លោក មហា​ធៀ​៖ ប្រទេស​មានអំណាច​កាប់​ឈើ​អស់ រួច​ហាម​ប្រទេស​តូចៗ​កាប់​ឈើ​ដើម្បី​រស់​ទៅវិញ
អន្តរជាតិ
លោក មហា​ធៀ​៖ ប្រទេស​មានអំណាច​កាប់​ឈើ​អស់ រួច​ហាម​ប្រទេស​តូចៗ​កាប់​ឈើ​ដើម្បី​រស់​ទៅវិញ
21, Oct 2019 , 8:59 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២១ ខែតុលា បានលើកឡើង​ពី​ការមិន​ពេញចិត្ត​ចំពោះ​យុទ្ធនាការ​ប្រឆាំងនឹង​ការដាំ​ដូងប្រេង​របស់​ម៉ាឡេស៊ី​ពី​សំណាក់​សហភាព​អឺរ៉ុប​។ នាយករដ្ឋមន្ត្រី​រូបនេះ​បាន​មើលឃើញថា សកម្មភាព​បែបនេះ​នេះ​ជាការ​គាបសង្កត់​ដោយ​ប្រទេស​ដែល​ទទួលបាន​ប្រយោជន៍​ពី​សក្តានុពល​របស់​ម៉ាឡេស៊ី​។​



​ទំនាស់​លើ​បញ្ហា​ដូងប្រេង​រវាង​ម៉ាឡេស៊ី និង​សហភាព​អឺរ៉ុប​កើតឡើង បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​និយាយថា ម៉ាឡេស៊ី​បាន​កាប់​ព្រៃឈើ​ដើម្បី​យក​ដី​សំរាប់​ដាំ​ដើម​ដូង​យក​ប្រេង ដែល​សកម្មភាព​នេះ ជាការ​បំផ្លាញ​បរិស្ថាន​។ អឺរ៉ុប ក៏មាន​គម្រោង​កាត់បន្ថយ​ការ​នាំចូល​ដូងប្រេង​ពី​ម៉ាឡេស៊ី​ក្នុង​យុទ្ធនាការ​ការពារ​បរិ​ស្ថាន​របស់ខ្លួន​។

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ចាត់ទុក​ទង្វើ​របស់​អឺរ៉ុប​ជាការ​មើ់លងាយ​ពី​សំណាក់​ប្រទេស​មានអំណាច​។ ក្នុង​សន្និសីទ​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួ លោក មហា​ធៀ និយាយថា​៖ « ពួកគេ​បាន​កាប់​ព្រៃឈើ​ស្ទើរ​ទាំងអស់ និង​បាន​បដិសេធ​ការកាត់បន្ថយ​ការបញ្ចេញ​ជាតិពុល​ដែល​ប៉ះពាល់​បរិស្ថាន ឥឡូវ​ពួកគេ​បែរជា​មក​គាបសង្កត់​ប្រទេស​ក្រីក្រ​ដែល​កាប់​ព្រៃ​ដើម្បី​យក​ដី​សំរាប់​រស់នៅ​និង​ប្រកប​របប​សំរាប់​ចិញ្ចឹមជីវិត​ទៅវិញ​»​។

​គួររំលឹកថា ៤.៥​ភាគរយ​នៃ​ការនាំចេញ​សរុប​នៅ​ឆ្នាំ​២០១៨​របស់​ម៉ាឡេស៊ី​គឺ​ប្រេងដូង​។ ការបាត់បង់​ការនាំចេញ​ផលិតផល​នេះ អាចធ្វើ​ឲ្យ​ម៉ាឡេស៊ី​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ផងដែរ​។ មិនមែន​តែ​ម៉ាឡេស៊ី សូម្បីតែ​ឥណ្ឌូណេស៊ី ក៏​ជួប​បញ្ហា​ប្រឈម​ដូចគ្នា​ដែរ​។ អ្វីដែល​អឺរ៉ុប​បារម្ភ​នោះ គឺ​វិធីសាស្ត្រ​ក្នុង​ការរានដី បាន​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន ពិសេស​ការដុត​ព្រៃ​តែម្ដង ដែល​ធ្វើ​ឲ្យ​បញ្ហា​អ​ព្ទ​ខ្លាំង បន្ថែម​ពីលើ​បញ្ហា​នា​ន​ដូចជា ការ​សឹក​រេច​រិល​ដី និង​ការបាត់បង់​ព្រៃឈើ​នោះ​។

​ក្រៅតែពី​រឿង​ប្រេងដូង​នេះ លោក​មហា​ធៀ​ក៏បាន​លើកឡើង​ពី​សម្ពាធ​ដែល​អាច​កើតមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ផងដែរ​។ លោក​បាន​និយាយថា ប្រទេស​ម៉ាឡេស៊ី​គឺ​នៅ​ចំ​កណ្តាល​។ ក្នុង​ផ្នែក​សេដ្ឋកិច្ច​ម៉ាឡេស៊ី​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងពីរ ចំណែកឯ​ទីតាំង​ភូមិសាស្ត្រ​វិញ ប្រទេស​នេះ​ក៏​សិ្ថ​ត​នៅ​កណ្តាល​ប្រទេស​ទាំងពីរ​។ កត្តា​ទាំងនេះ​បាន​បង្ហាញថា​ម៉ាឡេស៊ី​អាចជា​គោលដៅ​នៃ​ការដាក់ទណ្ឌកម្ម​របស់​ចិន​និង​អាមេរិក​។

​ចិន​និង​អាមេរិក​សុទ្ធសឹងតែ​ដៃគូរ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ម៉ាឡេស៊ី​។ ក្នុងការ​បាត់បង់​ដៃគូ​រណា​មួយ ច្បាស់​ណាស់​ថា សេដ្ឋកិច្ច​ម៉ាឡេស៊ី​អាច​នឹង​ធ្លាក់ចុះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  លោក មហា​ធៀ លើកឡើងថា ដើម្បី​កុំអោយ​ទទួលរង​ការប៉ះពាល់​ខ្លាំង​ពី​មហាអំណាច​ទាំងពីរ ម៉ាឡេស៊ី​នឹង​ងាក​មក​សហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អោយបាន​ច្រើនជាង​មុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com