អន្តរជាតិ
ប្រមុខ​ការពារ​ជាតិចិន ព្រមាន​ថា គ្មាន​កម្លាំង​ណា​អាច​រារាំង​ការបង្រួបបង្រួម​របស់​ចិន​ឡើយ​
21, Oct 2019 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe ថ្លែងសុន្ទរកថានៅវេទិកាសន្តិសុខ «សៀងសាន ប៉េកាំង លើកទី ៩» នៅចន្ទ ២១ តុលា ២០១៩ ប្រភពរូប៖ Reuters
រដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe ថ្លែងសុន្ទរកថានៅវេទិកាសន្តិសុខ «សៀងសាន ប៉េកាំង លើកទី ៩» នៅចន្ទ ២១ តុលា ២០១៩ ប្រភពរូប៖ Reuters
ដោយ:
​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក វៃ ហ្វឹ​ង​ហឺ (Wei Fenghe) លើកឡើងថា ការដោះស្រាយ​បញ្ហា​តៃវ៉ាន់ គឺជា ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង​របស់​ប្រទេស​លោក ហើយ​ព្រមាន​ទៀតថា គ្មាន​កម្លាំង​ណាមួយ​អាច​រារាំង​ការបង្រួបបង្រួម​របស់​ចិន​បានឡើយ​។



​ថ្លែង​បើក​វេទិកា «​សៀង​សាន ប៉េកាំង លើក​ទី ៩» នៅ​ថ្ងៃទី​២១ ខែតុលា លោក វៃ ហ្វឹ​ង​ហឺ និយាយថា សកម្មភាព​បំបែក​ខ្លួន​គ្រប់​រូបភាព នឹងត្រូវ​បរាជ័យ​។ លោក បន្តថា​៖ «​ចិន គឺជា​ប្រទេស​ធំ​តែមួយ​លើ​ពិភពលោក ដែល​ពុំទាន់​បង្រួបបង្រួម​ទាំងស្រុង​»​។

​ដោយ​ពន្លះ​ចំៗ​ទៅ​តៃវ៉ាន់ ប្រមុខ​ការពារជាតិ​វ័យ​៦៥​ឆ្នាំ​រូបនេះ សង្កត់ធ្ងន់ ការដោះស្រាយ​បញ្ហា​តៃវ៉ាន់​ដើម្បី​ធ្វើ​ឲ្យ​ការបង្រួបបង្រួម​ពេញលេញ​របស់​ចិន​ក្លាយជា​ពិត គឺជា​និន្នាការ​ដែល​មិនអាច​ប្រកែក​បាន​, ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង​របស់​ចិន ,​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការដើរតាម និង​ជាការ​ចង់បាន​របស់​ប្រជាជន​ចិន​ទាំងអស់​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក វៃ ព្រមាន​ទៀតថា គ្មាន​នរណាម្នាក់ និង​កម្លាំង​ណាមួយ អាច​បញ្ឈប់​ការបង្រួបបង្រួម​ទឹកដី​ទាំងស្រុង​របស់​ចិន​បានឡើយ​។ ម្យ៉ាងទៀត លោក លើកឡើងថា ប្រទេស​ចិន​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​សន្តិភាព​ក្នុង​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ព្រមទាំង​ការ​បង្រួម​បង្រួម​ប្រទេស​ចិន​ទាំងមូល​ប្រកបដោយ​សន្តិភាព​ផងដែរ​។ ទោះជា​បែបនេះ​ក្តី បើតាម​លោក វៃ ចិន​នឹងមិន​អនុញ្ញាត​ជា​ដាច់​ខា​ច​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ ហើយក៏​មិន​បើកផ្លូវ​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​កម្លាំង​បរទេស​ណាមួយ​ផងដែរ​។ 

​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​ចិន​និង​តៃវ៉ាន់ កើនឡើង​កម្តៅ​កាន់តែខ្លាំង នៅ​មុនពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​តៃវ៉ាន់ នា​ដើមឆ្នាំ​២០២០​ខាងមុខ​។ កោះ​តៃវ៉ាន់​បាន​ស្តីបន្ទោស​ចិន​ចំពោះ​ការគ្រប់គ្រង​ផ្តាច់ការ និង​សម្រាប់​ការគំរាមកំហែង​ដល់​សន្តិភាព​ក្នុង​តំបន់ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឯណោះ​វិញ បានដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់ ដោយ​ប្រឡេះ​យក​សម្ព័ន្ធមិត្ត​ការទូត​ដែល​នៅ​សេសសល់​របស់​ក្រុង​តៃប៉ិ​ម្តង​មួយៗ​។

​ក្នុង​សារ​មួយ​ដែល​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង បានបញ្ជាក់​ជាថ្មី​នៅ​ដើម​ឆ្នាំនេះ ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​ដ៏​សំខាន់​របស់ខ្លួន ដែល​នឹង​វាយយក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​ដោយ​បង្ខំ ប្រសិនបើ​ចាំបាច់​៕

Tag:
 ចិន​
  តៃវ៉ាន់​
  Wei Fenghe
© រក្សាសិទ្ធិដោយ thmeythmey.com