បន្ទាប់ពី​ឈ្នះ​ខ្សែក្រវាត់​អធិរាជ​គុន​ខ្មែរ ឡៅ ចិ​ត្រា ដាក់​គោលដៅ​យក​មេដាយមាស​នៅ​ស៊ី​ហ្គេម​
ONE Championship
កីឡាជាតិ
ជាតិ
បន្ទាប់ពី​ឈ្នះ​ខ្សែក្រវាត់​អធិរាជ​គុន​ខ្មែរ ឡៅ ចិ​ត្រា ដាក់​គោលដៅ​យក​មេដាយមាស​នៅ​ស៊ី​ហ្គេម​
22, Oct 2019 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ជើង​ខ្លាំង​គុន​ខ្មែរ​វ័យក្មេង ឡៅ ចិ​ត្រា ដែល​កំពុង​កសាង​ឈ្មោះ​ល្បីល្បាញ​ក្នុងស្រុក និង ឆាក​អន្តរជាតិ​បានដាក់​គោលដៅ យក​មេដាយមាស នៅ​ស៊ី​ហ្គេម​លើក​ទី​៣០ ចុងឆ្នាំ ២០១៩​នេះ​ឲ្យ​បាន​។  ចិ​ត្រា ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធិ កាល​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ នៅ​ម៉ាឡេស៊ី​នោះ តាំងចិត្ត​ដូច្នេះ ក្រោយ​គ្រង​ខ្សែក្រវាត់​អធិរាជ​គុន​ខ្មែរ ISI របស់​ភី​អិន​អិន​នាពេល​ថ្មីៗ​នេះ​។



​ឡៅ ចិ​ត្រា ដែលមាន​បទពិសោធន៍​នៅ​សង្វៀន ONE Championship ម្ដង​នោះបាន​អះអាងថា​៖«​ខ្ញុំ​ចង់បាន​មេដាយ ហើយ ជា​មេដាយ​ខ្ពស់បំផុត​សម្រាប់​កម្ពុជា គឺ មេដាយមាស​ក្នុង​កម្មវិធី ប្រកួត Kickboxing​។ ខ្ញុំ​យល់ឃើញ​កម្លាំង​ដៃ​របស់ខ្ញុំ​ធ្ងន់​ជាង​មុន ខ្ញុំ​ត្រៀមខ្លួន​បានល្អ​ជាង​ស៊ី​ហ្គេម​លើក​មុន​នៅ​ម៉ាឡេស៊ី​»​។ ឡៅ ចិ​ត្រា ឈ្នះ​ខ្សែក្រវាត់​នៅ ភី​អិន​អិន តាមរយៈ​ការ​ផ្ដួល​កីឡាករ​ទាំង​នីមួយៗ ត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ បើ​គិត​ចាប់តាំងពី​ខែ ឧសភា រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ពាក់​កណ្ដាលខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ​។



​ចិ​ត្រា បាន​តាំងចិត្ត​រួចហើយ​ដោយ​ដាក់​ទិសដៅ​ដើរ​តាម​គន្លង​របស់​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ ឃីម ឌី​ម៉ា ឬ ឃុន ឌី​ម៉ា​។ ឌី​ម៉ា ជា​បុរស​ម្នាក់​គត់​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​វិញ្ញាសា Kickboxing​។​

​សិស្ស​គុន​នៃ​ក្លិប​ឆត្រយោង​៩១១ បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​ត្រៀមខ្លួន​បានល្អ ទាំង​ការហូបចុក តម​អាហារ និង ការហ្វឹកហាត់​។ ក្នុងនោះ ខ្ញុំ​តម​គ្រឿង​កំប៉ុង​ដែរ​ចៀសវាង​ការពិនិត្យ​ទៅ​ឃើញ​សារធាតុ​ប៉ូវ​កម្លាំង​។ ម្ហូបអាហារ​ខាង​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​...​គេ​ធ្វើ​ឲ្យ​ហូប​គ្រប់គ្រាន់​»​។



​គេ​នៅ​ចាំបាន​ថា ចិ​ត្រា មាន​ក្បាច់​ប្រកួត​ប្រដេញ​គ្នា ពេល​ចាញ់​ពិន្ទុ​កីឡាករ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី Ain Bin កាល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៧ ដោយ​រូបគេ​ដើរចូល​វ៉ៃ​បុក​រហូត ប៉ុន្តែ​បែរជា​ចាញ់​។  បែបណា​ក្ដី កូនសិស្សលោក ហង្ស ស៊ឺន បាន​រៀនសូត្រ និង មានបទពិសោធន៍​គ្រប់គ្រាន់​ដើម្បី​កែប្រែ​ឲ្យ​ល្អប្រសើរ​។ ក្រៅពីនេះ ប្អូនបង្កើត ឡៅ ស៊ី​ណាត និង ឡៅ ចន្ទ្រា ក៏បាន​ទទួល​បទពិសោធ​ន៍​ល្អ​ពី​កីឡាករ​ថៃ Superlek Kiatmoo9 ផងដែរ ពេល​រង​បរាជ័យ​នៅ​សង្វៀន ONE Championship កាល​ខែកុម្ភៈ នៅ​ប្រទេស​ថៃ​។  ជើងឯក​គុន​ខ្មែរ​នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន និង ភី​អិន​អិន  បាន​ហាត់​បង្កើន​ក្បាច់​ជើង ទម្ងន់ដៃ និង បង្កើន​ភាពរហ័សរហួន ក្រោយ​វ៉ៃ Superlek មិនត្រូវ​ដែល​បណ្ដាល​ឲ្យ​ចាញ់​ពិន្ទុ​។ 

​គួររំលឹកថា ឡៅ ចិ​ត្រា មានឈ្មោះ​ទៅ​ប្រកួត Kickboxing លើក​ទី​២​ក្នុងចំណោម​កីឡាករ ៥ នាក់​ផ្សេងទៀត ហើយ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានតែងតាំង​លោក ហង្ស ស៊ឺន ជា​គ្រូបង្ហាត់​កីឡាករ​គុន​ខ្មែរ​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​។ កាល​ឆ្នាំ ២០១៧ ឃីម ឌី​ម៉ា  បាន​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​ក្រោយ​ឈ្នះ កីឡាករ​ថៃ Chonlawit ខណៈដែល ឡៅ ចិ​ត្រា ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់ កីឡាករ​ម្ចាស់ផ្ទះ ម៉ាឡេស៊ី Ain Bin Kamaprudin ដោយ​ពិន្ទុ​។

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMAwww.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS​៕

© រក្សាសិទ្ធិដោយ thmeythmey.com