កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool ថយ​គម្លាត​កំពូល​តារាង ឯ Man Utd ធ្លាក់​ទៅ​លេខ​១៣ ក្រោយ​ស្មើគ្នា ១-១
21, Oct 2019 , 3:08 pm        
រូបភាព
Liverpool នៅតែ​រក្សា​ភាពមិន​ចាញ់​របស់ខ្លួន​រដូវ​កាល​នេះ ក្រោយ​វាយបក​តាម​ស្មើ Manchester United ១-១ នា​ការប្រកួត​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​២០ ខែតុលា​។ លទ្ធផល​ស្មើ​នេះ​បាន​នាំ​ឲ្យ​ហង្ស​ក្រហម​ដែលជា​ក្រុម​នាំមុខ​កំពូល​តារាង​សព្វថ្ងៃ​ថយ​គម្លាត​ពិន្ទុ​ពី​គូប្រជែង Manchester City ត្រឹម​៦​ពិន្ទុ​វិញ ខណៈ Man Utd ធ្លាក់​ទៅ​លេខ​១៣​។​



​នា​ជំនួប​សប្តាហ៍​ទី​៩ នា​កីឡដ្ឋាន Old Trafford ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ផ្ទាល់​ជាង​៧​ម៉ឺន​នាក់ ខ្សែប្រយុទ្ធ​ឆ្នើម Marcus Rashford ជា​អ្នក​បំប៉ោង​សំណាញ់​ទី Liverpool នៅ​នាទី​៣៦ តាមរយៈ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម Daniel James ដើម្បី​ជួយ Man Utd នាំមុខ​១​គ្រាប់​មុន​នៅ​តង់​ទី​១​។​

​ចូលដល់​វគ្គ​ទី​២ ក្រុម​ទាំងពីរ​ដែល​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​រៀងខ្លួន​បាន​បន្ត​វាយ​ស្រុក​គ្នា​យ៉ាងខ្លាំង​ក្លា​។ ខ្សែប្រយុទ្ធ Sadio Mane មានឱកាស​ទាត់​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ​ក្រុម​លោក Jurgen Klopp វិញ​ទៅហើយ​ប៉ុន្តែ VAR ពិនិត្យឃើញថា​បាល់​ប៉ះ​ដៃ​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ ទើប​អាជ្ញាកណ្តាល​សម្រេច​មិន​ឲ្យ​ជា​គ្រាប់​បាល់​ចូល​ទី​។​



​យ៉ាងណាក៏ដោយ ហង្ស​ក្រហម​នៅតែ​អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​សោះ​របស់ខ្លួន បន្ទាប់ពី​ខ្សែបម្រើ Adam Lallana ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​៨៥ តាមរយៈ​ការបញ្ជូន​ពី​ខ្សែការពារ Andy Robertson​។​

​លទ្ធផល ១-១ នេះ បាន​ឲ្យ Liverpool ទ​ទួ​បាន​១​ពិន្ទុ​បន្ថែម​ពោលគឺ​កើន​ដល់​២៥​ពិន្ទុ ឈរ​កំពូល​តារាង​លី​គ​កំពូល​បណ្តោះអាសន្ន ស្របពេល​ក្រុម​របស់លោក Ole Gunnar Solskjaer ធ្លាក់​ទៅ​លេខ​១៣ ដោយ​រកបាន​១០​ពិន្ទុ ពី​ការប្រកួត​៩​លើក​ដូចគ្នា​។ លទ្ធផល​ស្មើគ្នា​នេះ ក៏​នឹងធ្វើ​ឲ្យ​កៅអី​របស់លោក Solskjaer ក្តៅគគុក​ផងដែរ​។​



​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ អាច​ត្រូវ​បញ្ចប់​តំណែង​ត្រឹមនេះ​ប្រសិនបើ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Mancheter មិន​ផ្តល់ឱកាស​បន្តទៀត​នោះ​។ លោក Massimiliano Allegri អតីត​អ្នកចាត់ការ Juventus មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្នុងការ​ទៅ​ជំនួស​លោក Solskjaer​។​

​ដោយឡែក Man City ដែល​យកឈ្នះ Crystal Palace ២-០ នៅ​រក្សា​ចំណាត់ថ្នាក់​ទី​២​របស់ខ្លួន​ដដែល​ជាមួយ​ពិន្ទុសរុប ១៩​ពិន្ទុ តាម​ពីក្រោយ Liverpool ចំនួន ៦​ពិន្ទុ​។ Leicester City​     ឈរ​ចំណាត់ថ្នាក់​ទី​៣ មាន​១៧​ពិន្ទុ ស្មើគ្នា​ជាមួយ Chelsea ដែល​នៅ​លេខ​រៀង​ទី​៤​។ Arsenal ដែលមាន​១៥​ពិន្ទុ​រួចស្រេច មានឱកាស​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៣ ជំនួស Leicester វិញ​ប្រសិនបើ​ពួកគេ​ឈ្នះ Sheffield United​     ក្នុងការ​ប្រកួត​នៅ​យប់​ថ្ងៃទី​២១ ខែតុលា​នេះ​។ Newcastle United​    ​, Norwich City និង Watford ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​៕


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com