Guardiola សារភាពថា Man City នឹងមិន​អាច​ឈ្នះ UCL រដូវ​កាល​នេះឡើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola សារភាពថា Man City នឹងមិន​អាច​ឈ្នះ UCL រដូវ​កាល​នេះឡើយ​
22, Oct 2019 , 8:59 am        
រូបភាព
​អ្នកចាត់ការ​ទូទៅ​លោក Pep Guardiola សារភាពថា​ក្រុម Manchester City ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ខ្លួន នឹងមិន​ឈ្នះ UEFA Champions League នៅ​រដូវ​កាល​នេះ​ទេ ប្រសិនបើ​កូនក្រុម​មិនចេះ​ដោះ​បញ្ហា​នៅ​ចំពោះមុខ​ឲ្យ​ចំ​គោលដៅ​ទេនោះ​។ Guardiola និយាយ​ដូច្នេះ​ក្រោយ Man City យកឈ្នះ Crystal Palace ២-០ ក្នុង​ក្របខណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​



​ខ្សែប្រយុទ្ធ Gabriel Jesus និង​ខ្សែបម្រើ David Silva ស៊ុត​ម្នាក់​មួយ​គ្រាប់​ឲ្យ​មេឃ​ខៀវ​ទទួល​ជ័យជម្នះ​លើ Crystal Palace នៅឯ​កីឡដ្ឋាន Selhurst Park ដើម្បី​នាំ​ក្រុម​របស់លោក Guardiola នៅ​រក្សា​ចំណាត់ថ្នាក់​លេខ ២ និង​បន្ថយ​គម្លាត​ក្រុម​កំពូល​តារាង Liverpool នៅត្រឹម​៦​ពិន្ទុ​។​

​បើ​ទោះ Jesus រកបាន​មួយ​គ្រាប់​ក្នុងជំនួប​នេះ​មែន ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ បាន​សម្គាល់​ឃើ​ថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២២​ឆ្នាំ​រូបនេះ ក៏បាន​ខកខាន​ឱកាស​រក​គ្រាប់​បាល់​ជាច្រើន​ផងដែរ​។​

«Jesus ក្មេង​ណាស់​។ យើង​ខកខាន​ឱកាស​ជាច្រើន​។ យើង​នៅតែ​ត្រូវការ​ការកែលម្អ​។ នៅពេល​និយាយ​អំពី​គោលដៅ​ឈ្នះ​ពាន Champions League យើង​នៅតែ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ទេ ... យើង​នៅតែ​ត្រូវការ​ការ​អភិ​វ​ឍ្ឍ​ន៍​បន្ថែម​»​។ លោក Guardiola ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដូច្នេះ​ក្រោយ​ចប់​ការប្រកួត​ក្របខ​ណ្ខ​លី​គ​កំពូល​អង់គ្លេស​នៅ​ថ្ងៃទី​១៩ ខែតុលា​។​
Man City កំពុង​នាំមុខ​ក្នុងនាម​ក្រុម​ស៊ុត​ច្រើនជាងគេ​ចំនួន​២៩​គ្រាប់ គិត​ត្រឹម​សប្តាហ៍​ទី​៩ រដូវ​កាល​នេះ ពោលគឺ​លើស​គ្រាប់​បាល់​របស់​គូប្រជែង Liverpool ចំនួន​៨​គ្រាប់​។ បើ​ទោះ​មាន​គ្រាប់​ស៊ុត​ច្រើន​មែន តែ​ក្រុម​លោក Guardiola រកបាន​តែ​១៩​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​លោក Jürgen Klopp រកបាន​ដល់​ទៅ​២៥​ពិន្ទុ​។ ហើយ​បើទោះបីជា​មានការ​រិះគន់​ក៏ដោយ​ក៏​លោក Guardiola បាន​និយាយថា​លោក​រីករាយ​ជាមួយនឹង​ការបញ្ជូន​បន្ត​។​

​សម្រាប់​ជំនួប​នៅ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​វិញ Man City នឹងត្រូវ​ទទួល​ស្វាគមន៍ Atalanta ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពូ​ល C នៅ​ថ្ងៃ​២៣ ខែតុលា​នេះ​។ អតីត​អ្នកចាត់ការ Barcelona និង Bayern Munich ពិតជា​មើលឃើញ​ពី​កង្វះខាត​គុណភាព​ប្រយុទ្ធ​របស់​កូនក្រុម​លោក​នៅពេល​កីឡាករ​អា​ហ្ស​ង់​ទីន Sergio Aguero អវត្តមាន​នោះ​។​

Guardiola សារភាពថា Jesus ត្រូវការ​អភិវឌ្ឍ​ខ្លួន ព្រោះ​មិនទាន់​ដល់​កម្រិត Aguero នៅឡើយ​។ ដូច្នេះ នៅពេល Aguero មាន​បញ្ហា​របួស​ក្រុម​នឹង​ពិបាក​មិន​ខាន​ក្នុង​ការសម្រេច​គ្រាប់​បាល់ និង​ពិបាក​នឹង​ប្រជែង​ពាន Champions Leageu បាន​នៅ​រដូវ​កាល​នេះ​៕

Tag:
 Manchester City
  UEFA Champions League
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com