ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«​ពោត​»​ជា​គ្រាប់​ធញ្ញជាតិ​ទី​២ ដែលសំខាន់​បំផុត​បន្ទាប់​ពី​«​ដំណាំ​ស្រូវ​»!
21, Oct 2019 , 4:39 pm        
រូបភាព
រូបភាព Capture ពីសៀវភៅស្ដីពី ដាំដំណាំពោតផ្អែម ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម, ២០១៧
រូបភាព Capture ពីសៀវភៅស្ដីពី ដាំដំណាំពោតផ្អែម ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម, ២០១៧
​ដោយ​៖ ផាត ដា​ណេ​
​ភ្នំពេញ​៖ ពោត​មាន​លក្ខណៈពិសេស​ផ្សេងៗ​គ្នា ហើយ​អាច​កែច្នៃ​ជា​ផលិតផល​ច្រើនបែប​ទៅតាម​តម្រូវការ​។ ពោត​ជា​រុក្ខជាតិ​គ្មាន​ឫសកែវ គឺមាន​តែ​ឫស​យោង​ដែលមាន​លក្ខណៈ​ជា​សរសៃ​ឆ្មារៗ ហើយ​ឫស​វា អាច​លូតលាស់ អាស្រ័យ​ដោយ​លក្ខខណ្ឌ​ក្សេត្រ​បរិស្ថាន​និង​អាកាសធាតុ​។ បច្ចុប្បន្ន​ គេ​បាន​ចាត់ថ្នាក់​ពោត​ជា​គ្រាប់​ធញ្ញជាតិ​ទី​២ ដែលមាន​សារៈសំខាន់​បំផុត​បន្ទាប់​ពី​ដំណាំ​ស្រូវ​។


​ដំណាំ​ពោត​ត្រូវបាន​គេ​ស្គាល់​ចាប់តាំងពី​សតវត្សរ៍​ទី​១៧ ហើយ​នៅ​ប្រទេស​កម្ពុជា កសិករ​ដាំពោត ដើម្បី​ច្នៃ​ធ្វើ​ចំណី​សត្វ និង​បរិភោគ​ជា​អាហារ​បន្ថែម​លើ​អាហារ​មូលដ្ឋាន ដូចជា ដុត ស្ងោរ អាំង លី​ញ ឆា អន្លក់​សម្រាប់​ស្នៀត និង​ធ្វើជា​ម្សៅពោត នំពោត​ជាដើម​។ មិនតែប៉ុណ្ណោះ ផលិតផល​ពោត​ត្រូវបាន​ផលិត​ជា​អាហារ​កំប៉ុង​សម្រាប់​ទុក​បរិភោគ​ក្នុង​រយៈពេល​វែង និង​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​។​
 
​នៅ​ឆ្នាំ​១៩១០ ដោយមាន​ការប្រមូលទិញ​ពី​ប្រទេស​បារាំង សម្រាប់​ធ្វើជា​ចំណី​សត្វ ធ្វើ​ឲ្យ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ពោត ត្រូវបាន​ពង្រីក​ជា​បន្ត​បន្ទាប់ រហូតដល់​ពេលបច្ចុប្បន្ន​នេះ គេ​បាន​ចាត់ថ្នាក់​ពោត​ជា​គ្រាប់​ធញ្ញជាតិ​ទី​២ ដែលមាន​សារៈសំខាន់​បំផុត​បន្ទាប់​ពី​ដំណាំ​ស្រូវ​។​ ​
 
​លើសពីនេះទៅទៀត ពោត​ត្រូវគេ​យកទៅ​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ដូចជា​ដើម ឬ​ស្នូល អាច​ធ្វើជា​ក្រដាស ខ្សែ ឬ​ដុត​។ ចំពោះ​គ្រាប់ពោត​គេ​អាច​យកទៅ​កិន​ធ្វើជា​ចំណី​សត្វ និង​កិន​ជា​ម្សៅ​ធ្វើ​កែវ​ស្អិត គ្រឿង​តម្បាញ​សាប៊ូ ចម្រាញ់​យកជាតិ​ប្រូតេអ៊ីន និង​អាមីដុង​សម្រាប់ធ្វើ​ឱសថ កែច្នៃ​ធ្វើជា​នំ​បុ័ង ប្រេងឆា ទឹកសេរ៉ូ សារធាតុ​អ​តា​ណុល​ជាដើម​។​ល​។​
 
​បន្ថែមទៀត​នោះ តម្រូវការ​បរិស្ថានរ​បស់​ដំណាំ​ពោត​ផ្អែម​អាច​ដុះ​លូតលាស់​នៅលើ​ដី​មាន pH ពី ៥.៥ ទៅ ៨ តែ pH ដែល​សមស្រប​សម្រាប់​ដំណាំ​ពោត​ផ្អែម​គឺ​ចន្លោះ​ពី ៦​ទៅ ៧ ហើយ​សំណើម​ដែល​សមស្រប​សម្រាប់​ឲ្យ​គ្រាប់ពោត​ដុះ​ពន្លក​បានល្អ​កម្រិត​សំណើម​អាច​ពី​២៥-៦០ ភាគរយ​។ ក្នុងនោះដែរ សីតុណ្ហភាព​សមស្រប សម្រាប់​ការ​ដុះ​លូតលាស់ របស់​ដំណាំ​ពោត​ផ្អែម​គិត​ជា​មធ្យម​គឺ ២២​អង្សា​សេ​។​
 
​ពោត​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ត្រូវការ​ពន្លឺ​ជា​ចាំបាច់ ជាពិសេស ដំណាក់កាល​លូតលាស់​មុនពេល​ចេញ​ផ្កា​។ ដើម្បី​ឲ្យ​ដំណាំ​ពោត​ដុះ​លូតលាស់​បានល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់ គឺ​នៅ​ពេលចេញ​ផ្កា​ត្រូវមាន​រយៈពេល​ថ្ងៃ​វែង ១២-១៤ ម៉ោង​ក្នុង​មួយថ្ងៃ រយៈពេល​នេះ​អាច​ធានាបាន​នូវ​គុណភាព​ក្នុងការ​បង្កើត​ផ្កា ផ្លែ​។​

​ក្នុងនោះ​ខ្យល់​មាន​ទំនាក់ទំនង​ជិតស្និត ជាមួយ​ការ​ដុះ​លូតលាស់​របស់​ដំណាំ​ពោត​។ បើ​ខ្យល់​បក់​ខ្លាំង​បណ្ដាល​ឲ្យ​ហួត​ទឹក​ពី​ក្នុង​ដី និង​ពី​ក្នុង​ដើម ហើយ​អាច​បណ្ដាល​ឲ្យ​ដើម​ពោត​ដួល​។ ពេល​ខ្យល់​បក់​ក្នុង​ល្បឿន​មធ្យម​បង្កលក្ខណៈ​ងាយស្រួល​ដល់​ដំណើរការ​បង្កាត់​លំអង​ផ្កា​ឈ្មោល និង​ផ្កា​ញី​។ បើ​ខ្យល់​មាន​ចំហាយ​ក្ដៅ និង​ស្ងួត​អាច​បណ្ដាល​ឲ្យ​ខូច​ដំណើរការ​បង្កាត់​រវាង​ផ្កា​ឈ្មោល និង​ផ្កា​ញី​។​

​ទន្ទឹមនឹងនេះ ទឹក​ក៏មាន​ទំនាក់ទំនង​ជិតស្និត ជាមួយ​សារធាតុចិញ្ចឹម ទៅលើ​ដំណាំ​ពោត​និង​នៅក្នុង​ដី​។ សំណើម​ដែល​សមស្រប​សម្រាប់​ដំណាំ​ពោត​គឺ​៦០-៧០ ភាគរយ​នៅ​ក្នង​ដី​។ តាម​ការពិសោធន៍​បាន​ឲ្យ​ដឹងថា ដើម្បី​ទទួលបាន​ទិន្នផល ៥​តោន​ក្នុង​១ ហិច​តា ដំណាំ​ពោត​ត្រូវការ​ទឹក​ប្រមាណ​ជា ៣០០០​ម៉ែត្រ​។​
 
​ដើម្បី​ឲ្យ​ដំណាំ​ពោត​ផ្អែម​ទទួលបាន​ផល​ល្អ  នៅ​រដូវវស្សា​កសិករ​គួរ​ដាំ ចាប់ពី​ចុងខែ​មេសា ដល់​ពាក់កណ្ដាល​ខែឧសភា​និង​ប្រមូល​ផល​នៅ​ដើម ខែសីហា ចំពោះ​ដី​នៅតាម​តំបន់​ដង​ទន្លេ ហើយ​ចាប់ពី​ខែឧសភា ដល់​ខែកក្កដា និង​ប្រមូល​ផល​នៅ​ដើមខែ​សីហា ដល់​ដើមខែ​តុលា ចំពោះ​តំបន់​ដីក្រហម​។ កសិករ​ដែល​ដាំ​នូវ​ប្រាំង​គឺ ត្រូវ​ចាប់​ដាំ​ពី​រដូវ​ទឹកសម្រក គឺ​ចាប់ពី​ខែមករា ហើយ​ការប្រមូល​ផល​អាចធ្វើ​បាន​នៅ​ដើមខែ​កុម្ភៈ និង​ដើមខែ​មេសា​៕

(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​សៀវភៅ​ស្ដីពី ដំណាំ​ពោត​ផ្អែម ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម សហការ​ជាមួយ​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បោះពុម្ពផ្សាយ​ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ឆ្នាំ​២០១៧)

© រក្សាសិទ្ធិដោយ thmeythmey.com