អន្តរជាតិ
ជប៉ុន​៖ ផ្ទុះ​ការខ្វែងគំនិត​គ្នា​ដ៏​កម្រ​ជុំវិញ​បញ្ហា​ថវិកា​សម្រាប់​ពិធី​គ្រងរាជ្យសម្បត្តិ​
21, Oct 2019 , 4:21 pm        
រូបភាព
​ដោយ៖ ឈូ​ន ឈី​វ​អ៊ីង​

​នៅពេល​និយាយ​ដល់​គ្រួសារ​រាជវង្ស​របស់​ជប៉ុន ការ​ប្រឆាំងនឹង​រាជានិយម​ស្ទើ​តែ​មិនដែល​កើតឡើង​នោះទេ​។ ប៉ុន្តែ នៅក្នុង​ឆ្នាំនេះ បញ្ហា​ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​ពិ​ធិ​រាជាភិសេក​អធិរាជ ណា​រូ​ហ៊ី​តុ បានធ្វើ​ឲ្យ​ផ្ទុះឡើង​ការខ្វែងគំនិត​គ្នា​ដ៏​កម្រ​មួយ​ឡើង​។​



​នៅ​ថ្ងៃទី​២២ តុលា អធិរាជ​ណា​រ៉ូ​ហ៊ី​តុ នឹង​ប្រកាសឡើង​សោយរាជ្យ​ជា​ផ្លូវ​ក្រោយពី​ការដាក់រាជ្យ​របស់​បិតា​ទ្រង់​កាលពីដើម​ឆ្នាំនេះ​។ នៅ​ខែវិច្ឆិកា​ខាងមុខ​ទ្រង់​ក៏បាន​គ្រោង​នឹង​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ Daijosai ។ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បាន​បញ្ចេញ​ថវិកា​៦៤​លាន​ដុល្លារ​សម្រាប់​រៀបចំ​ពិធី​ដ៏​អធិកអធម​នេះ ពិសេស​ពិធី​ខែតុលា ដែល​នឹងមាន​ភ្ញៀវ​ធំៗ​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​។

​រឿង​លុយកាក់​នេះ ក៏​នាំ​ឲ្យ​មាន​ពាក្យរិះគន់​ទៅលើ​រាជានិយម​ជប៉ុន​។ ក្រុម​អ្នក​រិះគន់​អះអាងថា ពិធី​ខែតុលា និង​ខែវិច្ឆិកា ជា​ពិធី​ផ្នែក​សាសនា​សុទ្ធសាធ ហើយ​ការ​យកលុយ​ជាតិ​ទៅ​ចំណាយ​លើ​ពិធី​នេះ ជា​រឿង​ខុស​រដ្ឋធម្មនុញ្ញ ដែល​បែង​ចែកដាច់​គ្នា​រវាង​រដ្ឋ និង​សាសនា​។ មេដឹកនាំ​សាសនា​គ្រិស្ត​ប្រូ​តេស្ត​ង់​ម្នាក់​និ​យ​យ​ថា ពិធី​ខែវិច្ឆិកា គ្មានអ្វី​លើសពី​ពិធី​សាសនា​ស៊ិន​តូ​ឡើយ​។

​ក្នុង​ទំនាក់ទំនង​រវាង​រដ្ឋ និង​សាសនា​នេះ រដ្ឋធម្មនុញ្ញ​ចែងថា​៖ «​រដ្ឋ គួរ​នៅ​ឆ្ងាយ​ពី​ការអប់រំ​ផ្នែក​សាសនា ឬ​សកម្មភាព​សាសនា​ឯទៀត​។​» ចំណុច​នេះហើយ​ដែល​ក្រុម​អ្នកប្រឆាំង​នាំគ្នា​មិន​ពេញចិត្ត​ការយក​លុយ​រដ្ឋ​ទៅ​ចំណាយ​លើ​ពិធី​គ្រងរាជ្យសម្បត្តិ​របស់​អធិរាជ ណា​រូ​ហ៊ី​តុ នោះ​។ មិនមែន​តែ​សហគមន៍​គ្រិស្ត​ឡើយ សូម្បីតែ​ក្រុម​សាសនាព្រះពុទ្ធ និង​សា​ស្រា្ត​ចា​រ្យ​សាកលវិទ្យាល័យ​នានា​ប្រមាណ​បី​ពាន់ ក៏​ដាក់ពាក្យ​ត​ផង​វ៉ា​ដែរ​។

​ដើមបណ្ដឹង​ឈ្មោះ Koichi Shin ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ការចេញ​លុយកាក់​របស់​រដ្ឋាភិបាល ជាការ​លើកកម្ពស់​សាសនា​រដ្ឋ​។ មិនមែន​ពិធី​រាជាភិសេក​នេះឡើយ លោក Shin ថែមទាំង​ជឿថា វា​ក៏​ជា​បញ្ហា​ផងដែរ នៅពេល​សកម្មភាព​ទាំងអស់​រាជវង្ស​ជប៉ុន ពឹងផ្អែក​លើ​លុយ​សាធារណៈ​នោះ ពិសេស​ពិធី​ទាំងពីរ​ដែល​គ្រោង​នឹងធ្វើ​នេះ ដែលមាន​ទំហំ និង​ការចំណាយ​ក៏​ច្រើន​ទៅទៀត ដូចនេះ​វា​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សង្គម​។

​ទាក់ទង​បញ្ហា​នេះ រដ្ឋាភិបាល​ជប៉ុន​បក​ស្រាយ​ថា កម្មវិធី​សាសនា​នេះ ជា​ព្រឹត្តិការណ៍​សាធារណៈ​ដែល​អាច​ប្រើប្រាស់​លុយ​សាធារណៈ​ដើម្បី​រៀបចំ​បាន​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ថ្លៃ​ចំណាយ​ខាងលើនេះ ជា​ផ្នែក​មួយ​នៃ​ការចំណាយ​ដ៏​ធំ​សម្រាប់​ពិធី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ត្រូវ​ចំណាយ​ដល់​ទៅ​១៤៧,២​លាន​ដុល្លារ​ឯណោះ​។

​បណ្តឹង​ជាច្រើន​ប្រឆាំងនឹង​ការចំណាយ កំពុងស្ថិត​ដំណើរការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​គ្មាន​សង្ឃឹម​ច្រើន​ទេ ព្រោះ​អ្នកគាំទ្រ​ការប្ដឹង​មាន​តិចតួច បើ​ប្រៀបធៀប​នឹង​ប្រជាប្រិយភាព​របស់​រាជវង្ស​៕

© រក្សាសិទ្ធិដោយ thmeythmey.com