អន្តរជាតិ
ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដេ​ស​ព្រម​ផ្លាស់ប្តូរ​ទៅលើ​កោះ ខណៈ​ជំរំ​ភៀសខ្លួន​កាន់តែ​ណែន​
21, Oct 2019 , 2:43 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​ដែល​កំពុងស្នាក់នៅ​ជំរំ​ភៀសខ្លួន​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស បាន​យល់ព្រម​ផ្លាស់ប្តូរ​ទៅ​រស់​នៅលើ​កោះ​ក្នុង​ឈូង​សមុទ្រ Bengal បើទោះជា​តំបន់​នោះ ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្តី​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​បង់​ក្លា​ដែ​ស​នៅ​ថ្ងៃទី​២០​ខែតុលា​នេះ​។ ស្ថានភាព​ណែនណាន់​ក្នុង​ជំរំ និង​លក្ខខណ្ឌ​រស់នៅ​មិនសូវ​ល្អ ទំនងជា​មូលហេតុ​នៃ​ការផ្លាស់ប្ដូរ​នេះ​។



​គម្រោង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាង​ទៅកាន់​កោះ​នៃ​ឈូង​សមុទ្រ Bengal ត្រូវបាន​បង់​ក្លា​ដែ​ស​គិតគូរ​ទុក​យូរ​មកហើយ ខណៈ​ចំនួន​ជនភៀសខ្លួន​កើនឡើង​ខ្លាំង​។ រដ្ឋាភិបាល​ក្រុង​ដា​ក្កា ចង់​ឲ្យ​ជនភៀសខ្លួន​ជាង​មួយ​សែន​នាក់​ទៅ​រស់​នៅលើ​កូន​កោះ​តូចៗ​វិញ ដើម្បី​សម្រាល​ភាព​កកស្ទះ​នៅតាម​ព្រំប្រទល់​ជាមួយ​មី​យ៉ាន់​ម៉ា​បាន​ខ្លះ ខណៈដែល​ពេលនេះ មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​កំពុង​រស់នៅក្នុង​ជំរំ​ជិត​មួយ​លាន​នាក់​ឯណោះ​។

​ជន​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧៤​ម៉ឺន​នាក់​បាន​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​បង់​ក្លា​ដេ​ស បន្ទាប់ពី​មានការ​វាយប្រហារ​ពី​កងកម្លាំង​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ខែសីហា​ឆ្នាំ​២០១៧​កន្លងទៅ​។ គម្រោង​ធ្វើ​មាតុ​ភូម​និវត្តន៍ ក៏​រង​បរាជ័យ​ជា​បន្តបន្ទាប់ ក្រោយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា មិន​អនុវត្តតាម​ការទាមទា​រ​របស់​ក្រុម​ភៀសខ្លួន​មួយ​នេះ​។

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ជនភៀសខ្លួន​បង់​ក្លា​ដែ​ស លោក​Mahbub Alam និយាយថា អាជ្ញាធរ​នឹង​រៀបចំ​ផ្លាស់ប្តូរ​ទីកន្លែង​ស្នាក់នៅ​ទៅលើ​កោះ Bhashan Char នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។ លោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា​៦​ពាន់​ទៅ​៧​ពាន់​នាក់​បាន​យល់ព្រម​រើ​ទៅ​នៅលើ​កោះ​នោះ ហើយ​ចំនួន​នេះ​នឹង​អាច​កើនឡើង​បន្ថែមទៀត​។

​បង់​ក្លា​ដេ​ស​បានរៀបចំ​ផែនការ​នេះ​ចាប់តាំងពី​ឆ្នាំមុន​មក​ម្លេះ ក្នុងការ​ផ្លាស់​អោយ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​នៅលើ​កោះ​នេះ​។ យ៉ាងណាមិញ ក្រុម​សិទ្ធិមនុស្ស​ធ្លាប់​ព្រមាន​ហើយ​ថា កោះ​នេះ​ទើបតែ​ផុស​ឡើង​ពី​សមុទ្រ​ជិត​ពីរ​ទសវត្សរ៍​នេះ​ប៉ុណ្ណោះ ហើយ​វា​ប្រហែលជា​មិនអាច​ទ្រាំទ្រ​នឹង​ព្យុះ​បានទេ​។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ឆ្នាំមុន ព្យុះកំបុតត្បូង​បាន​វាយប្រហារ​នៅ​តំបន់​កោះ​នោះ នឹង​បានសម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់​។

​ទោះជា​យ៉ាងណា លោក Alam បញ្ជាក់ថា មេដឹកនាំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នឹង​ទៅ​កោះ Bhashan Char ដើម្បី​ពិនិត្យ​លើ​ទីតាំង​ដោយផ្ទាល់​។ លោក​បាន​បន្ថែមថា ផ្នែក​រៀបចំ​សុវត្ថិភាព​នៅ​ទីនោះ នឹង​រៀបចំ​ធ្វើ​ទំនប់​នៅតាម​បរិវេណ​កោះ​ដើម្បី​ការពារ​ពី​ព្យុះ រួមជាមួយ​ឃ្លាំង​ផ្ទុក​អាហារ​ដែល​អាច​ហូប​បាន​រយៈពេល​មួយខែ​ទៀតផង​។​

​ការរៀបចំរ​បស់បង់​ក្លា​ដេ​ស​នេះ​នៅ​មិនទាន់​ឃើញ​មានការ​ប្រតិកម្ម​អ្វីមួយ​ពី​អង្គ​សហប្រជាជាតិ​នៅឡើយ​ទេ បើទោះបីជា​បង់​ក្លា​ដេ​សបាន​និយាយថា នឹង​រង់ចាំ​គណៈប្រតិភូ​ត​អង្គការសហប្រជាជាតិ​ចុះទៅ​មើល​តំបន់​នេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​ក្តី​៕

© រក្សាសិទ្ធិដោយ thmeythmey.com