ជាតិ
សេដ្ឋកិច្ច
ហេតុអ្វីមេពន្ធដារ ចូលឆ្លើយសំណួរសាធារណជនដោយផ្ទាល់ ក្នុង Facebook Live ?
× ភ្នំពេញ៖ លោក គង់ វិបុល គឺជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលជាស្ថាប័នដ៏សំខាន់របស់រដ្ឋក្នុងការប្រមូលចំណូលថវិកាជាតិ។ នៅព្រឹកថ្ងៃទី២១ខែតុលានេះ លោកបានចូលខ្លួនឆ្លើយតបនឹងសំណួរអ្នកជាប់ពន្ធ និងសាធារណជនដោយផ្ទាល់ តាមរយៈកម្មវិធីស្ដីពីពន្ធដារកម្ពុជា ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុក (Facebook Live) របស់អគ្គនាយកដ្ឋានពន្ធដារ។
គ្មានពិធីករ គ្មានអ្នកសម្របសម្រួល លោក គង់ វិបុល ធ្វើគារវៈកិច្ចដោយផ្ទាល់ទៅសាធារណជន និងទទួលការហៅចូល ទទួលសារជាសំណួរ អានខំមិន (Comment) រួចឆ្លើយតបនឹងសំណួរទាំងនោះ។
លោក គង់ វិបុល បានប្រាប់សារព័ត៌មានថ្មីៗតាមខ្សែទូរសព្ទក្រោយបញ្ចប់កម្មវិធីផ្សាយផ្ទាល់ថា ការរៀបចំកម្មវិធីនេះឡើង ក៏ដូចជាការដែលលោកចូលខ្លួនឆ្លើយសំណួរសាធារណជននេះ គឺដើម្បីធ្វើឲ្យការផ្ដល់សេវាពន្ធដារកាន់តែល្អប្រសើរ។ លោកគូសបញ្ជាក់ដូច្នេះថា«ក្នុងគោលដៅ បង្កើននូវការពង្រឹងការផ្ដល់សេវាដល់អ្នកជាប់ពន្ធ ពង្រឹងការយល់ដឹងដល់អ្នកជាប់ពន្ធ ជារួមគឺពង្រឹងការផ្ដល់សេវាដល់អ្នកជាប់ពន្ធឲ្យបានល្អប្រសើរ ជាពិសេសផ្ដល់ព័ត៌មានផ្សេងៗទៀត»។
ប្រសាសន៍លោក គង់ វិបុល ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ៖
សំណួរជាទូទៅពីសាធារណជន គឺជាសំណួរបច្ចេកទេសក្នុងវិស័យពន្ធដារ ឬសំណួរអំពីនីតិវិធីពាក់ព័ន្ធការបង់ពន្ធ។ លោក គង់ វិបុល ដែលជាអ្នកទទួលសំណួរទាំងនោះ បានបន្តប្រាប់សារព័ត៌មានថ្មីៗថា លោកក្នុងនាមជាប្រធានអង្គភាពស្ថាប័នមួយ គឺត្រូវតែអាចក្ដោបក្ដាប់កិច្ចការក្នុងវិស័យដែលខ្លួនគ្រប់គ្រង។ លោកមានប្រសាសន៍ដូចនេះថា៖«ធម្មតា ខ្ញុំជាអ្នកដឹកនាំបច្ចេកទេសដែរ ប៉ុន្តែបើសិនជា ខ្ញុំដឹកនាំការដ្ឋានធ្វើការងារបច្ចេកទេសតែបើខ្ញុំអត់ដឹង ដឹកនាំគេម្ដេចនឹងកើត ដូចនេះហើយខ្ញុំត្រូវតែឆ្លើយ ហើយណាមួយចង់បង្រៀនមន្ត្រីយើងខ្ញុំដែរ ឲ្យចេះរបៀបធ្វើការប្រសើជាងមុន»។
នេះជាលើកទី២ហើយដែលលោក គង់ វិបុល ចូលខ្លួនឆ្លើយសំណួរក្នុងកម្មវិធីផ្សាយផ្ទាល់តាមហ្វេសប៊ុក។ តែក្រៅពីនេះ លោកក៏បានដោះស្រាយចម្ងល់របស់អ្នកជាប់ពន្ធតាមកម្មវិធីសិក្ខាសាលាមួយចំនួនក្នុងពេលកន្លងមកផងដែរ។ លោកបញ្ជាក់ថា ការបញ្ជ្រាបការយល់ដឹង និងដោះស្រាយចម្ងល់របស់អ្នកជាប់ពន្ធ គឺជាកិច្ចការមួយដើម្បីពង្រឹងនូវតម្លាភាពសម្រាប់អ្នកជាប់ពន្ធ និងពង្រឹងអភិបាលកិច្ចរបស់រដ្ឋាភិបាល។ លោកឲ្យដំណឹងថា លោកនឹងឆ្លៀតពេលដើម្បីចូលខ្លួនឆ្លើយសំណួររបស់សាធារណជននៅលើកក្រោយៗទៀត។
គួរបញ្ជាក់ថា ក្រៅពីលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំឲ្យមន្ត្រីបច្ចេកទេសតាមផ្នែកនីមួយៗ ជាអាទិ៍ផ្នែកពន្ធពាក់ព័ន្ធអចលនទ្រព្យ ចូលខ្លួនមកដោះស្រាយចម្ងល់ក្នុងកម្មវិធីផ្សាយផ្ទាល់តាមហ្វេសប៊ុក ជាបន្តបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com