ៉ាហ្គនអន្តរជាតិវិញ បន្ទាប់ពីមានសម្ពាធ និងរងការចោទប្រកាន់ជាប់ពាក់ព័ន្ធបណ្ដាញក្រុមភេរវកម្មរបស់បុព្វជិត Fethullha Gulen ពីសំណាក់រដ្ឋាភិបាលតួកគី។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Aljazeera ដែលបានស្រង់សម្តីភរិយារបស់លោក Osman Karaca គឺអ្នកស្រី Grace បានបញ្ជាក់ថា ប្តីរបស់ខ្លួនត្រូវបានបញ្ជូនដល់ប្រទេសតួកគីហើយ។ អ្នកស្រី Grace បាននិយាយថា ទោះបីជានាងនិងស្វាមីលោក Karaca ធ្លាប់បានជួយដល់លោក Gulen ក៏ដោយ ប៉ុន្តែនាងនិងប្តី មិនបានប្រព្រឹត្តបទល្មើសអ្វីនោះទេ។ «អ្វីដែលយើងធ្វើកន្លងមក គឺការងារជួយសិស្ស ដែលមិនមានប្រាក់ដើម្បីសិក្សាប៉ុណ្ណោះ»។ នេះជាសម្តីរបស់ភរិយាលោក Karaca ដែលបានថ្លែងប្រាប់ Aljazeera ថា នាងមានការភ័យខ្លាចចំពោះការចាប់បញ្ជូនស្វាមីខ្លួន ទៅកាន់ប្រទេសតួកគី ក្រោមការចោទប្រកាន់គាំទ្រសកម្មភាពភេរវកម្មរបស់លោក Gulen នេះ។
អង្គការលើកលែងទោសអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៨ តុលា ដោយបានហៅករណីចាប់ខ្លួនលោក Osman Karaca ដែលជាអតីតនាយកគ្រប់គ្រងសាលាហ្សាម៉ាន់អន្តរជាតិនៅកម្ពុជានេះ ថា ជាការបាត់ខ្លួនដោយបង្ខំ។ ទូរទស្សន៍ Aljazeera បានស្រង់សម្តី លោក Nicholas Bequelin នាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក យ៉ាងដូច្នេះថា៖« ប្រទេសកម្ពុជាមានកំណត់ត្រាគួរឱ្យអាម៉ាស់នៃការឃុបឃិតជាមួយរដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រគល់មកវិញនូវបុគ្គលដែលចង់បានដោយមិនមាននីតិវិធីត្រឹមត្រូវ»។
លោក Nicholas Bequelin បានសង្កត់ធ្ងន់ថា៖«ប្រសិនបើគាត់ត្រូវបានគេបង្ខំឱ្យវិលត្រឡប់ទៅប្រទេសតួកគីវិញ គាត់ប្រឈមនឹងហានិភ័យពិតប្រាកដនៃការធ្វើបាប និងការរំលោភសិទ្ធិមនុស្សថែមទៀត។ ប្រទេសកម្ពុជាមានកាតព្វកិច្ចការពារគាត់ពីការធ្វើទុក្ខបុកម្នេញ មិនមែនការឃុបឃិតធ្វើបាបឡើយ»។
ត្រង់ចំណុចនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការចាប់ខ្លួនលោក Osman Karaca នេះ គឺជាការអនុវត្តច្បាប់នៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋនិងរដ្ឋ។ នៅពេលសួរថា តើកម្ពុជា និងតួកគី មានកិច្ចព្រមព្រៀងបត្យាប័ន បញ្ជូនជនសង្ស័យ ឬអ្នកទោសដែរទេ? លោក ឆាយ គឹមឃឿន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទាំងពីរ មិនទាន់មានកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែអាជ្ញាធរកម្ពុជា អាចអនុវត្តវិធានការចាប់ខ្លួនជនសង្ស័យណាម្នាក់ តាមសំណើរបស់រដ្ឋាភិបាលប្រទេសនោះបាន ដោយផ្អែកលើកិច្ចសហប្រតិបត្តិការអាំងទែប៉ូល ។ «កិច្ចសហប្រតិបត្តិការរបស់កម្លាំងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន ឥឡូវនេះគេមានប្រព័ន្ធច្រើនណាស់។ ពេលចាប់គេស្នើយើងតាមនិវាទក្រហមអាំងទែប៉ូល ដូច្នេះយើងអនុវត្តបានចំណុចហ្នឹង។ ហើយយើងគ្រាន់តែចាប់បញ្ចូនចេញទេ គេយកទៅណាទៅៗ»។ នេះជាការបញ្ជាក់របស់លោក ឆាយ គឹមឃឿន។
កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៩ កម្ពុជា និងតួកគី បានប្ដេជ្ញាប្រឆាំងភេរវកម្មរួមគ្នា ដើម្បីរក្សាសន្តិសុខជាតិ។ ការប្ដេជ្ញានេះធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង និងលោក Suleyman Soylu រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី នៅក្នុងពិធីចុះហត្ថលេខាពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ នាទីក្រុងអង់ការ៉ា ប្រទេសតួកគី ។
ក្នុងកិច្ចប្រជុំទ្វេរភាគីគ្រានោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការងារប្រយុទ្ធប្រឆាំងភេវរកម្ម រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខ។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទាំងពីរនេះ ឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ក៏បានសរសើរកម្ពុជា ក្នុងការសហការបង្ក្រាបចលនាភេរវកម្មហ្វេកតូ ដែលបានសម្ងំលាក់ខ្លួននៅកម្ពុជាកន្លងមកផងដែរ។
«អ្វីៗគឺភាគីទាំងពីរបានបង្ហាញឆន្ទៈអនុវត្តហើយ នៅឡើយតែការអនុវត្តជាក់ស្ដែងដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបន្ថែមថា កិច្ចព្រមព្រៀងសន្តិសុខនេះ នឹងជួយលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀត។
គួរបញ្ជាក់ថា កម្ពុជា-តួកគី បានពង្រឹងទំនាក់ទំនងជាបន្តបន្ទាប់ ក្រោយពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨កន្លងមក ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី រួមទាំងការជួបគ្នារវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅក្នុងកិច្ចប្រជុំ នៃប្រទេសតាហ្សីគីស្ថាន កាលពីខែមិថុនា ឆ្នាំ២០១៩នេះជាដើម៕