រថយន្ត
អន្តរជាតិ
ប៉ូលិស​អាល្លឺម៉ង់​ហាមឃាត់​រថយន្ត​ពណ៌​មាស ដោយសារ​ពន្លឺ​ចែងចាំង​ខ្លាំងពេក​
21, Oct 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​នា​ប្រតិបត្តិការ នៅតាម​បណ្តោយ​ផ្លូវ​ក្នុង​ក្រុង Dusseldorf កាលពីពេល​ថ្មីៗ​កន្លងមកនេះ ក្រុមប៉ូលិស​អាល្លឺម៉ង់ បាន​រកឃើញ​មិន​ប្រក្រតី​ជាច្រើន ក្នុងនោះ​មាន​រថយន្ត BMW X5 ពណ៌​មាស​មួយគ្រឿង​ផងដែរ​។ ពន្លឺ​ពណ៌​មាស​ភ្លឺ​ផ្លេក​ខ្លាំង  ជា​មូលដ្ឋាន​ដែល​នាំ​ឲ្យ​មានការ​ហាមឃាត់​ការធ្វើ​ចរាចរណ៍​។



​បុរស​ដើមកំណើត​កូ​សូ​វ៉ូ​ម្នាក់ ខកចិត្ត​យ៉ាងខ្លាំង ដោយ​ការតុបតែង​រថយន្ត​ពណ៌​មាស​របស់ខ្លួន មិន​ជាទី​គាប់ចិត្ត​របស់​មន្ត្រីប៉ូលិស​នៅ​ក្រុង Dusseldorf​។ រថយន្ត​របស់គាត់​ត្រូវបាន​ប៉ូលិស​ស្ទួ​ច​យកទៅ​ទុក និង​ហាមឃាត់​។ គាត់​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​៖ «​ប៉ូលិស​ចាត់ទុក​ខ្ញុំ​ដូចជា​ឧក្រិដ្ឋជន ប៉ុន្តែ​ខ្ញុំ​មិនមែនជា​ជើងកាង​នោះឡើយ​។ បើដូច្នោះ​មែន​នោះ ខ្ញុំ​ច្បាស់​ជា​គេចខ្លួន មិនមែន​ធ្វើដំណើរ​ក្នុង​ទីក្រុង​ដោយ​ជិះ​រថយន្ត​ពណ៌​មាស​បែបនេះ​ទេ​»​។​

​យោងតាម​ការអះអាងរ​បស់​អ្នកជំនាញ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង Dusseldorf បាន​បញ្ជាក់ថា ពន្លឺ​ពណ៌​មាស​នៅ​រថយន្ត នាំ​ឲ្យ​មាន​ចំណាំងផ្លាត​ខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​។​



​តាមពិតទៅ រថយន្ត BMW X5 នោះ មិនមែន​ស្រោប​ដោយ​មាស​ពិតប្រាកដ​នោះឡើយ ប៉ុន្តែ​ជាការ​ស្រោប​ប្លា​ស្ទិ​ក​ពណ៌​មាស ដោយ​ម្ចាស់​រថយន្ត​ត្រូវបាន​តម្រូវ​ឲ្យ​ដក​វា​ចេញ ប្រសិនបើ​គេច​ង់​បន្ត​បើករថយន្ត​នោះ​នៅលើ​ផ្លូវថ្នល់​។​

​បើតាម​សារព័ត៌មាន Stugarter Zeitung លោក Harald Schmidtke អ្នកជំនាញ​តុបតែង​រថយន្ត​នៅ​អាល្លឺម៉ង់ បាន​ថ្លែង​ប្រាប់ថា​ការ​ស្រោប​ពណ៌​មាស​លើ​រថយន្ត​ត្រូវ​ចំណាយ​ក្នុង​រង្វង់​ពី​២៥០០ ទៅ​៣០០០​អឺរ៉ូ​។ ដើម្បី​កុំ​ឲ្យ​មាន​ករណី​ហាមឃាត់​បែបនេះ កើតឡើង លោក​ចង់​ឲ្យ​មានការ​កំណត់​គោលការណ៍​ឲ្យ​បានច្បាស់លាស់​លើ​ការតុបតែង​រថយន្ត​។​

​ទីភ្នាក់ងារសារព័ត៌មាន​អាល្លឺម៉ង់ dpa ក៏បាន​បញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​នោះឡើយ ដែលមាន​ការហាមឃាត់​រថយន្ត​ពណ៌​មាស កន្លងមក ប៉ូលិស​ក្រុង Hamburg ក៏​ធ្លាប់​ហាមឃាត់​រថយន្ត Porsche Panamera ផងដែរ ដោយ​ម្ចាស់​រថយន្ត​សុទ្ធតែ​អត់​ដឹងថា ទង្វើ​របស់ខ្លួន​ខុស​នោះឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com