អន្តរជាតិ
ស៊ី​លី​បន្ត​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ក្រោយ​មនុស្ស​៣​នាក់​ស្លាប់​ក្នុង​បាតុកម្មហិង្សា​
21, Oct 2019 , 10:19 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​អាជ្ញាធរ​ស៊ី​លី​បានសម្រេច​ពន្យារពេល​ប​ម្រាម​គោចរ​រយៈពេល​២​យប់​ជាប់ៗ​គ្នា នៅ​ថ្ងៃអាទិត្យ ២០ តុលា​។ ការបន្ត​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​បែបនេះ ធ្វើឡើង​ក្រោយ​មនុស្ស​៣​នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ដុត​ផ្សារ​ទំនើប​មួយកន្លែង ក្នុង​រលក​នៃ​ភាពចលាចល​ដ​ចេញពី​ការដំឡើងថ្លៃ​សេវា​ដឹកជញ្ជូន​សាធារណៈ​និង​បញ្ហា​វិសមភាព​សង្គម​។​



​ប៉ូលិស​និង​យោធា​ស៊ី​លី​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​កាណុង​បាញ់​ទឹក​ប្រឆាំង​បាតុករ ក្នុង​រដ្ឋធានី សាន់ត្យាហ្គោ ខណៈ​ការប៉ះទង្គិច​គ្នា​អូសបន្លាយ​ដល់​ថ្ងៃទី​៣​។ ប្រធានាធិបតី​ស៊ី​លី លោក Sebastian Pinera ដែល​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ក្នុង​តំបន់​៥​កាលពី​ថ្ងៃ​សុក្រ ព្រមទាំង​ដាក់ពង្រាយ​កងទ័ព​រាប់​រយ​តាម​ដងផ្លូវ​នោះ បានចេញ​មុខការ​ពារ​ចំណាត់ការ​នេះ​។​

«​លទ្ធិប្រជាធិបតេយ្យ ពុំ​ត្រឹម​តែមាន​សិទ្ធិ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​វា​មាន​កាតព្វកិច្ច​ការពារ​ខ្លួនឯង​ដោយ​ប្រើ​រាល់​មធ្យោបាយ​ទាំងអស់​ដែល​ប្រជាធិបតេយ្យ​ខ្លួនឯង​ផ្តល់​ឲ្យ និង​នីតិរដ្ឋ​ប្រយុទ្ធ​នឹង​អ្នក​ដែល​ចង់​បំផ្លាញ​វា​»​។ លោក​ប្រធានាធិបតី Pinera បញ្ជាក់​បែបនេះ នៅក្រោយ​ជំនួប​បន្ទាន់​មួយ​ជាមួយ​ក្រុមមន្ត្រី​ជាន់ខ្ពស់​ស៊ី​លី កាលពី​ថ្ងៃអាទិត្យ ពោល​គឺមាន​ប្រធានសភា ព្រឹទ្ធិ​សភា និង​ប្រធាន​តុលាការ​កំពូល​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​មហាផ្ទៃ និង​សន្តិសុខ​ស៊ី​លី Andres Chadwick និយាយថា ស្ត្រី​ពីរ​នាក់​ឆេះ​ស្លាប់​ក្នុង​ភ្លើង​បន្ទាប់ពី​ហាង​មួយ​ដែល​គ្រប់គ្រង​ដោយ​ហាង​លក់រាយ​អាមេរិក Walmart ត្រូវបាន​គេ​ដុត​នៅ​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​។ ចំណែក​ជនរងគ្រោះ​ទី​៣ ភេទ​ស្រី ដែល​អាជ្ញាធរ​អះអាងថា​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ រង​ការឆេះ​ខ្លោច​ដោយ​ភ្លើង​ប្រមាណ​៧៥​ភាគរយ​នៃ​តួខ្លួន​ទាំងមូល​។

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ស៊ី​លី ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​១០៣​ករណី​បាន​កើតឡើង​នៅ​ទូទាំងប្រទេស ដោយ​មនុស្ស​១៤៦២​នាក់​ត្រូវ​ចាប់ឃុំខ្លួន ដែល​ក្នុងនោះ ៦១៤​នាក់ គឺជា​បាតុករ​ដែល​ធ្វើ​សកម្មភាព​ក្នុង​រដ្ឋធានី សាន់ត្យាហ្គោ​។ ក្រុមបាតុករ​បាន​ដុត​ភ្លើង​កម្ទេច​ឡានក្រុង វាយបំផ្លាញ​ស្ថានីយ​ន៍​រថភ្លើង​ក្រោម​ដី និង​ហាង​ទំនិញ ព្រមទាំង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុង​ទីក្រុង​សាន់ត្យាហ្គោ និង​ទីក្រុង​ផ្សេងទៀត​។ 

​សេវា​ដឹកជញ្ជូន​សាធារណៈ​ស្ទើរ​ទាំងអស់​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ី​លី​ដែលមាន​ប្រជាជន​រស់នៅ​៧​លាន​នាក់ ត្រូវ​ផ្អាក​ដំណើរការ កាលពី​ថ្ងៃអាទិត្យ ខណៈ​ហាង​ទំនិញ​បិទទ្វា ហើយ​ជើងហោះហើរ​ជាច្រើន​របស់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សាន់ត្យាហ្គោ ត្រូវ​សម្រេច​លុបចោល​។ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ប្រធាន​ក្រុមហ៊ុន​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​រដ្ឋ Metro S.A លោក Louis de Grange បញ្ជាក់ថា ការបំផ្លិចបំផ្លាញ​យ៉ាង​សាហាវព្រៃផ្សៃ​លើ​សេវា​រថភ្លើង​ក្រោម​ដី​របស់​ក្រុង​សាន់ត្យាហ្គោ បាន​បង្ក​ការខូចខាត​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣០០​លាន​ដុល្លារ​។

​ដើមចម​នៃ​បាតុកម្ម​នេះ គឺ​ដើម្បី​ប្រឆាំង​ការដំឡើង​តម្លៃ​រថភ្លើង​ក្រោម​ដី ដែល​កើន​ពី​១,១៣ ទៅ ១.១៥ ក្នុងការ​ធ្វើដំណើរ​រយ​ពេល​មួយ​ម៉ោង​។ សម្រាប់​រឿងនេះ រដ្ឋាភិបាល អះអាងថា ការដំឡើង​នេះ កើតឡើង​ដោយសារតែ​តម្លៃ​ប្រេង​ឡើងថ្លៃ និង​រូបិយ​បណ្ណ​ក្នុងស្រុក​ចុះខ្សោយ​។ ទោះ​បែបនេះ​ក្តី ក្រុមអ្នកតវ៉ា បង្ហាញ​កំហឹង​ជុំវិញ​រឿង​វិសមភាគ​សង្គម និង​ប្រព័ន្ធ​សេដ្ឋកិច្ច​សេរី​របស់​រដ្ឋាភិបាល​។

​ក្រោយមក នា​ថ្ងៃ​សៅ​រ៏ ១៩ តុលា លោក​ប្រធានាធិបតី Pinera ព្រមស្តាប់​ការតវ៉ា​នេះ ដោយបាន​ប្រកាស​ផ្អាក​ការដំឡើង​តម្លៃ​សំបុត្រ​។ មេដឹកនាំ​រូបនេះ ទទួលស្គាល់ថា ក្រុមអ្នកតវ៉ា​នៅតាម​ដងផ្លូវ​មាន​មូលហេតុ​ល្អ​ដើម្បី​ធ្វើបាតុកម្ម ក៏ប៉ុន្តែ​លោក ក៏បាន​ស្នើសុំ​ឲ្យ​ពួកគេ​សម្តែង​ការតវ៉ា​ដោយ​សន្តិវិធី​។ ទោះជា​យល់ព្រម​ផ្អាក​ដំឡើង​តម្លៃ​រថភ្លើង​ក្រោម​ដី ក្រុមបាតុករ​នៅតែ​បន្តធ្វើ​កុបកម្ម និង​លួច​របស់របរ ក្នុង​ទីក្រុង សាន់ត្យាហ្គោ ។ ម្ល៉េះ​ហើយ រដ្ឋាភិបាល​លោក Pinera បានសម្រេច​ប្រកាស​រដ្ឋ​ក្នុង​ភាពអាសន្ន​។

​គួរ​បញ្ជាក់ថា ស៊ី​លី មាន​ចំណូល​ប្រចាំឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់​ដល់​ទៅ​២​ម៉ឺន​ដុល្លារ ដែលជា​តួលេខ​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាមេរិក​ឡាទីន ជាមួយ​កំណើនសេដ្ឋកិច្ច​រំពឹងទុក​សម្រាប់​ឆ្នាំនេះ ២,៥ ភាគរយ​និង​អត្រា​អតិផរណា​ត្រឹម ២​ភាគរយ​។ ប៉ុន្តែ​ពលរដ្ឋ​ស៊ី​លី ហាក់​មិន​សប្បាយចិត្ត​ជាមួយនឹង​គំរូ​សេដ្ឋកិច្ច ដោយ​រដ្ឋាភិបាល​បានធ្វើ​ឯកជន​ភាវូបនីយកម្ម​ស្ទើរតែ​ទាំងអស់​លើ​ការថែរក្សា​សុខភាព​និង​ការអប់រំ ។ ហើយ​ពេល​ជាមួយគ្នានេះ ការធ្លាក់ចុះ​ប្រាក់​សោធន និង​ការកើនឡើង​នៃ​តម្លៃ​សេវាកម្ម​ទូទៅ បានធ្វើ​ឲ្យ​បញ្ហា​វិសមភាព​សង្គម​ដែលមាន​ស្រាប់​ក្នុងប្រទេស​នេះ កាន់តែ​អាក្រក់​ថែមទៀត​៕

Tag:
 ស៊ី​លី​
  បាតុកម្ម​
  Sebastian Pinera
© រក្សាសិទ្ធិដោយ thmeythmey.com