ជាតិ
សង្គមជាតិ
យុវជន១ពាន់នាក់នឹងចូលរួមរើសសំរាមនៅថ្ងៃបុណ្យអុំទូក លោក នេត្រ ភក្ត្រា និងក្រុមយុវជនក្រៀលកម្ពុជា រួមទាំងសមាភាពកញ្ញាឯកភពផែនដី២០២០ នៅក្នុងសន្និបាត«បរិស្ថានដ៏ធំប្រចាំឆ្នាំ២០១៩» កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩
× ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាចំនួន១ពាន់នាក់ នឹងរើសសំរាមនៅជុំវិញបរិវេណពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា។ នេះបើតាមការលើកឡើងរបស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និបាត និងពិព័រណ៍បរិស្ថាន ដែលស្តីពី«បរិស្ថានស្អាត កំណើនទេសចរណ៍» កាលពីថ្ងៃទី២០ ខែតុលា នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យុវជនទាំង១ពាន់នាក់ នឹងបំពេញបេសកម្មមួយនេះ ដើម្បីធ្វើឲ្យទីក្រុងមានភាពពណ៌បៃតង ដែលជាផ្នែកមួយផ្តល់ផាសុកភាពដល់ពលរដ្ឋ និងជួយទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តលេងនៅកម្ពុជាកាន់តែច្រើន។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏ជំរុញឲ្យស្ថាប័នទាំងអស់បង្កើនការផ្សព្វផ្សាយ ដាស់តឿន និងអប់រំឲ្យពលរដ្ឋមានស្មារតីទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងតម្រូវការពលរដ្ឋខ្លួនឯង ដែលចង់រស់នៅជាមួយបរិស្ថានបៃតង ដោយគ្មានសំរាមចោលពាសពេញទឹក-ដី។ លោកបញ្ជាក់ដូច្នេះថា៖«សំរាម និងកាកសំណល់ផ្សេងៗ គឺជាក្តីកង្វល់របស់វិស័យទេសចរណ៍។ សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ សូមប្រជាពលរដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀតដែលរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូនដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ»។
សម្រាប់លោក នេត្រ ភក្ត្រា ការចូលរួមបោសសំអាតបរិស្ថានរបស់ក្រុមយុវជន អាចជាគំរូមួយដល់ពលរដ្ឋឲ្យចេះគ្រប់គ្រងសំរាមរបស់ខ្លួនឯង។ លើសពីនេះ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សទាំងអស់ ត្រូវបានគេចាត់ទុកថា ជាអ្នកផ្តល់គំរូភាពដល់សិស្ស និងកុមារ ដើម្បីបណ្តុះពួកគេឲ្យថែរក្សាបរិស្ថាន និងចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ « កុមារទទួលបានការយល់ដឹងឆាប់រហ័ស កាលណាពួកគេយល់ពីបញ្ហានោះហើយ ពួកគេនឹងក្លាយជាផ្នែកមួយដែលគាំពារបរិស្ថាននៅសង្គម និងក្នុងសហគមន៍របស់ខ្លួន»។ នេះបើតាមការលើកឡើងរបស់លោក នេត្រ ភក្ត្រា។
លោក នេត្រ ភក្រា្ត បញ្ជាក់ថា កម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ហើយតម្រូវការរបស់ពលរដ្ឋក៏កាន់តែច្រើន ដែលជាហេតុនាំឲ្យមាននូវការប្រើប្រាស់ផលិតផលប្លាស្ទិកខ្លាំងឡើង។ បញ្ហានេះក្រសួងបរិស្ថានកំពុងតែគិតគូរនិងរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យកំណើនការប្រើប្រាស់ប្លាស្ទិកមានការថមថយ។
បើតាមអ្នកនាំពាក្យរូបនេះ ពលរដ្ឋម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជាប្រើប្រាស់ថង់ប្លាស្ទិកពី៤០ ទៅ៥២ថង់ក្នុងមួយសប្តាហ៍។ តួលេខនេះ អាចប៉ាន់ប្រមាណថា សំណល់ប្លាស្ទិកដែលគេប្រមូលបាន តាមរយៈបោសសំអាតតាមផ្លូវក្នុងខេត្តចំនួន៣ ក្នុងនោះរាជធានីភ្នំពេញ១៧,៣ភាគរយ ខេត្តសៀមរាប ២០,៧ភាគរយ និង៣៤ភាគរយ ក្នុងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាក្នុងមួយថ្ងៃមានសំរាមប្រមាណ១ម៉ឺនតោន។ បើគិតជាចំនួនមួយឆ្នាំវិញ មានប្រមាណ៤លានតោន។ ខេត្តដែលមមាញឹកនឹងការប្រមូលសំរាមច្រើនជាងគេក្នុងមួយថ្ងៃ គឺរាជធានីភ្នំពេញប្រមាណ៣០០០តោន ខេត្តព្រះសីហនុ៧០០តោន និងខេត្តសៀមរាប៤០០តោន៕
Tag:
យុវជន
សំរាម
បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com