កីឡាអន្តរជាតិ
អន្តរជាតិ
Rooney បង្ហាញខ្លួន​ឲ្យ DC United ចុងក្រោយ​ក្នុង​លទ្ធផល​បរាជ័យ​ធ្ងន់ធ្ងរ តែ​គ្រូ​នៅតែ​សរសើរ​
21, Oct 2019 , 5:06 pm        
រូបភាព
​មួយ​ប្រកួត​ចុងក្រោយ​របស់ Wayne Rooney នៅ​លី​គ​កំពូល​អាមេរិក (Major League Soccer) បាន​ត្រឹម​បរាជ័យ​ក្រោយ​ក្រុម​របស់ខ្លួន DC United ចាញ់ Toronto FC ៥-១​។ យ៉ាងណា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Manchester United រូបនេះ នៅតែ​ទទួលបាន​ការសរសើរ​ពី​សំណាក់​អ្នកចាត់ការ ថា​បាន​ជួយ​ក្រុម​លើសលុប​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុម​រយៈ​ពេល​ជិត​២​ឆ្នាំ​មកនេះ​។



Rooney ដែល​សព្វថ្ងៃ​មាន​វ័យ ៣៣​ឆ្នាំ នឹងត្រូវ​ត្រឡប់​ទៅកាន់​ទឹកដី​អង់គ្លេស​វិញ​ដោយ​ត្រូវ​ចូលរួម​ជាមួយ Derby County ក្រុម​ក្នុង​ក្របខណ្ឌ Championship នា​ខែមករា​ខាងមុខ ក្នុងតួនាទី​ជា​គ្រូបង្វឹក​ផង និង​កីឡាករ​ផង​។​

​លទ្ធផល ៥-១ ដែល DC United បរាជ័យ​ក្រោម​ថ្វី​ជើង​Toronto FC នៅ​វគ្គ play-off ជាការ​ប្រកួត​បញ្ចប់​អាជីព​របស់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅលើ​ទឹកដី​អាមេរិក​ផងដែរ​។ ប៉ុន្តែ​បរាជ័យ​ដ៏​ធ្ងន់ធ្ង​r​នេះ មិនបាន​ធ្វើ​ឲ្យ​អ្នកចាត់ការ​ក្រុម DC United លោក Ben Olson ខកចិត្ត​ឡើយ ផ្ទុយទៅវិញ​លោក​ថែមទៀត លើកសរសើរ​ពី​សមិទ្ធផល​របស់ Rooney ដែល​បាន​ជួយ​ក្រុម​កន្លងមក​។​


Wayne Rooney ជាមួយអ្នកចាត់ការទូទៅ DC United  លោក Ben Olson

«Rooney បាន​ជួយ​យើង​ច្រើនណាស់​។ នេះ​ជាការ​អះអាង​របស់​អ្នកចាត់ការ​សញ្ជាតិ​អាមេរិក Ben Olson ស្រប​ពេលដែល​អតីត​សមាជិក​ក្រុម​បិសាច​ក្រហម និង Everton រូបនេះ វិលត្រឡប់​ទៅ​អង់គ្លេស​វិញ​ក្រោយ​រួមរស់​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង Washington រយៈពេល ១៨ ខែ​។​

Rooney ដែល​ផ្លាស់​ពី Everton កាលពី​ឆ្នាំ​២០១៨ បានបង្ហាញ​ខ្លួន​ឲ្យ DC United ចំនួន​៤៨​ប្រកួត ក្នុងនោះ​ស៊ុត​បញ្ចូល​ទី​សរុប ២៣​គ្រាប់​។​

​សម្រាប់ Toronto FC ដែល​ទម្លាក់ DC United នៅ​វគ្គ​នេះ នឹងត្រូវ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម New York City FC នៅ​ថ្ងៃទី​២៣ ខែតុលា ដើម្បី​មានឱកាស​ទៅ​ប្រកួត​ដណ្តើមពាន MLS ដែល​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៩៕


Tag:
 Wayne Rooney
  DC United
© រក្សាសិទ្ធិដោយ thmeythmey.com