អន្តរជាតិ
ក្រោយ​រង​ការរិះគន់​ដូច​ព្យុះ លោក ត្រាំ លែងយក​ទីលាន​កូនគោល​ខ្លួន​ជា​កន្លែង​ជំនួប G7
21, Oct 2019 , 10:59 pm        
រូបភាព
ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្តូរ​ចិត្ត​ភ្លាមៗ​ក្នុងការ​ផ្លាស់ប្ដូរ​ទីតាំង​រៀបចំ​ជំនួប​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ ដែល​អាមេរិក​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២០ ។ តាមរយៈ Twitter លោក ត្រាំ សម្រេចចិត្ត​មិន​យក​ទីលាន​កូនគោល Trump National Doral រដ្ឋ​ផ្លរីដា ជា​កន្លែង​រៀបចំ​ជំនួប​ឡើយ ខណៈ​ប្រឈមមុខ​នឹង​ប្រតិកម្ម​ជុំ​ទិស​។​



​ត្រឹម​៤៨​ម៉ោង ក្រោយ​ការប្រកាស​យក​ទីលាន​កូនគោល Trump National Doral នៃ​រដ្ឋ​ផ្លរីដា​ជាទី​តាំងធ្វើ​ម្ចាស់ផ្ទះ​ជំនួប​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ លើ​លោក (G7) លោក ដូ​ណា​ល់ ត្រាំ បាន​ប្ដូរ​គម្រោង​វិញ​។ ការប្រកាស​យក​ទី​កម្សាន្ត​របស់ខ្លួន​ដើម្បី​ទទួលភ្ញៀវ​រដ្ឋ​បែបនេះ ធ្វើ​ឲ្យ​លោក ត្រាំ រង​ការរិះគន់​ខ្លាំងៗ​ថា បាន​ប្រើប្រាស់​មុខតំណែង​របស់​ខ្លួន​ដើម្បី​កេងចំណេញ​ពីរ​ដ្ឋ​។

​លោក​ប្រធានាធិបតី​បាន​សរសេរ​ការផ្លាស់ប្តូ​រ​ដ៏​បន្ទាន់​តាម​បណ្ដាញ​សង្គម Twitter ថា​៖ «​យើង​នឹង​លែង​ពិចារណា Trump National Doral ជា​ម្ចាស់ផ្ទះ​សម្រាប់ G7 នៅ​ឆ្នាំ ២០២០ ហើយ​។ យើង​នឹង​ចាប់ផ្តើម​ស្វែងរក​កន្លែង​ផ្សេងទៀត ដែល​អាចជា Camp David បើ​មានការ​បន្ទាន់​»​។ Camp David ជា​និវេសនដ្ឋាន​របស់​ប្រធានាធិបតី​អាមេរិក ហើយ​ដែល​ធ្លាប់​ទទួល​រៀបចំ​ជំនួប​ធំៗ និង​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​នាពេល​កន្លងមក​។

​សេត​វិមាន បាន​ការពារ​ការសម្រេច​ចិត្ត​ខ្លួន​ដែល​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់លោក ត្រាំ ផ្ទាល់​ធ្វើជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល​G7 បើទោះបីជា​មានការ​ប្រឆាំង​និង​មិន​ពេញចិត្ត​ក្តី​។ បើតាម​ទូរទស្សន៍ CNN អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Stephanie Grisham អះអាងថា Doral គឺជា​ទីតាំង​ដែល​នឹង​ចំណាយ​អស់​ទឹកប្រាក់​តិចជាង​កន្លែង​ដទៃ​។​

​ការធ្វើ​កិច្ចប្រជុំ​កំពូល​នៅ​ទីតាំង​ដែលជា​ទ្រព្យសម្បត្តិ​របស់លោក Trump បាន​បន្ថែម​នូវ​ការ​ប្រេះស្រាំ​យ៉ាងជ្រៅ​នៅក្នុង​ទំនាក់ទំនង​របស់​ប្រធានាធិបតី​ជាមួយ​សម្ព័ន្ធមិត្ត​មួយចំនួន​នៅក្នុង​សភា ខណៈ​ពួកគេ​បាន​ខកចិត្ត​រួចទៅហើយ​ជាមួយនឹង​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​ទាញ​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី​។​

​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី ត្រាំ ត្រូវបាន​គេ​គិតថា​ជា​អំពើពុករលួយ​និង​ការរំលោភ​រដ្ឋធម្មនុញ្ញ​។ សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​ម៉ា​សាជូ​សេត បាន​សរសេរ​នៅ​យប់​ថ្ងៃ​សៅរ៍​ថា G7 ប្រហែលជា​លែង​ធ្វើ​នៅ Trump National Doral ទៀតហើយ ប៉ុន្តែ​វា​នៅតែ​មិនអាច​បញ្ឈប់​ប្រជាជាតិ​បរទេស​ពី​ការបោះ​លុយ​ចូល​ហោប៉ៅ​របស់លោក​ត្រាំ ពី​ការចំណាយ​នៅ​សណ្ឋាគារ​របស់គាត់​នោះទេ​។​

© រក្សាសិទ្ធិដោយ thmeythmey.com