ជាតិ
សិស្ស​ខ្មែរ​៥​នាក់ ទៅ​ប្រកួត​រ៉ូ​បូត ជាមួយ​បេក្ខជន​១៩០​ប្រទេស នៅ​ទីក្រុង​ឌូ​បៃ
21, Oct 2019 , 10:39 pm        
រូបភាព
រូបពីក្រសួងអប់រំ
រូបពីក្រសួងអប់រំ
​ភ្នំពេញ​៖ សិស្ស​៥​នាក់​នៃ​សាលា E2STM អមដោយ​គ្រូ​២​នាក់ ដែល​តំណាង​ឲ្យ​កម្ពុជា នឹងចូលរួម​ប្រកួត​រ៉ូ​បូត​ក្នុង​កម្មវិធី Robotic Olympiad លំដាប់​ពិភពលោក​ជា​លើកដំបូង​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ នា​ថ្ងៃទី​២១ ខែតុលា​។​



​បើតាម​ក្រសួង​អបរំ កម្មវិធី​ប្រកួត​នេះ មាន​បេក្ខជន​ចូលរួម​ពី​១៩០​ប្រទេស ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​។ ការប្រកួត​នេះ ផ្ដោតទៅលើ​ការប្រើប្រាស់​រ៉ូ​បូត ដើម្បី​សម្អាត​កាកសំណល់​នានា​នៅក្នុង​មហាសមុទ្រ​។​

​បេក្ខជន​ទាំង​៥​នាក់​នោះ បានបង្ហាញ​សមត្ថភាព និង​លក្ខណៈ​ទុកជាមុន នៅមុខ​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ ដែល​បាន​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ចំពោះ​យុវជន​ទាំង​៥​នាក់​នោះ មុននឹង​ពួកគេ ចេញទៅ​ប្រកួត នៅ​ថ្ងៃស្អែក​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន ក្រសួង​អប់រំ យុវជន និង កីឡា កំពុង​លើកកម្ពស់​ការយល់ដឹង​អំពី​វិស័យ​បច្ចេកវិទ្យា និង​លើកទឹកចិត្ត​យុវជន ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក ដែលជា​ផ្នែក​មួយ ក្នុងការ​លើកមុខ​មាត់​និង​កិត្តិយស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។

​សាលា E2STEM ដែលជា​អង្គការ​សិង្ហ​បុរី បាន​ធ្វើជា​ដៃគូ​ជាមួយ​ក្រសួង​អប់រំ​។ E2STEM ដែលមាន​ទីតាំងនៅ​វិទ្យាល័យ​ព្រះ​យុគន្ធរ រាជធានី​ភ្នំពេញ គឺជា​សាលា​បច្ចេកវិទ្យា​ថ្មី ដែល​គាំទ្រ​ក្រសួង​អប់រំ ក្នុងការ​កែទម្រង់​អប់រំ ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា​៕

Tag:
 រ៉ូ​បូត​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com